(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ បានណែនាំសិក្ខាកាមដែលបញ្ចប់វគ្គបណ្ដុះបណ្ដាល ការស្រាវជ្រាវ និងស៊ើបអង្កេតបឋម ត្រូវបង្កើនការស្រាវជ្រាវ និងកំណត់មុខសញ្ញាឲ្យបានច្បាស់ ចំពោះជនអន្តោប្រវេសន៍ទាំងឡាយ ដែលលួចឆ្លងដែនខុសច្បាប់ បន្លំឯកសារឆ្លង និងជនបរទេសមានពិរុទ្ធ ដែលប៉ុនប៉ងយកប្រទេសកម្ពុជាជាកន្លែងលាក់ខ្លួន ដើម្បីរួចផុតពីការដាក់ទោសទណ្ឌរបស់ប្រទេសសាមី។
ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំមន្រ្តីនគរបាលជាសិក្ខាកាម ត្រូវយកចំណេះដឹង និងជំនាញដែលទទួលបាននេះ ទៅប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អង្គភាព និងមនុស្សទូទៅនៅក្នុងសង្គម ដោយត្រូវគោរពក្រមសីលធម៌ វិជ្ជាជីវៈ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើការងារ គោរពប្រតិបត្តិច្បាប់ឲ្យបានខ្ជាប់ខ្ជួន និងត្រូវមានអាកប្បកិរិយាល្អទាំងក្នុងការងារ និងការរស់នៅក្នុងសង្គម។
នាយឧត្តមសេនីយ៍អគ្គនាយក បានអះអាងថា កិច្ចការងារគ្រប់គ្រងជនអន្តោប្រវេសន៍លួចឆ្លងដែនខុសច្បាប់នេះ គឺជាកិច្ចការស្នូលដ៏សំខាន់ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីលើកកម្ពស់កិត្យានុភាព របស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស ដើម្បីបញ្ជូនជនបរទេសទាំងអស់នោះ ទៅប្រទេសដើមវិញ ដើម្បីអនុវត្តទោសទណ្ឌ ដែលពួកគេបានប្រព្រឹត្តិខុសនៅក្នុងប្រទេសកម្ពុជា។
ដើម្បីលើកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជា ក្នុងការគ្រប់គ្រងជនបរទេស នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានលើកទឹកចិត្ត មន្រ្តីនគរបាលអន្តោប្រវេសន៍ទាំងអស់ ត្រូវបន្តប្រពៃណីធ្វើការងារប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពគ្នា មានការទទួលខុសត្រូវ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្នុងបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ៕