(ភ្នំពេញ)៖ ខណៈប្រគេនទៀនព្រះវស្សាដល់វត្តទាំង១៥០ ទូទាំងរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានី បានណែនាំដល់អភិបាលខណ្ឌទាំងអស់ បន្តផ្សព្វផ្សាយបញ្ហានៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ឲ្យបានជាប្រចាំដល់ប្រជាពលដ្ឋក្នុងមូលដ្ឋាន ដើម្បីឲ្យពួកគេបានយល់ដឹង និងមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការការពារខ្លួន ក្រុមគ្រួសារ និងអ្នកដទៃនៅក្នុងសហគមន៍ផងដែរ។
លោក ឃួង ស្រេង ក៏បានណែនាំដល់សង្កាត់ទាំង១០៥ ចុះពិនិត្យមើលជាក់ស្តែងនៅតាមវត្តនីមួយៗនៅក្នុងមូលដ្ឋាន ក្រែងមានវត្តណាមួយជួបការខ្វះខាត សូមឲ្យយកចិត្តទុកដាក់ទំនុកបំរុង បើគ្មានលទ្ឋភាព សូមផ្តល់ព័ត៌មានអាជ្ញាធរខណ្ឌ និងក្រុង ដើម្បីចាត់វិធានការទាន់ពេលវេលា ដោយមិនទុកឲ្យវត្តណាមួយ ដាច់ចង្ហាន់ដោយអាជ្ញាធរមិនបានដឹងនោះឡើយ។
កម្មវិធីប្រគេនទៀនព្រះវស្សានេះ បានរៀបចំឡើងនៅក្នុងវត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) ក្នុងសង្កាត់គីឡូលេខ៦ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃសុក្រ ៦កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។
ជារៀងរាល់ឆ្នាំតាមគន្លងប្រពៃណីរបស់ព្រះពុទ្ធសានា លោក ឃួង ស្រេង និងលោកស្រី ជា ស៉ីណា អមដំណើរដោយមន្រ្តីក្រោមឱវាទសាលារាជធានីភ្នំពេញ បានប្រគល់ជូនដល់អភិបាលខណ្ឌទាំង១៤ ដើម្បីអភិបាលខណ្ឌបន្តប្រគេនទេយ្យទាន ទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ និងបច្ច័យ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅតាមវត្តចំនួន១៥០វត្ត ទូទាំងរាជធានីភ្នំពេញ ដើម្បីជួយទំនុកបំរុង និងបង្កលក្ខណៈងាយស្រសួលសម្រាប់ព្រះសង្ឃនៅរដូវវស្សានេះ។
ឆ្លៀតក្នុងឱកាសនោះ លោកបានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើឲ្យវិស័យពុទ្ធចក្រ និងអាណាចក្រមានការរីកចំរើនទន្ទឹមគ្នា ពិសេសពុទ្ធបរិស័ទមានជីវភាពធូធារ បានចូលរួមកសាងទីវត្តអារាមឲ្យមានការអភិវឌ្ឍយ៉ាងល្អប្រសើរ។ លោកបន្តថា សមិទ្ធផលដ៏មានតម្លៃទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ដោយតម្កល់អត្ថប្រយោជន៍ជាតិ និងប្រជាជនជាធំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទំាងអស់ បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលរបស់ជាតិយើងឲ្យបានគង់វង្ស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។
ក្នុងកម្មវិធីប្រគេនទានព្រះវស្សាទាំង១៥០វត្តនេះ ក្នុង១វត្តៗទទួលបានបច្ច័យ១០ម៉ឺនរៀល ទៀនវស្សា១គូ សាដក១កញ្ចប់ អង្ករ ចំនួន១០០គីឡូក្រាម ប្រេងមួយកាន ចំណុះ៣០លីត្រ ស្កស១បាវ ទំងន់២៥គីឡួក្រាម ទឹកដោះគោ ចំនួន១កេស ៤៨កំប៉ុង ទឹកក្រូច២កេស ទឹកបរិសុទ្ធ២កេស មី២កេស៕