(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងប្រាប់ទៅប្រធានគ្រប់គ្រង KFC សាខាកម្ពុជាក្រោម ទៅបង់ថ្លៃសេវាប្រមូលសំរាម ចំនួនជាង១លាន ៣សែនរៀល។ នេះបើយោងតាមលិខិតរបស់ សាលារាជធានីភ្នំពេញ ផ្ញើទៅប្រធានគ្រប់គ្រង KFC សាខាកម្ពុជាក្រោម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
បើតាមសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ការបង់ថ្លៃប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ គឺផ្អែកតាមថ្លៃសេវាសំរាម ដែលបានបង់កាលពីខែតុលា ឆ្នាំ២០១៩ ជាមូលដ្ឋាន។ ចាប់ពីខែមករា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញ សង្កេតឃើញថា KFC សាខាកម្ពុជាក្រោម នៅមានជាប់បំណុលសេវាប្រមូលសំរាមសរុប ១.៣០០.០០០រៀល។
បន្ថែមនឹងការជូនដំណឹងខាងលើនេះ សាលារាជធានីភ្នំពេញ ក៏បានព្រមានថា ក្នុងករណីខកខានមិនបានបង់ទូទាត់បំណុលសរុប តាមកាលបរិច្ឆេទខាងលើទេ KFC សាខាកម្ពុជាកម្ពុជា នឹងត្រូវ៖
* ១៖ កត់ត្រាជាបំណុល ហើយអនុវត្តន៍វិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មបណ្តោះអាសន្ន
* ២៖ អនុវត្តន៍វិធានការផ្សេងៗទៀត តាមការចាំបាច់៕