(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញប្រតិកម្មចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយក្យ ហៅកាត់ថា LDP ដែលបានធ្វើសកម្មភាពប្រមូលផ្ដុំសកម្មជនគាំទ្ររបស់ខ្លួននៅបរិវេណប្រាសាទអង្គរវត្ត ក្នុងន័យប្រើប្រាស់រូបភាពសម្បត្តិបេតិកភណ្ឌពិភពលោកមួយនេះ ដើម្បីកេងចំណេញនយោបាយសម្រាប់គណបក្សរបស់ខ្លួន។
ក្នុងសេចក្ដីប្រកាសរបស់អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ទង្វើរបៀបនេះគឺបានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រាសាទអង្គរជាខ្លាំង ដោយសារអង្គរជានិម្មិតរូបនៃភាពឧត្តុង្គឧត្តម សាមគ្គីភាព ឯកភាពជាតិ ជាពិសេសគឺជាតំណាងនៃដួងព្រលឹងជាតិខ្មែរផងដែរ។
ការយករូបភាពប្រាសាទអង្គរទៅពាក់ព័ន្ធនឹងសកម្មភាព ដើម្បីកេងចំណេញនយោបាយរបស់គណបក្ស ឬក្រុមណាមួយនោះ គឺជាទង្វើប្រាសចាកឆ្ងាយពីគុណតម្លៃរបស់អង្គរ ដែលជាមរតករបស់មនុស្សជាតិដ៏អស្ចារ្យ។ ម្យ៉ាងទៀត ការប្រមូលផ្ដុំគ្នារបៀបនេះ ក៏ជាការបំពាននឹងការណែនាំរបស់រាជរដ្ឋាភិបាល ដែលកំពុងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ផងដែរ។
អាជ្ញាធរជាតិអប្សរាក៏បានអំពាវនាវដល់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ត្រូវបញ្ឈប់រាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងយករូបភាពអង្គរទៅប្រើប្រាស់ ដើម្បីកេងចំណេញលើផ្នែកនយោបាយរបស់ខ្លួន៕