(កណ្ដាល)៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានព្រមានដល់ក្រុមឡានដឹកសារធាតុរ៉ែទាំងអស់ទូទាំងខេត្តកណ្ដាល នឹងរងពិន័យយ៉ាងធ្ងន់ធ្ងរ បើសិនណានៅតែព្រហើន មិនព្រមស្ដាប់តាមការណែនាំរបស់មន្ត្រីជំនាញ ហើយការផាកពិន័យនឹងធ្វើយ៉ាងម៉ឺងម៉ាត់បំផុតដោយផាករហូតដល់រៀងចាលតែម្ដង។
លោកស្នងការបានព្រមានម៉ាត់ៗយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំជាមួយអាជីវករធ្វើអាជីវកម្មដេប៉ូខ្សាច់ ជីករណ្ដៅដី ការដឹកជញ្ចូនខ្សាច់-ដី ថ្ម គ្រួស និងអ្នកលក់ដូរតាមចំណីផ្លូវ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅបរិវេណវត្តតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកស្នងការ បានលើកឡើងថា ក្រុមឡានណាដែលមិនគោរពតាមស្តង់ដា និងមិនមានបទដ្ឋានត្រឹមត្រូវ នឹងត្រូវនគរបាលចុះចាប់ភ្លាមៗ ហើយខាងនគរបាលគ្មានសិទ្ធិបិទអាជីវកម្មទេ ប៉ុន្តែបើសិនជាហ៊ានខុស នគរបាលនឹងចុះចាប់ដល់កន្លែងតែម្ដង ដោយគ្មានការយោគយល់ជាប់ជំពាក់វាក់វិននឹងលោកនោះទេ ។
លោកស្នងការបានបញ្ជាក់ថា បញ្ហាតៃកុងឡានបើកឈ្លើយ ព្រហើន បិទកញ្ចក់ ស៊ីផ្លេផ្អើលគេផ្អើលឯង នឹងត្រូវថ្មោងមិនខានឡើយ ហើយពិសេសការពិនិត្យមើលទៅឥរិយាបថក្រុមតៃកុងឡាន នឹងត្រូវរឹតត្បិតយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីអប់រំណែនាំក្នុងការបើកបរប្រកបដោយសុជីវធម៍ល្អលើដងវិថី។
ឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋលើកឡើងមក , លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត បានបង្ហាញពីគោលជំហរច្បាស់លាស់ និងយល់ព្រមទទួលយកសំណើទៅដោះស្រាយ ដោយមិនទុកឲ្យពលរដ្ឋមានការអាក់អន់ស្រពន់ចិត្តឡើយ ហើយធ្វើយ៉ាងម៉ឺងម៉ាត់ដល់អស់ក្រុមតៃកុងឡាន និងដេប៉ូខ្សាច់ ការដ្ឋានជីកដី ថ្ម ខ្សាច់ទាំងឡាយណាដែលហ៊ានល្មើស។
ទន្ទឹមនឹងនេះ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ទទួលបន្ទុកលើកិច្ចការនេះ ក៏បានប្ដេជ្ញាពីវិធានការចាត់ការចំពោះរាល់អាជីវកម្មសារធាតុរ៉ែទាំងឡាយណា ដែលនៅតែបំពានច្បាប់ បង្កការក្ដៅក្រហាយដល់ពលរដ្ឋ លោកនឹងចាត់ការតាមនីតិវិធីមិនខានឡើយ ដោយមិនទុកឲ្យបញ្ហានេះកាន់តែអាក្រក់ឡើងៗឡើយ។
លោកអភិបាលរងខេត្ត ក៏បានផ្ញើសារដល់ក្រុមដេប៉ូខ្សាច់ និងរាល់អាជីវកម្មសារធាតុរ៉ែទាំងអស់ ត្រូវចេះកែខ្លួនឡើង កុំចាំគេចាត់ការទើបមកជាសុំការយោគយល់ ប៉ុន្តែត្រូវគោរពចាប់ពីថ្ងៃនេះតទៅ ដើម្បីបង្កើតឱកាសរីករាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ។
គួរជម្រាបជូនថា ប្រជាពលរដ្ឋបានបន្ថែមថា ពួកគាត់មិនហ៊ានបដិសេធចំពោះពាក្យថា ការអភិវឌ្ឍនោះទេ ហើយក៏សាទរចំពោះការអភិវឌ្ឍដោយមិនអាចខ្វះខ្សាច់បាន ប៉ុន្តែអ្វីដែលសំខាន់ គឺសូមគោរពតាមច្បាប់ និងសូមអ្នកអនុវត្តន៍ច្បាប់ មេត្តាធ្វើការឲ្យហ្មត់ចត់ច្បាស់ៗផង និងចៀសវាងជំពាក់វាក់វិន ដែលនាំឲ្យការងារគ្មានប្រសិទ្ធភាព។
«ពិតណាស់សង្គមយើង គឺជាសង្គមកំពុងអភិវឌ្ឍន៍ ហើយការអនុវត្តន៍ច្បាប់ ក៏ត្រូវឲ្យមានប្រសិទ្ធភាពផងដែរ ខណៈការរឹតបន្តឹងចរាចរណ៍បាននិងកំពុងធ្វើឡើង ប៉ុន្តែបែរជាឃើញខាងឡានដឹកធំៗ បែជាពុំសូវប្រើកណ្ដាប់ដៃដែក ដូចប្រើមកលើប្រជាពលរដ្ឋសោះ ដែលនាំឲ្យពួកគាត់សែនឆ្ងល់ និងរំពឹងទុកថា អាជ្ញាធរពាក់ព័ន្ធ មិនមែនជាមន្ត្រីជើង១០តទៅទៀត»។ ពលរដ្ឋបញ្ជាក់។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មួយជួរផ្លូវ២១អា នៅក្រុងតាខ្មៅ មានដេប៉ូខ្សាច់១៦ដេប៉ូ ហើយដេប៉ូនីមួយៗមានម្ចាស់ជាមានអំណាច និងបុណ្យសក្ដិធំៗ ទើបបានជាពួកគេមិនសូវខ្លាចអាជ្ញាធរខេត្ត ឬអាជ្ញាធរពាក់ព័ន្ធនោះឡើយ ខណៈគេដឹងថាមនុស្សមួយចំនួន ទទួលបានលាភសក្ការៈជាថ្នូរនឹងភាពរលូនល្អនៃអាជីវកម្ម និងគ្មានការរំខានណាមួយ៕