(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា បានបន្តអំពាវនាវដល់ពលរដ្ឋឱ្យបន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះ។ លោកស្រីបញ្ជាក់ថា ឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែលយេីងមិនបានការពារខ្លួន វីរុសដ៏កាចសាហាវនេះនឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមបងប្អូនទាំងអស់បន្តការពារខ្លួន កុំភ្លេចវីរុសកូវីដ-១៩ នេះឲ្យសោះណា។ វីរុសដ៏កាចសាហាវនេះ មិនដែលភ្លេចយេីងទេ រងចាំតែមានឱកាស មានការធ្វេសប្រហែស និងឲ្យតែមានពេលចន្លោះតែមួយភ្លែតៗដែលយេីងមិនបានការពារខ្លួន វីរុសដ៏កាចសាហាវនេះនឹងអាចឆ្លងមកចូលខ្លួនយេីងហេីយណាបងប្អូន»។
លោកស្រីបានបន្តថា៖ «មានតែការការពារតាមវិធានការដែលបានណែនាំដោយក្រសួងសុខាភិបាលជារឿយៗមកហេីយនោះទេ ដែលអាចជួយបងប្អូន ចៀសផុតពីគ្រោះកាចចង្រៃនៃការចម្លងជំងឺកូវីដ-១៩នេះបាន។ សូមជូនពរបងប្អូនប្រជាពលរដ្ឋយេីងទាំងអស់ មានសុខភាពល្អ ចៀសផុតពីការចម្លងវីរុសកូវីដ-១៩ ជាពិសេសរួមគ្នាទប់ស្កាត់ឲ្យបាននូវរលកទីពីរនៃការចម្លងវីរុសដ៏កាចសាហាវ។ អរគុណច្រេីននូវការចូលរួមទាំងអស់គ្នា»។
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៩នាក់ថ្មីទៀត លើបងប្អូនខ្មែរ៨នាក់ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីប្រទេសឥណ្ឌូណេស៊ីត្រឡប់មកកម្ពុជា។ អ្នកជំងឺកូវីដ១៩ថ្មីទាំង៩នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្ស៊ី) រួចរាល់ហើយ។
គិតត្រឹមព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៩នាក់។ ក្នុងនោះ ១២៩នាក់ បានព្យាបាលជាសះស្បើយ ខណៈ១០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕