(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង លែន បានជ្រើសយកតារាចម្រៀងដ៏ល្បីល្បាញជួរមុខរបស់ប្រទេសកម្ពុជា គឺអ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ដំបូងបង្អស់របស់ក្រុមហ៊ុន។
លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន មានប្រសាសន៍ថា «ការជ្រើសយកអ្នកនាង ឱក សុគន្ធកញ្ញា ជាទូតសុឆន្ទៈ ទីមួយ មិនធ្លាប់មានសម្រាប់ ក្រុមហ៊ុន ជីប ម៉ុង លែន គឺដោយសារអ្នកនាង ឱក សុគន្ធកញ្ញា មានបំណងប្រាថ្នាចង់ឲ្យគ្រួសាររបស់អ្នកនាងទទួលបានភាពកក់ក្ដៅ ដូចគ្នានឹងទស្សនវិស័យរបស់ក្រុមហ៊ុន ជីប ម៉ុង លែន ដែលសាងសង់លំនៅឋានដ៏កក់ក្ដៅជូនអតិថិជនរបស់ខ្លួន»។
អ្នកនាង ឱក សុគន្ធកញ្ញា មានប្រសាសន៍ថា៖ «នៅពេលនេះ នាងខ្ញុំកំពុងមានគ្រួសារមួយដ៏កក់ក្តៅ តែក៏ត្រូវការលំនៅឋាន និងសហគមន៍រស់នៅដ៏កក់ក្ដៅផងដែរ។លំនៅឋាន របស់ក្រុមហ៊ុន ជីប ម៉ុង លែន ជាពិសេសនៅគម្រោង ហ្រ្គេនភ្នំពេញស៊ីធី គឺជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់នាងខ្ញុំ និងគ្រួសារនាងខ្ញុំ»។
តារាចម្រៀងរូបនេះបន្ថែមទៀតថា «នាងខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយខ្លាំងណាស់ ដែលត្រូវបានក្រុមហ៊ុន ជីប ម៉ុង លែន ដែលជាក្រុមហ៊ុនរចនាលំនៅឋានដ៏ស្រស់ស្អាត និងសាងសង់លំនៅឋានមានគុណភាពខ្ពស់ ជ្រើសរើសនាងខ្ញុំជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន»។
សន្និសីទព័ត៌មាន និងពិធីចុះកុងត្រាជាទូតសុច្ឆន្ទៈ រវាងក្រុមហ៊ុន ជីប ម៉ុង លែន និងអ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្នុងមណ្ឌលផ្សារទំនើប ណូរ៉ូ ម៉ល៕