(កំពង់ធំ)៖ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ ក្រោមនយោបាយឈ្នះៗ ជាមួយគ្នានេះយើងឃើញថា ហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងបានស្ថាបនាឡើង តាំងពីទីក្រុងរហូតដល់ជនបទ។
យ៉ាងណាមិញសម្រាប់ខេត្តកំពង់ធំ បានអភិវឌ្ឍ និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានជាម្រងក្រោមជំនួយ របស់រាជរដ្ឋាភិបាលពីការអភិវឌ្ឍទីជនបទឱ្យក្លាយជាទីប្រជុំជន ដែលជាតំបន់សមរភូមិប្រយុទ្ធរវាងកងទ័ពខ្មែរក្រហម និងកងទ័ពរដ្ឋាភិបាលដែលជាកន្លែងលំបាកបំផុត សម្រាប់បងប្អូនប្រជាពលរដ្ឋ។
លោក តាន់ វាសនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ធំ បានឱ្យដឹងថា ខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានស្ថាបនាផ្លូវទាំងនៅតំបន់ជនបទចុងកាត់មាត់ញក និងទីប្រជុំជននានា។ ដោយឡែកជាក់ស្ដែងស្ពានថ្មី ដែលដាក់សម្ពោធឱ្យប្រើប្រាស់ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ គឺជាចំណងដៃថ្មីមួយទៀត របស់រាជរដ្ឋាភិបាលដែលបានស្ថាបនាឡើងតាំងពីខែមិនា នឹងរួចរាល់នៅចុងខែឧសភា ឆ្នាំ២០២០ ប្រវែងប្រមាណបណ្ដោយ ១០ម៉ែត្រ និងទទឹង ៥.២ម៉ែត្រ ដែលបានតភ្ជាប់នៅចន្លោះផ្លូវក្នុងភូមិអណ្ដាស ទៅភូមិតាឡែកចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ ដែលពីមុនមកមិនធ្លាប់មានស្ពាននេះទេ ពេលនេះបានធ្វើឱ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។
ជាមួយគ្នានោះដែរលោក តាន់ វាសនា ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមជួយថែរក្សាសហការ នឹងចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមដងផ្លូវជាតិ សូមកុំចោលសំរាម ឬកាកសំណល់ផ្សេងៗ នៅលើដងផ្លូវ ឬនៅមាត់លូ ដែលជាហេតុឱ្យមានការរាំងស្ទះទឹក នៅពេលមានភ្លៀងធ្លាក់ ចាក់ដីខ្ពស់ជាងផ្លូវ និងកុំឱ្យដឹកលើសទម្ងន់។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ក៏ដូចជាប្រជាពលរដ្ឋដែលបានធ្វើដំណើរ មានការសប្បាយចិត្តជាខ្លាំង ដោយទទួលបានផ្លូវធ្វើដំណើរបានស្រួល ឆាប់រហ័សដែលកាលពីមុនធ្លាប់លំបាក ធ្វើដំណើរជាផ្លូវរទេះ ហើយទឹកលិចជាដើម។ ប្រជាពលរដ្ឋមានការគាំទ្រ ដល់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រទេសឱ្យមានការរីកចម្រើន៕