(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ថ្លែងអំណរគុណដល់ប្រជាការពារទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលបានចូលរួមដោយស្ម័គ្រចិត្តយ៉ាងសស្រាក់សស្រាំ ជាមួយកងកម្លាំងមានសមត្ថកិច្ច ក្នុងការការពារ រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដោយមិនខ្លាចនឿយហត់។
ការថ្លែងបែបនេះ របស់លោក ហ៊ុន ម៉ានី បានធ្វើឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល់ និងប្រគល់អំណោយជូនប្រជាការពារ ខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
លោក ហ៊ុន ម៉ានី បានថ្លែងយ៉ាងដូច្នេះថា «សូមថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាការពារដែលបានខិតខំប្រឹងប្រែងបំពេញការងារដោយមិនថា ក្តៅ ឬមានភ្លៀងឡើយ សំដៅធ្វើយ៉ាងណារក្សាឲ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ហើយនៅពេលមានបញ្ហាអ្វីមួយកើតឡើង បងប្អូនប្រជាការពារ ជាកម្លាំងជួរមុខ ក្នុងការទប់ស្កាត់នៅព្រឹត្តិការណ៍ទាំងនោះ»។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានអះអាងដែរថា ប្រជាការពារបានដើរតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងល្អជាមួយកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ ហើយប្រជាការពារ ជាកម្លាំងស្នូលដែលពីដើមឡើយ ពោលគឺក្រោយឆ្នាំ១៩៧៩ ប្រជាការពារភូមិ គឺជាកម្លាំងស្ម័គ្រចិត្តដែលមិនយកប្រាក់ខែនោះទេ។
បើតាមលោក ឃួង ស្រេង រហូតមកដល់បច្ចុប្បន្ននេះ ដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កម្លាំងប្រជាការពារត្រូវបានបញ្ចូលជាបុគ្គលិកជាប់កិច្ចសន្យា ដែលមានប្រាក់បៀវត្សចំនួន៦៥ម៉ឺនរៀល ហើយពិធីនេះទៀតសោត គឺជាការគិតគូរពីជីវភាពរស់នៅរបស់បងប្អូន ពីសំណាក់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា អំណោយដែលបានចែកជូនបងប្អូនប្រជាការពារនាពេលនេះ ក្នុងម្នាក់ៗទទួលបានអង្ករ១បាវ ស្មើនឹង១០គីឡូក្រាម, អាកុល៣ដបតូច ចំណុះ១០០មីល្លីលីត្រ, ម៉ាសចំនួន២០ម៉ាក, សាប៊ូដុំចំនួន៣ដុំ, ត្រីខចំនួន២កំប៉ុង ភេសជ្ជផ្អែមចំនួន១២កំប៉ុង និងដបថង់បរិស្ថានសម្រាប់វេចខ្ចប់១, ភេសជ្ជបាកាសចំនួន៣កំប៉ុង, ទឹកបរិសុទ្ធចំនួន៧ដប និងថវិកាចំនួន៥ម៉ឺនរៀល៕