(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាល នៃធនាគារពិភពលោក នៅថ្ងៃនេះ បានអនុម័តឥណទាន៩៣លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ «គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣» (LASED III) នៅប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ។
ធនាគារពិភពលោក បានឲ្យដឹងថា គម្រោងនេះ នឹងជួយបង្កើនសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី និងការទទួលបានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកសិកម្ម និងសង្គម សម្រាប់ប្រជាជនក្រីក្រគ្មានដី និងសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា។ ការជួយឲ្យកសិករខ្នាតតូច និងសហគមន៍ជនបទ មានលទ្ធភាពប្រើប្រាស់ដីធ្លី និងធនធានធម្មជាតិ តាមរបៀបមួយមានចីរភាព និងឋិតថេរយូរអង្វែង គឺជាផ្នែកស្នូលមួយ នៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនេះ រដ្ឋាភិបាលបានបង្កើតឡើង នូវក្របខណ្ឌច្បាប់សម្រាប់ ការធ្វើសម្បទានដីសង្គមកិច្ច ដែលពង្រីកសិទ្ធិកាន់កាប់ដីធ្លី សម្រាប់ជនក្រីក្រគ្មានដី នៅតាមទីជនបទ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល ក៏លើកកម្ពស់ផងដែរ នូវការផ្តល់សិទ្ធិកាន់កាប់ដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងពង្រីកសិទ្ធិរបស់ពួកគេ នៅក្នុងការកាន់កាប់ដីធ្លី។
ចាប់តាំងពីឆ្នាំ២០០៨មក គម្រោង LASED ជំហាន១ និងជំហាន២ ដែលទទួលបានការឧបត្ថម្ភ តាមរយៈធនាគារពិភពលោក បានគាំទ្រកម្មវិធីសម្បទានដីសង្គមកិច្ច ក្នុងគោលដៅជំរុញ ឲ្យមានការបែងចែកដីដល់ជនក្រីក្រ តាមដំណើរការមួយមានចីរភាព និងតម្លាភាពឈានទៅសម្រេចបានជោគជ័យ។
គម្រោងទាំងនេះ បានជួយដល់ការអភិវឌ្ឍផ្លូវជនបទ ការកសាងប្រព័ន្ធធារាសាស្ត្រខ្នាតតូច ការសាងសង់សាលាបឋមសិក្សា ប៉ុស្តិ៍សុខភាព ផ្តល់ការបណ្តុះបណ្តាល បច្ចេកទេស កែលម្អការដាំដុះ និងជួយគាំទ្រដល់ការបង្កើត ឲ្យមានសេវាកាន់តែច្រើនទៀត សម្រាប់កសិករ។
តាមរយៈគម្រោងទាំងពីរដំណាក់កាលមកនេះ កម្ពុជាបានបែងចែកដីធ្លីចំនួន១៧,០០០ហិកតា សម្រាប់សង់លំនៅឋាន និងធ្វើការដាំដុះ ដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី ចំនួនជាង៥,០០០គ្រួសារ ក្នុងនោះ មានជាង៣,៣៦០គ្រួសារ ទទួលបានបណ្ណកម្មសិទ្ធិដីធ្លីរួចហើយ។
លោកស្រី អ៊ីនហ្គូណា ដូប្រាចា នាយកគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា បានថ្លែងថា «លទ្ធភាពទទួលបានដីធ្លី និងការផ្តល់សេវា និងការបណ្តុះបណ្តាល បច្ចេកទេសកសិកម្ម ដើម្បីបង្កើនផលិតភាពកសិកម្ម ក៏ដូចជាការទទួលបានសេវាសាធារណៈល្អប្រសើរ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាជន ក្រីក្រដែលរស់នៅតាមទីជនបទ»។
លោកស្រីបន្ដថា គម្រោង LASED ជំហាន៣នេះ នឹងបន្តជួយរដ្ឋាភិបាលក្នុងការផ្តល់ដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារគ្មានដី និងគ្រួសារខ្វះដី និងធានាឲ្យមាន សន្តិសុខ ផ្នែកសិទ្ធិកាន់កាប់ដីធ្លីសម្រាប់សហគមន៍ជនជាតិដើមភាគតិច នៅតាមតំបន់គោលដៅរបស់គម្រោងនេះ»។ គម្រោង LASED ជំហាន៣ នឹងបន្តពង្រីក សមិទ្ធផល ថែមទៀត តពីគម្រោងជំហាន១ និងជំហាន២ នៅក្នុងការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច។
ការផ្តល់សិទ្ធិកាន់កាប់ដីធ្លី សម្រាប់សហគមន៍ជនជាតិដើមភាគតិច នឹងជួយគាំទ្រផងដែរ ដល់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លី របស់សហគមន៍ជនជាតិដើមភាគតិច ដែលកំពុងតែប្រព្រឹត្តទៅ ឲ្យបានឈានទៅចប់សព្វគ្រប់។
ជាមួយគ្នានេះ គម្រោងនឹងផ្តល់ជំនួយដល់បណ្តាសហគមន៍ ដែលបានបញ្ចប់ដំណើរការផ្តល់សិទ្ធិកាន់កាប់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច រួចរាល់ហើយ ផងដែរ។ គម្រោង LASED ជំហាន៣ នឹងគ្របដណ្តប់ទៅលើទីតាំង និងសហគមន៍ចំនួន៧១ នៅក្នុងខេត្តទាំងអស់នៃប្រទេសកម្ពុជា លើកលែងតែរាជធានីភ្នំពេញ។
គម្រោងនេះ នឹងជួយដល់ការកសាងផ្លូវលំជនបទ ប្រព័ន្ធធារាសាស្ត្រខ្នាតតូច សម្បទាផ្នែកផ្គត់ផ្គង់សេវទឹកស្អាត និងអនាម័យ អគារសាលារៀន ផ្ទះគ្រូបង្រៀន ប៉ុស្តិ៍សុខភាព និងមណ្ឌលសហគមន៍។ អ្នកទទួលផលថ្មី ពីកម្មវិធីដីសម្បទានសង្គមកិច្ច នឹងទទួលបានជំនួយសម្រាប់ការដាំដុះឆ្នាំដំបូងរបស់ខ្លួន ក្នុងនោះមានគ្រាប់ពូជផងដែរ។
គម្រោងនេះ នឹងផ្តល់ជំនួយបច្ចេកទេសផងដែរ ដើម្បីអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ផ្នែកអាកាសធាតុ បង្កើតសមាគមន៍កសិករ សម្រាប់ជាប្រយោជន៍ ដល់សកម្មភាពផលិតកម្មនិងទីផ្សារ និងដើម្បីគ្រប់គ្រងមូលនិធិសហគមន៍ សម្រាប់ពង្រីកសកម្មភាពសេដ្ឋកិច្ច នៅក្នុងមូលដ្ឋាន៕