(ព្រៃវែង)៖ ដើម្បីចូលរួមអបអរសាទរទិវាខួបលើកទី៦៩ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា «២៨ មិថុនា ១៩៥១ ‒ ២៨ មិថុនា ២០២០» ក្រុមការងារគណបក្សចុះជួយស្រុកបាភ្នំ បានធ្វើការប្រជុំបូកសរុបត្រួតពិនិត្យស្នាដៃការងាររបស់ខ្លួន ក្នុងឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅការងារ សម្រាប់ឆមាសទី២បន្តទៀត។
អង្គប្រជុំនេះដែលស្ថិតក្រោមអធិបតីភាព លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារស្រុកបាភ្នំ បានប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃសៅរ៍ទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សស្រុកបាភ្នំ ដោយមានការចូលរួមពីសំណាក់លោកស្រី អស់លោកជាអ្នកតំណាងរាស្រ្ត មន្ត្រីរាជការក្រសួង និងជាប្រធានក្រុមការងារប្រចាំឃុំទាំង ៩ ព្រមទាំងមន្ត្រីគណបក្សនៅថ្នាក់ស្រុក និងមូលដ្ឋានភូមិឃុំទាំងអស់សរុបចំនួនប្រមាណជាង ២៥០ នាក់។
ស្នាដៃលេចធ្លោប្រចាំឆមាសកន្លងមក គឺការផ្សារភ្ជាប់សុខទុក្ខជាប្រចាំ របស់ក្រុមការងារជាមួយប្រជាពលរដ្ឋ ពិសេសបងប្អូនដែលកំពុងជួបការលំបាកខ្វះខាត បណ្ដាលពីវិបត្តិកូវីដ១៩។ ផ្អែកលើមូលដ្ឋាននៃបទពិសោធន៍ស្នាដៃ ការងារកន្លងមក សម្រាប់ឆមាសខាងមុខក្រុមការងារ បានកំណត់ទិសដៅ និងការប្ដេជ្ញាចិត្តខិតខំជំរុញការងារចុះជាប់រួមសុខទុក្ខជាមួយមូលដ្ឋាននេះ ជាបន្តទៀត ដើម្បីរួមចំណែកឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងការជួយប្រជាពលរដ្ឋ ពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះឲ្យម្ចាស់ការពុះពារដោះស្រាយ ឲ្យបានរាល់ផលវិបាកនៃវិបត្តិកូវីដ១៩ សំដៅរក្សាប្រក្រតីភាពជីវភាពធម្មតាសាជាថ្មីឡើងវិញ។
ថ្លែងរំលឹកពីប្រវត្តិ ៦៩ ឆ្នាំរបស់គណបក្សប្រជាជនកម្ពុជា លោករដ្ឋមន្ត្រី ព្រុំ សុខា បានគូសបញ្ជាក់ថា គណបក្សយើង គឺជាមហាគ្រួសារមានគុណតម្លៃរួម ដែលជាស្នូលនៃសាមគ្គីភាពដ៏រឹងមាំ ឆ្លងកាត់ការលត់ដំ និងការលះបង់ដ៏ធំធេងគ្មានអី្វប្រៀប។ នេះជាកត្តាធានាឱ្យសមាជិកភាគច្រើនជាយុវវ័យរីកធំធាត់ ក្នុងគុណភាពប្រកបដោយគុណវុឌ្ឍិ និងពោរពេញដោយក្តីសង្ឃឹមទៅអនាគត។
ក្នុងឱកាសនោះ ក្រុមការងារឃុំក៏បានទទួលទៀនព្រះវស្សា និងទ័យទានដើម្បីយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាតាមវត្តទាំង ៤១ ក្នុងស្រុកភ្នំផងដែរ៕