(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ជានាយកសមាគមបេសកកម្មដំណឹងល្អ និងជាអនុប្រធានក្រុមការងារ ចុះជួយសង្កាត់ស្រយ៉ូវ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកអំណោយមនុស្សធម៌មួយចំនួន
ផ្តល់ជូនប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតចំនួន ៧០គ្រួសារ នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
លោក ខាន់ ខុន បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ។ លោកបានបន្តថា សំខាន់បំផុតបងប្អូនត្រូវថែរក្សាសុខសន្តិភាពស្ថិរភាព និងត្រូវទប់សង្គ្រាមផ្ទៃក្នុង មានតែខ្មែរគ្នាឯងទេដែលគិតពីខ្មែរ ហើយប្រទេសមហាអំណាចមិនដែលគិតពីខ្មែរនោះទេ ជាក់ស្តែងគឺមានតែបន្សល់ទុកនូវគ្រាប់បែក និងសោកនាដកម្មព្រាត់ប្រាស់ក្រុមគ្រួសារ។
លោក ខាន់ ខុន បានឱ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។
ជាមួយគ្នានេះដែរ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាពដោយបរិភោគទឹកស្អាត និងសម្អាតបរិស្ថានជុំវិញផ្ទះ ជៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោកបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋជាពិសេសការផ្ដល់នូវតម្រូវការប្រចាំថ្ងៃជូនពួកគាត់ដូចជាការដោះស្រាយលិខិតស្នាមផ្សេងៗ គឺត្រូវតែធ្វើឱ្យបានរហ័សទាន់ចិត្តប្រកបដោយតម្លាភាពត្រឹមត្រូវ និងអាកប្បកិរិយារួសរាយរាក់ទាក់ទន់ភ្លន់ទាំងនេះជាក្រមសីលធម៌របស់មន្ត្រី និងខិតខំធ្វើអំពើល្អបន្តទៀត ដើម្បីឱ្យប្រជាពលរដ្ឋមានការទុកចិត្តមកលើអាជ្ញាធរមូលដ្ឋានផងដែរ។ ម៉្យាងវិញតទៀតត្រូវចូលរួមលុបបំបាត់ទាំងស្រុងនូវការបង្កើតបនល្បែងស៊ីសង បញ្ហាគ្រឿងញៀន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីរក្សាឱ្យបាននូវភាពសុខសាន្តជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។
អំណោយដែលទទួលបានក្នុងមួយគ្រួសារមានអង្ករ ៣០គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ អាហារបំប៉ន៥កញ្ចប់៕