(ភ្នំពេញ)៖ ការធ្វើនយោបាយលើទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ដ៏រស់រវើករបស់កម្ពុជា បានធ្វើឱ្យកំណើនធ្វើដំណើរចេញចូលតាមផ្លូវអាកាសរបស់កម្ពុជាកាន់តែមមាញឹក។ ដែនដីកម្ពុជាដែលធ្លាប់តែស្ងប់ស្ងាត់ពីអតីតកាលបានក្លាយទៅជាកន្លែងចេញចូលរបស់មេដឹកនាំប្រទេសជាមិត្ត អ្នកវិនិយោគ ធុរជន និងអ្នកទេសចរលើពិភពលោកកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ឆ្នាំ២០១៩កន្លងទៅកម្ពុជាទទួលបានភ្ញៀវចេញចូលតាមផ្លូវអាកាសជាង ១១លាននាក់ និងការដឹកជញ្ជូនមានរហូតជិត ៨ម៉ឺនតោន។ ដើម្បីឆ្លើយតបនឹងកំណើនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាស និងដើម្បីឈានទៅការពង្រីកជើងហោះហើររបស់ខ្លួនទៅកាន់ពិភពលោកកាន់តែច្រើនទៀតនោះ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បាននិងកំពុងសាងសង់ព្រលានយន្តហោះអន្តរជាតិជាច្រើនបន្ថែមទៀត។
ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ស្រុកស្អាង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ គឺជាព្រលានយន្តអន្តរជាតិថ្មីមួយរបស់កម្ពុជា ដែលនឹងត្រូវដើរតួនាទីជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញរបស់កម្ពុជានាពេលបច្ចុប្បន្នក្នុងការទទួលអ្នកដំណើរលើពិភពលោក។
បន្ទាប់ពីបានចុះហត្ថលេខាដំណើរការគម្រោងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន កាលពីឆ្នាំ២០១៨កន្លងទៅនោះ ព្រលានយន្តហោះអន្តរជាតិបង្ហាញពីអនុភាពអាកាសចរណ៍នៅកម្ពុជានេះ បាននិងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក។
ព្រលានយន្តហោះអន្តរជាតិដែលមានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន CAIC ជាក្រុមហ៊ុនចម្រុះបង្កើតឡើងរួមគ្នាដោយ ក្រុមហ៊ុន OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា។ ព្រលានយន្តហោះនេះ ត្រូវបានរចនាប្លង់ឡើងដោយក្រុមហ៊ុន Foster & Partners ដែលជាក្រុមហ៊ុនរចនាប្លង់ដ៏ល្បីរបស់ចក្រភពអង់គ្លេស។
ផ្នែកសំណង់វិញគ្រប់គ្រងដោយក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ (China Construction Devotions III) ដែលទទួលបានសិទ្ធិសាងសង់ក្នុងទឹកប្រាក់ដេញថ្លៃប្រមាណ ៥៩៥លានដុល្លារអាមេរិក។ ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ជាក្រុមហ៊ុនសាងសង់ដ៏ល្បីមួយរបស់ចិន ធ្លាប់បានសាងសង់សំណង់ជាច្រើននៅក្នុងប្រទេសចិន រួមទាំងការសាងសង់មន្ទីរពេទ្យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលប្រើរយៈពេលត្រឹម៧ថ្ងៃផងដែរ។
លោក សាង ហាយហ្វឹង ប្រធានគ្រប់គ្រងគម្រោងសាងសង់នៃក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News បានសម្តែងក្តីរីករាយជាខ្លាំងចំពោះការទទួលបានសិទ្ធិសាងសង់ព្រលានយន្តហោះអន្តរជាតិ ដែលជាសំណង់ដ៏ធំសម្បើមមួយនៅក្នុងប្រទេសកម្ពុជា។
លោក សាង ហាយហ្វឹង បានថ្លែងបញ្ជាក់ថា «ខ្ញុំពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានមកធ្វើការនៅក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក្នុងប្រទេសកម្ពុជា។ នេះគឺជាគម្រោងធំជាងគេដែលក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបីបានទទួលនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាគម្រោងដែលឯកឧត្តមនាយករដ្ធមន្ត្រីចិន លី ខឺឈាង និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីកម្ពុជាចូលរួមជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាផងដែរ។ គម្រោងនេះពិតជាមានអត្ថន័យ និងសារៈសំខាន់ណាស់ចំពោះប្រទេសចិន និងកម្ពុជា»។
ប្រធានគម្រោងរូបនេះ បន្ថែមថា «ប្រទេសចិន និងកម្ពុជាមានទំនាក់ទំនងយ៉ាងល្អ និងជិតស្និទ្ធជាទីបំផុត ហើយសម្តេចតេជោនៅក្នុងប្រទេសចិនពិតជាទទួលបានការគោរពខ្លាំងណាស់ ដោយសម្តេចជាថ្នាក់ដឹកនាំទី១ បានធ្វើទស្សនកិច្ចក្នុងប្រទេសចិននាពេលដែលប្រទេសចិនកំពុងរងគ្រោះដោយជំងឺរាតត្បាតកូវីដ១៩ បានផ្តល់ការគាំទ្រយ៉ាងខ្លាំងក្លារបំផុតដល់ប្រទេសចិន។ ក្រោមការដឹកនាំដ៏វាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាក៏ទទួលបានជោគជ័យយ៉ាងខ្លាំង ដោយពេលនេះស្ថានភាពជំងឺកូវីដ១៩មានភាពធូរស្រាសជាខ្លាំង។ យើងខ្ញុំពិតជាមើលឃើញនូវឱកាសរីកចម្រើនរបស់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី»។
ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ពោលមានបណ្តោយប្រវែងប្រមាណ ៦.២គីឡូម៉ែត្រ និងទទឹងប្រវែងប្រមាណ ៤.២គីឡូម៉ែត្រ។ ព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជាដែលគ្រោងបញ្ចាប់ការសាងសង់ដំណាក់កាលទីមួយនាឆ្នាំ២០២៣នេះ នឹងត្រូវចំណាយថវិកាសាងសង់ប្រមាណ ១,៥០០លានដុល្លារអាមេរិក។
ក្រោមការរចនាប្លង់ឡើងដោយក្រុមហ៊ុន Foster & Partners របស់ចក្រភពអង់គ្លេស បូករួមជាមួយក្បូរក្បាច់រចនាបថដែលជាអត្តសញ្ញាណរបស់ខ្មែរនឹងធ្វើឱ្យអាកាសយានដ្ឋានអន្តរជាតិមានប្រណិតភាពកាន់តែអស្ចារ្យ។ ព្រលានយន្តហោះនេះ ក៏នឹងត្រូវបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាទំនើបជាច្រើនទៀតផងដែរ ដើម្បីផ្តល់សេវាចេញចូលរបស់អ្នកដំណើរកាន់តែងាយស្រួល។
ព្រលានយន្តហោះនេះនឹងត្រូវសាងសង់គន្លងផ្លូវសម្រាប់ចុះ និងឡើងផ្សេងគ្នា ហើយក៏មានការបែងចែកចំណតផ្សេងគ្នារវាងភ្ញៀវពិសេសជាថ្នាក់ដឹកនាំជាតិ និងពិភពលោក និងអ្នកដំណើរទូទៅ។
ដោយវាយតម្លៃទៅលើការរចនាប្លង់ ការៀបចំបំពាក់ប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ រួមទាំងទំហំផ្ទៃដីសាងសង់ដ៏ធំថែមទៀតនោះ លោក សាង ហាយហ្វឹង បានចាត់ទុកព្រលានយន្តហោះជាព្រលានយន្តលំដាប់កំពូលមួយនៅតំបន់អាស៊ីអាគ្នេយ៍។ លោកបានអះអាងថា ព្រលានយន្តហោះស្ថិតក្នុងចំណាត់ថ្នាកលេខ១ ឬលេខ២ ក្នុងចំណោមព្រលានយន្តហោះល្បីៗនៅតំបន់អាស៊ីអាគ្នេយ៍។
លោក ហាយហ្វឹង បានគូសបញ្ជាក់បែបនេះ «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលបានឌីសាញយ៉ាងល្អប្រណិត មានរូបរាងខាងក្រៅស្អាតខ្លាំងណាស់ ហើយសមស្របទៅនឹងវប្បធម៌របស់ប្រទេសកម្ពុជាថែមទៀតផង។ បើគិតត្រឹមបច្ចុប្បន្ននេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី គឺជាគម្រោងអាកាសយានដ្ឋានធំមួយក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន។ នៅពេលដែលសាងសង់រួចនឹងក្លាយជាច្រកចេញចូលយ៉ាងសំខាន់ក្នុងតំបន់ផងដែរ»។
លោកបន្តថា «អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងក្លាយជាអាកាសយានដ្ធានអន្តរជាតិ ដែលមានផ្ទៃក្រលាដ៏ធំមួយក្នុងតំបន់អាស៊ីអគ្នេយ៍នេះ ពីព្រោះអាចមានសមត្ថភាពទទួលអ្នកដំណើរបានយ៉ាងច្រើន។ ការងាររបស់ក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបីនៅក្នុងប្រទេសចិន ដោយរួមទាំងល្បឿនការងារ និងគុណភាពសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ពួកយើងពិតជាមានទំនុកចិត្តខ្លាំងណាស់ក្នុងការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីឱ្យមានគុណភាពល្អ»។
ជាមួយនឹងការទទួលបានឱកាសសាងសង់សំណង់ដ៏ធំនៅក្នុងប្រទេសកម្ពុជាជាលើកដំបូងនោះ ក្រុមហ៊ុនសំណង់វិស្វកម្មចិនទី៣ បានប្តេជ្ញាចិត្តមុតមាំសម្រេចឱ្យបានតាមគ្រោងទុកនៃសំណង់អាកាសយានដ្ឋានអន្តរជាតិនេះជាមួយស្តង់ដារគុណភាពអន្តរជាតិ។
លោក សាង ហាយហ្វឹង បានអះអាងបែបនេះ «ខ្ញុំគិតថាមនុស្សគ្រប់រូបរួមទាំងខ្ញុំ និងសហការីរបស់ខ្ញុំសុទ្ធតែមានកិត្តិយស និងអារម្មណ៍សប្បាយរីករាយដែលបានចូលរួមសាងសង់គម្រោងអាកាសយានដ្ធានអន្តរជាតិភ្នំពេញថ្មីនេះ ពួកយើងនឹងនៅទីនេះសាងសង់អាកាសយានដ្ឋានអន្តរជាតិមួយដែលមានគុណភាពល្អឥតខ្ចោះ»។
ព្រលានយន្តហោះភ្នំពេញថ្មីជាប្រភេទ 4F ដែលជាប្រភេទព្រលានយន្តហោះធំ អាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប និងអាចឱ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។ ព្រលានយន្តហោះនេះ ត្រូវបានរំពឹងថា អាចទទួលបានអ្នកដំណើរប្រមាណ ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ ៣០លាននាក់នៅឆ្នាំ២០៥០៕