(តាកែវ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងសហការី អមដំណើរដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញពិនិត្យដំណើរការសាងសង់អាគារសិក្សាអំណោយរបស់អតីតសពលោក ប៉េង ប៉ាត់ ស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។
ការចុះពិនិត្យអគារសិក្សា បានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈដែលអគារសិក្សា នៃវិទ្យាល័យ ហេង សំរិន ព្រៃល្វា ១ខ្នង កម្ពស់ ២ជាន់ ១២បន្ទប់នេះ បានសាងសង់រួចរាល់បានប្រមាណជាង ៨០%ហើយ។
លោកស្រីសង្ឃឹមថា អាគារសិក្សាថ្មីនេះនឹងបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ ដែលជាចំណុច គោលដៅគន្លឹះនៅ ក្នុងទស្សនៈវិស័យអភិវឌ្ឍន៍ យូរអង្វែងរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អ ប្រព័ន្ធអប់រំ ដើម្បីឲ្យសេវាអប់រំ កាន់តែជ្រាបចូលទៅដល់តំបន់ជនបទដែលពុំមានលទ្ធភាពក្នុងការទទួលបាននូវការអប់រំទូលំទូលាយ និងជាផ្នែកមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ក្នុងការកាត់បន្ថយនូវភាពក្រីក្រ។
ក្នុងឱកាសនោះលោកស្រីក៏បានជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កម្មករ កម្មការិនី សំណង់ ដែលបានសាងសង់សាលាដ៏ស្រស់ស្អាតនាពេលនេះ ជាពិសេស ក៏បានថ្លែងអំណរគុណដល់ លោកគ្រូ អ្នកគ្រូ ដែលបានយកចិត្តទុក្ខដាក់បង្រៀនសិស្សតាមអនឡាញ ក្នុងអំឡុងពេលកូវីដ១៩ និងសំណូមពរឲ្យបងប្អូនទាំងអស់គ្នា ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល៕