(ភ្នំពេញ)៖ ទីបំផុតលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានចៅក្រមសម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ក្រោមបទចោទប្រកាន់រំលោភដី សាធារណរបស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី នេះបើយោងតាមអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គុជ គឹមឡុង ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះ។
ការចេញដីកាឃុំខ្លួនលោក សេង សុវណ្ណារ៉ា ធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពាក់ព័ន្ធនឹងករណីរំលោភដីសាធារណ របស់រដ្ឋរាប់សិបហិកតា នៅខេត្តមណ្ឌលគិរី។
បើតាមលោក គុជ គឹមឡុង, លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះរាជអាជ្ញាចោទប្រកាន់ចំនួន៤ ដែលរួមមាន បទល្មើសឆរបោកមានស្ថានទម្ងន់ទោស, បទរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ, បទគំរាមកំហែងមិនឱ្យប្តឹងផ្តល់ និងបទកាន់កាប់អាវុធដោយខុសច្បាប់។
គួរជម្រាបថា លោក សេង សុវណ្ណារ៉ា ត្រូវបាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួន នៅរសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញ នៅពេលចូលទៅបំភ្លឺករណីរំលោភលើដីសាធារណៈរបស់រដ្ឋប្រមាណ១ពាន់ហិកតា នៅខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា លោក សេង សុវណ្ណារ៉ា ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់តំណែងពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩។
លោកក៏ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកតំណែងចេញពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរីផងដែរ។ ជាការកត់សម្គាល់ការសម្រេចដកលោក សេង សុវណ្ណារ៉ា ពីក្រុមការងារថ្នាក់ជាតិចុះជួយខេត្តមណ្ឌលគិរី បានកើតមានឡើងបន្ទាប់ពីផ្ទុះរឿងរ៉ាវពាក់ព័ន្ធការរំលោភយកដីរដ្ឋប្រមាណ ១ពាន់ហិកតា ស្ថិតនៅភូមិអន្ត្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី៕