(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ពីរនាក់ថ្មីទៀតហើយ។ អ្នករកឃើញកើតជំងឺកូវីដ១៩ថ្មីនេះ ទើបត្រឡប់មកពីប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅនេះ។
ក្រសួងសុខាភិបាល បានឱ្យដឹងថា បុរសជនជាតិខ្មែរដែលទើបរកឃើញជំងឺកូវីដ១៩នេះ ម្នាក់រស់នៅខេត្តត្បូងឃ្មុំ និងម្នាក់ទៀតរស់នៅខេត្តកណ្តាល។ បច្ចុប្បន្នពួកគេទាំងពីរនាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។
ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា ជើងហោះហើរដែលអ្នកទើបរកឃើញកើតជំងឺកូវីដ១៩នេះ មានអ្នកដំណើរសរុបចំនួន ១០៧នាក់ (ស្ត្រី ៣៨នាក់ និងបុរស ៦៩នាក់)។ អ្នកដំណើរអស់មានជនជាតិខ្មែរចំនួន១០៥នាក់ (ស្ត្រី ៣៦នាក់) និងជនជាតិម៉ាឡេស៊ីចំនួន ០២នាក់ (ស្ត្រី)។
ក្រសួងបន្ថែមថា អ្នកដំណើរជនជាតិខ្មែរចំនួន ១០៣នាក់ផ្សេងទៀត ដែលមានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវ បានបន្តស្នាក់នៅមណ្ឌលចត្តាឡីស័កជម្ពូន១ រាជធានីភ្នំពេញ (សម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ ថ្លៃសណ្ឋាគារ) ដើម្បីរង់ចាំការដឹកជញ្ជូនទៅបន្តធ្វើចត្តាឡីស័កនៅតាមបណ្ដាខេត្តដែលពួកគាត់រស់នៅ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកកើតជំងឺកូវីដ១៩សរុបចំនួន ១៤១នាក់។ ក្នុងនោះព្យាបាលជាចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១២នាក់៕