(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវការសង្ឃឹមជឿជាក់ថា ការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាជន នឹងធ្វើឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យលើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាក់ជាមិនខាន។
ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសារអបអរសាទរថ្ងៃគម្រប់ខួប៦៩ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសាររបស់សម្តេចយ៉ាងដូច្នេះថា «ខ្ញុំមានក្ដីសង្ឃឹមជឿជាក់ថា អាស្រ័យដោយការ ចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់រូប យើងពិតជានឹងទទួលបានជោគជ័យលើសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ»។
សម្តេចតេជោក៏បានអំពាវនាវដល់គណៈកម្មាធិការគណបក្សនៅគ្រប់ថ្នាក់ សមាជិក សមាជិកាគណបក្សគ្រប់រូប និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស ចូលរួមអនុវត្តឱ្យបានម៉ត់ចត់តាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល អំពីវិធានការនានា ដើម្បីបញ្ចៀសការឆ្លងជំងឺកូវីដ-១៩ ដល់បុគ្គលម្នាក់ៗ និងសហគមន៍ ព្រមទាំងរក្សាប្រក្រតីភាពនៃជីវភាព ផលិតកម្ម និងការងាររបស់ប្រជាជន។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា នៅក្នុងឆ្នាំនេះ ដោយសភាពការណ៍ជាតិ ត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជំងកូវីដ-១៩ ដែលកំពុងរាតត្បាតជាសាកលនៅគ្រប់ប្រទេសនោះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល បានសម្រេចផ្អាកការប្រារព្ធពិធីរំឭកខួបកំណើត គណបក្សនៅក្នុងឆ្នាំនេះសិន ដើម្បីប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនៃជំងឺកូវីដ១៩។
សូមជម្រាបថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញអ្នកជំងឺកូវីដ១៩ ពីរនាក់ថ្មីទៀត ធ្វើចំនួនអ្នករកឃើញកើតជំងឺកូវីដ១៩ នៅកម្ពុជាសរុបចំនួន ១៤១នាក់។ ក្នុងនោះព្យាបាលជាចំនួន ១២៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១២នាក់៕