(ភ្នំពេញ)៖ អភិបាលខេត្តក្រចេះ លោក វ៉ា ថន នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញនូវអ្វីដែលជាការរីកចម្រើន និងវឌ្ឍនភាពថ្មីៗ របស់រដ្ឋបាលខេត្តក្រចេះ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តក្រចេះ»។
*ការពង្រីកវិស័យកសិកម្ម និងវិស័យពាណិជ្ជកម្ម៖ ខេត្តក្រចេះមានផ្ទៃដីកសិកម្ម ដំណាំស្រូវប្រាំង និងស្រូវវស្សា ក្នុងឆ្នាំ២០១៩ អនុវត្តបានចំនួន៤៧,៧១៤ ហិកតា ស្មើនឹង១០១% នៃផែនការ ៤៧,០០០ហិកតា ទទួលបានផលស្រូវសរុប ១៥១,១៤១តោន ផ្គត់ផ្គង់តម្រូវការគ្រប់គ្រាន់ក្នុងខេត្ត និងសល់ស្រូវនាំចេញ ជារៀងរាល់ឆ្នាំថែមទៀត។
ខេត្តមានក្រុមហ៊ុនវិនិយោគដីសម្បទានសេដ្ឋកិច្ច ៤៩ក្រុមហ៊ុន លើផ្ទៃដី១៩៨,៩៧០ហិកតា ដាំដំណាំកៅស៊ូបានចំនួន ៨៣,១៨៤.៥៣ហិកតា (ដំណាំកៅស៊ូ លក្ខណៈគ្រួសារចំនួន ២២,០៧៦ហិកតា) ចេកអំបូងលឿងចំនួន ៣,០៦៦ហិកតា និងដំណាំផ្សេងៗ មាន៖ ដំឡូងមី ម៉ៃសាក់ កាស្យា និងអំពៅជាដើម។
ក្រៅពីនោះមានដំណាំជាលក្ខណៈគ្រួសាររួមមាន៖ ស្វាយចន្ទីចំនួន ៤៣,៩០០ហិកតា ម្រេចចំនួន៧៩៨ហិកតា ដំឡូងមីចំនួន ៦៦,៥០៩ហិកតា និងដំណាំរួមផ្សំ ជាច្រើនពាន់ហិកតាទៀត ជាមួយនឹងការពង្រីកបន្ថែមការចិញ្ចឹមសត្វ គោ ក្របី ជ្រូក មាន់ ទា និងបន្លែ។ល។ សំដៅធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើងជាលំដាប់។
ជាមួយនេះ ខេត្តមានក្រុមហ៊ុនមកវិនិយោគសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្ម ចំនួន០៣កន្លែង រួមមាន៖ រោងចក្រផលិតម្សៅដំឡូងមី ០២កន្លែង រោងចក្រផលិតស្កស ០១កន្លែង។ ខេត្តមានតំបន់សេដ្ឋកិច្ចពិសេស ០១កន្លែង លើផ្ទៃដី ៨១៨ហិកតា ស្ថិតនៅក្នុងស្រុកស្នួលវិនិយោគដោយក្រុមហ៊ុន យូ ប៊ី អ៉ី ស្នួល មកពីសាធារណៈរដ្ឋប្រជាមានិតចិន ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល បច្ចុប្បន្នកំពុងដំណើរការសាងសង់រោងចក្រ សហគ្រាស ចំនួន០៩ទីតាំង និងគម្រោងអភិវឌ្ឍន៍បន្តបន្ទាប់ទៀត។
*ការការពារធនធានធម្មជាតិ៖ ខេត្តក្រចេះ មានតំបន់ការពារធនធានធម្មជាតិ ០៦កន្លែង លើផ្ទៃដីសរុប៤០៤,០៥៩ហិកតា ស្ថិតក្នុងភូមិសាស្ត្រស្រុកស្នួល ស្រុកសំបូរ និងស្រុកព្រែកប្រសព្វ រួមមាន៖ ដែនជម្រកសត្វព្រៃ ព្រៃឡង់មានផ្ទៃដី ១០៤,១១៥ ហិកតា ដែនជម្រកសត្វព្រៃកែវសីមាមានផ្ទៃដី ៥៩,៣០១ហិកតា ដែនជម្រកសត្វព្រៃសំបូរមានផ្ទៃដី ៥០,០៩៣ហិកតា ដែនជម្រកសត្វព្រៃព្រែកប្រសព្វមានផ្ទៃដី ១២,៧៧០ហិកតា តំបន់ប្រើប្រាស់ច្រើនយ៉ាងសសរស្តម្ភ សត្វតោមានផ្ទៃដី ៨៣៥ហិកតា របៀងអភិរក្សជីវចម្រុះមានផ្ទៃដី ១៧៧,៧៨០ ហិកតា និងមានស្នាក់ការដែនជម្រកសត្វព្រៃ០៩កន្លែង។
*ការកសាងផ្លូវគមនាគមន៍៖ ខេត្តមានហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តសរុបប្រវែង ៩៨៨.៣៩គីឡូម៉ែត្រ ក្នុងនោះផ្លូវកម្រាលកៅស៊ូប្រវែង ៣៨៣.៧៦គីឡូម៉ែត្រ ក្រួសក្រហមប្រវែង ៥៩៦.១០គីឡូម៉ែត្រ ផ្លូវក្នុងក្រុងក្រចេះ (កៅស៊ូបេតុង) ប្រវែង៨.៥២គីឡូម៉ែត្រ ស្ពានចំនួន១០៩កន្លែង ស្មើនឹង៤,២៥១ម៉ែត្រ លូ៣៧៤កន្លែង ស្មើនឹង១៧,២៦៨ម៉ែត្រ នឹងដាឡូចំនួន៧៨កន្លែង ស្មើនឹង១,០៩៨ម៉ែត្រ។
បច្ចុប្បន្នកំពុងសាងសង់ផ្លូវក្រាលកៅស៊ូប្រវែង ២២.៨៧គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង ៣១៧ម៉ែត្រ លូមូល ជ្រុង ប្រវែង៤.៥៧គីឡូម៉ែត្រ និងថែទាំផ្លូវថ្នល់ជាប្រចាំ ៣៩ខ្សែ ប្រវែង៨១០គីឡូម៉ែត្រ។ ស្ថាបនាស្ពានបេតុងចំនួន ០៦កន្លែង ស្ពាន០៥កន្លែង លើកំណាត់ផ្លូវជាតិលេខ៧៣ ប្រវែង ៤៦០ម៉ែត្រ ជាជំនួយឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងស្ពានអណ្តែងដូន០១ កន្លែង លើកំណាត់ផ្លូវខេត្តលេខ ៣៧៧ក្នុងក្រុងក្រចេះ ប្រវែង ៣៦ម៉ែត្រ ទទឹង៨.២ម៉ែត្រ ចំណាយថវិកាចំនួន ៥៦១,២៥០ដុល្លារ ជាអំណោយរបស់ខេត្តប៊ិញយឿង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សម្រេចបាន៩០ភាគរយ។
*ការកសាងប្រព័ន្ធធារាសាស្ត្រដើម្បីគាំទ្រដល់ វិស័យកសិកម្ម៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ បានបំពេញការងារយ៉ាងសកម្ម ក្នុងតួនាទីជា សេនាធិការឲ្យក្រសួងធនធានទឹក និងឧតុនិយម និងរដ្ឋបាលខេត្ត បានជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ និងសំណង់សិល្បៈការនានា ក្នុងនោះ បានជួសជុលស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រ ៧២ប្រព័ន្ធ ប្រព័ន្ធស្រោចស្រប ១៨១ប្រព័ន្ធ ដោយគិតជារួមទំនប់ប្រវែង ៧៣,៤៨៥ ម៉ែត្រ ប្រឡាយមេប្រវែង ១៣៣,៩៣២ម៉ែត្រ ប្រឡាយរងប្រវែង ៦១,១៣៦ម៉ែត្រ សំណង់បង្ហៀរ ៤៦កន្លែង ទ្វារទឹក ៧៧កន្លែង និងលូ ៣៤៣កន្លែង។
ស្រោចស្របផ្ទៃដីទូទាំងខេត្តបាន ២៣,៨៩៧ហិកតា ស្មើនឹង ៥០,៨៤% នៃផែនការ ៤៧,០០០ហិកតា ដោយគិតទាំងស្រូវប្រាំង និងស្រូវវស្សា។ សហគមន៍កសិករប្រើប្រាស់ទឹក ៦៦សហគមន៍ ស្ថានីយ៍ជលសាស្ត្រ ០២កន្លែង និងអាងតម្រងទឹកភ្លៀង ០៨ស្ថានីយ៍។ ខេត្តបានសាងសង់ច្រាំងទន្លេ ចាប់ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ បានប្រវែង ២,៤៧៦ម៉ែត្រ។
*វិស័យធនធានរ៉ែ និងថាមពល៖ បច្ចុប្បន្នខេត្ត មានក្រុមហ៊ុន/អាជីករ មានអាជ្ញាបណ្ណសិក្សាស្រាវជ្រាវ និងធ្វើអាជីវកម្មធនធានរ៉ែ ៤០ក្រុមហ៊ុន ស្មើនឹង៤៦អាជ្ញាបណ្ណ។ ក្នុងនោះអាជ្ញាបណ្ណសិក្សាស្រាវជ្រាវរ៉ែលោហៈ ០៦ក្រុមហ៊ុន ស្មើនឹង០៧អាជ្ញាប័ណ្ណ បច្ចុប្បន្នបាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ តាមលក្ខខណ្ឌអាជ្ញាបណ្ណរបស់ក្រសួងរ៉ែ និងថាមពល, អាជ្ញាបណ្ណឧស្សាហកម្ម-អាជីវកម្មធនធានរ៉ែមាស ០១ក្រុមហ៊ុន ស្មើនឹង០១អាជ្ញាបណ្ណ, អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដា្ឋនវាយថ្ម ១៧ក្រុមហ៊ុន ១៩អាជ្ញាបណ្ណ និងអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ ១៦អាជីករ ស្មើនឹង១៩អាជ្ញាបណ្ណ។
ការងារថាមពល៖ ខេត្តក្រចេះ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញអាជ្ញាបណ្ណឲ្យអ្នកចែកចាយអគ្គិសនី ០៩ អាជ្ញាបណ្ណ រួមមាន៖ អគ្គិសនីក្រចេះ EDC ០១អាជ្ញាបណ្ណ ស្ថិតក្រោមការគ្រប់គ្រងផ្ទាល់របស់អគ្គិសនីកម្ពុជា ដែលមានប្រភពថាមពលអគ្គិសនីប្រើប្រាស់ពីអនុស្ថានីយ៍ក្រចេះ និងអគ្គិសនីឯកជនមាន ០៨អាជ្ញាបណ្ណ ត្រូវបានគ្របដណ្ដប់លើភូមិចំនួន ២១៤ភូមិ ស្មើនឹង៨២,៩៥% នៃភូមិសរុបចំនួន ២៥៨ ភូមិនៅទូទាំងខេត្ត។ មានបរិមាណអគ្គិសនីសរុបទូទាំងខេត្ត ១៥៨,៦៤២,៥៩៥ គីឡូវ៉ាត់ម៉ោង បើធៀបឆ្នាំ២០១៨ មាន១១៤,១៣២.៣៥៧គីឡូវ៉ាត់ម៉ោង កើនឡើង ៤៤,៥១០,២៣៨ គីឡូវ៉ាត់ម៉ោង ស្មើនឹង ២៨.០៧%។
*វិស័យទេសចរណ៍៖ វិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពសំខាន់ៗរបស់ខេត្ត ពិសេសខេត្តក្រចេះ មានសត្វផ្សោតទន្លេមេគង្គ មានសំណង់អគារវ័យចំណាស់ សល់ពីសម័យអាណានិគមនិយមបារាំង និងជាដែនដី ដែលពោរពេញដោយប្រវត្តិសាស្ត្រយូរលង់។ ដូច្នេះខេត្តបាននិងកំពុង យកចិត្តទុកដាក់ ជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ទាំង ១៩កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ០៥កន្លែង រមណីយដ្ឋានធម្មជាតិ ១៣កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ ០១កន្លែង។
ក្នុងនោះ ខេត្តបានខិតខំពង្រឹងសហគមន៍អេកូទេសចរណ៍ទាំង ០៥ កន្លែងរួមមាន៖ សហគមន៍អេកូទេសចរណ៍កោះទ្រង់ កោះផ្ដៅ កោះដំបង ជួរតាចោរក្រហមករ និងសហគមន៍អេកូទេសចរណ៍កោះសាមសិប ពិសេសការអភិរក្សអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ ដែលបច្ចុប្បន្នមានសត្វផ្សោតរស់នៅប្រមាណ ៨០ក្បាល កំពុងស្រូបទាញភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា និងកំសាន្ត មានកំណើនជារៀងរាល់ឆ្នាំ។
ជាក់ស្ដែងក្នុងឆ្នាំ២០១៩ កន្លងទៅនេះ មានភ្ញៀវចំនួន ៣៧៣,៦៩៦នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន ២៦,៨៧៨នាក់ កើនជាងឆ្នាំ២០១៨ មានចំនួន ៨៨៨នាក់ និងភ្ញៀវជាតិចំនួន ៣៤៦,៨១៨នាក់ កើនជាង ៤៩,៦១២នាក់។
*ការងារដោះស្រាយទំនាស់ដីធ្លី៖ ជាលទ្ធផលដំណោះស្រាយវិវាទដីធ្លី ស្ថិតក្នុងយន្តការគណៈកម្មការសុរិយោដី ៥៤ករណី និងក្រៅយន្តការ គណៈកម្មការសុរិយោដី ៩៨ករណី បានទទួលពាក្យបណ្តឹងសរុប ១៤៨ករណី ក្នុងនោះបានដោះស្រាយបញ្ចប់ ៨៣ករណី កំពុងដោះស្រាយ ៨១ករណី សុំដកពាក្យបណ្តឹងវិញ ០៨ករណី និងច្រានចោលពាក្យបណ្តឹង បន្ទាប់ពីស៊ើបអង្កេតខុសពីសមត្ថកិច្ច ០៩ករណី និងកំពុងដោះស្រាយ៤៨ករណី។
*វិស័យគ្រប់គ្រងរដ្ឋបាល សន្តិសុខ និងសណ្តាប់សាធារណៈ៖ សភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ មានសុវត្ថិភាព មានការចូលរួមសហការពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងមានស្មារតីទទួលខុសត្រូវរបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក។
គណៈបញ្ជាការឯកភាពខេត្ត បានធ្វើការប្រជុំអប់រំ ផ្សព្វផ្យាយការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងដាក់វិធានការយ៉ាងតឹងរឹង និងម៉ឺងម៉ាត់បំផុត។ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញភារកិច្ចការពារសន្តិសុខសង្គមបានល្អប្រសើរ។
ជាក់ស្តែងក្នុងឆ្នាំ២០១៩ បង្ក្រាបបទល្មើស ៤៥លើក ក្នុងនោះបទឧក្រិដ្ឋ ២៩លើក និងបទមជ្ឈឹម ១៦លើក។ បង្ក្រាបការជួញដូរគ្រឿងញៀន ៨១លើក បង្ក្រាបការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១០លើក ឃាត់ខ្លួនមុខសញ្ញា ៦៣នាក់ ស្រីម្នាក់ និងបានធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាលដើម្បីអប់រំបន្ត។ សណ្តាប់ធ្នាប់ចរាចណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៅតែជាបញ្ហាប្រឈម ចាំបាច់ត្រូវប្រមូលផ្តុំវិធានការដោះស្រាយឲ្យបានម៉ឹងម៉ាត់បន្ថែមទៀត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់មនុស្ស និងខូចខាតទ្រព្យសម្បត្តិរបស់ប្រជាជន៕
ឮ