(ភ្នំពេញ)៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតសភាចារ្យ សុខ ទូច បានស្នើឱ្យក្រសួងស្ថាប័នរបស់រដ្ឋ យកពាក្យថ្មីៗដែលខ្លួនបង្កើតឡើង ទៅពិភាក្សាជាមួយក្រុមប្រឹក្សាជាតិភាសាខ្មែរជាមុនសិន មុននឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។
លោកបណ្ឌិត សុខ ទូច បានស្នើបែបនេះក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាពរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា» នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ។
ក្នុងសន្និសីទនោះលោកបណ្ឌិត សុខ ទូច បានកត់សម្គាល់ថា មានក្រសួង ស្ថានប័នមួយចំនួនពេលបង្កើតពាក្យថ្មីដើម្បីប្រើប្រាស់ក្នុងវិស័យរបស់ខ្លួននោះ មិនបានឆ្លង មិនបានប្រឹក្សាជាមួយរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមប្រឹក្សាជាតិភាសាខ្មែរនោះទេ។ នៅពេលដាក់ឱ្យប្រើប្រាស់ធ្វើឱ្យសាធារណជនមួយចំនួនមើលមិនយល់ ចំពោះពាក្យថ្មីនោះ រហូតធ្វើឱ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋផងដែរ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា អ្នកវិទ្យាសាស្ត្រមិនមែនមានញាណដឹងគ្រប់សព្វនោះទេ អ្នកវិទ្យាសាស្ត្រត្រូវការគិត ត្រូវការដឹងមុន ត្រូវការឃើញមុន។ ដូច្នេះពាក្យថ្មីកាលណាវិទ្យាសាស្ត្រកាន់តែរីកចម្រើនពាក្យថ្មី ក៏កាន់តែរីកចម្រើនផងដែរ។
ដើម្បីចៀសវាងការប្រើពាក្យពេចន៍ខុស និងប្រជាពលរដ្ឋមិនយល់នោះ លោក សុខ ទូច ស្នើឱ្យស្ថាប័នទាំងអស់មុននឹងចេញអីត្រូវបញ្ជូនមកក្រុមប្រឹក្សាជាតិភាសាខ្មែរ ដើម្បីឱ្យបានដឹងពាក្យ ងាយស្រួលនឹងពន្យល់ បកស្រាយចំពោះមហាជនដែលចោទជាសំណួរមករាជបណ្ឌិត្យសភា។
ក្នុងសន្និសីទនេះលោកបណ្ឌិត សុខ ទូច ក៏បានអរគុណ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលតែងតែយកភាសាមកពិភាក្សាពិគ្រោះយោបល់ជាមួយរាជបណ្ឌិត្យសភាកម្ពុជាមុននឹងចេញពាក្យថ្មី។ ទន្ទឹមនឹងនេះ លោក សុខ ទូច បានរិះគន់ចំៗទៅលើលោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ មិនដែលពិភាក្សាជាមួយរាជបណ្ឌិត្យសភាកម្ពុជានោះទេ នៅពេលចេញពាក្យថ្មី។
ក្នុងសន្និសីទនាព្រឹកមិញនេះលោកបណ្ឌិត ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានបញ្ជាក់ពីប្រវត្តិ និងតួនាទីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរផងដែរ។ លោក ហ៊ាន សុខុម បានបញ្ជាក់ថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១១ បន្តពីគណៈកម្មាធិការជាតិភាសាខ្មែរ ដែលបានបង្កើតឡើងនៅឆ្នាំ២០០៧ និងក្លាយជាស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា នៅឆ្នាំ២០១៧។
លោកបន្តថា ក្រុមប្រឹក្សាជាតិភាសាខ្មែរមានតួនាទី និងភារកិច្ចចម្បងអភិរក្ស និងអភិវឌ្ឍការប្រើភាសា និងអក្សរខ្មែរ ប្រកបដោយនិរន្តរភាព ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិខ្មែរ និងពិនិត្យអនុម័តបច្ចេកសព្វដែលស្នើឡើង ដោយគណៈកម្មការបច្ចេកទេសទាំង១៧ ហើយនិងពិនិត្យអនុម័តបច្ចេកសព្ទផ្សេងទៀតដែលស្នើឡើងដោយក្រសួង ស្ថាប័ននានាផងដែរ និងមានការរៀបចំសិក្ខាសាលាក្នុងគោលដៅរកការឯកភាពសបើការប្រើភាសាខ្មែរ។ល។
លោកបណ្ឌិត ហ៊ាន សុខុម បានបន្តថា បច្ចុប្បន្ននេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបោះពុម្ពព្រឹត្តិបត្រចំនួន ១១លេខ និងសន្ទានុក្រមបច្ចេកទេសសព្ទចំនួន១១ រួមមាន៖ សទ្ទានុក្រមភាសាវិទ្យា និងអក្សរសិល្ប៍ វិទ្យាសាស្ត្រនយោបាយ និងការទូត ឈ្មោះប្រទេស រាជធានី រដ្ឋធានី វប្បធម៌ និងវិចិត្រសិល្បៈ វេជ្ជសាស្ត្រ និងកសិកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ភូមិវិទ្យា និងប្រវត្តិវិទ្យា វិទ្យាសាស្ត្រនសេដ្ឋកិច្ច វេជ្ជសាស្ត្រ ទស្សនវិជ្ជា និងសទ្ទានុក្រមប្រែប្រួលអាកាសធាតុ ដែលក្រសួងបរិស្ថាន បានស្នើសុំឱ្យក្រុមប្រឹក្សាជាតិភាសាខ្មែរពិនិត្យ និងអនុម័ត។
ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក៏បានបោះពុម្ពសៀវភៅវេយ្យាករណ៍ភាសាខ្មែរ ប្រព័ន្ធលេខ និងសមិទ្ធផលមួយចំនួនទៀត។ នៅឆ្នាំ២០២០នេះ ក.ជ.ភ.ខ. នឹងបន្ទបោះពុម្ពព្រឹត្តិបត្រចំនួនមួយលេខ សទ្ទានុក្រមចំនួនពីរ គឺសទ្ទានុក្រមអក្សរសិល្ប៍ សទ្ទានុក្រមគីមីវិទ្យា និងរូបវិទ្យា និងបោះពុម្ពសៀវភៅគោលនយោបាយជាតិស្ដី ពីភាសាខ្មែរផងដែរ។
ក្រៅពីលទ្ធផល និងការងារប្រចាំថ្ងៃខាងលើនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំពុងធ្វើការងារសំខាន់ៗពីរទៀត ដែលរាជរដ្ឋាភិបាលប្រគល់ឱ្យ គឺការធ្វើបច្ចុប្បន្នកម្មវចនានុក្រមភាសាខ្មែរ និងការរៀបចំអនុក្រឹត្យស្ដីពី ការគ្រប់គ្រងលើការប្រើភាសាខ្មែរនៅលើរូបសញ្ញា។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា បន្តសហការជាមួយក្រសួង ស្ថាប័ននានា ដើម្បីអភិរក្ស និងអភិវឌ្ឍភាសាខ្មែរ៕