(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងថា អគារទីស្តីការក្រសួងការពារជាតិថ្មី គឺជាគំរូមួយដែលនឹងឈានទៅមុខ ជាបន្តបន្ទាប់ទៀត ដែលជាសំណង់បំរើឱ្យយុទ្ធសាស្ត្រការពារជាតិ ដូចនេះក្រុមការងារសាងសង់អគារ ត្រូវខិតខំធ្វើយ៉ាងណាសាងសង់ ឱ្យបានរឹងមាំ ប្រើប្រាស់បានយូរអង្វែង ព្រោះថាវិស័យការពារជាតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ថែរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេចបានដឹកនាំគណៈប្រតិភូដោយមានការចូលរួមពី នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ រួមទាំងក្រុមការងារសាងសង់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ចុះត្រួតពិនិត្យពីវឌ្ឍនភាព នៃដំណើរការសាងសង់អគារទីស្តីការ ក្រសួងការពារជាតិថ្មី ដែលមានទីតាំងស្ថិតនៅទីស្តីការក្រសួងការពារជាតិចាស់។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណដល់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ក្រុងកម្មករ ដែលបានខិតខំក្នុងការសាងសង់ និងរៀបចំអគារទីស្តីការ ក្រសួងការពារជាតិថ្មីនេះ បានដោយរលូន និងបានជំរុញឱ្យក្រុមការងារសាងសង់ ខិតខំបន្តឱ្យបានហើយរួចរាល់ដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់ កងកម្លាំង ក្រោយៗទៀត។
ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានរំលឹកលើកឡើងពីការសាងសង់វិមានឈ្នះឈ្នះថានឹងរៀបចំសាងសង់នូវស្តូបអនុស្សវរីយ៍ឈ្នះឈ្នះ នៅពេលខាងមុខបន្តទៀតផងដែរ ហើយទាក់ទងនឹងកិច្ចការសំណង់ទាំងនេះដែរ ក្រុមវិស្វករ និងក្រុមការងារសាងសង់ទាំងអស់គឺត្រូវធ្វើយ៉ាងណា ក៏ដោយក្នុងកន្លែងនីមួយៗត្រូវធ្វើឱ្យបានល្អរឹងមាំ ប្រើប្រាស់បានយូរអង្វែង ដើម្បីបន្សល់ទុកសម្រាប់អ្នកជំនាន់ក្រោយបន្តទៀត។
សូមបញ្ជាក់ថា គម្រោងសាងសង់អគាររដ្ឋបាល-ទីស្តីការក្រសួងការពារជាតិថ្មីនេះ បានរៀបចំពិធីក្រុងពាលីសុំរុះរើអគារទីស្តីការក្រសួងចាស់នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៨។ នាយកដ្ឋានវិស្វកម្ម បានចាប់ដំណើរការរុះរើដោយចំណាយរយៈពេល១ខែ បានរួចរាល់នៅចុងខែមិថុនា ឆ្នាំ២០១៨។
ពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ដែលតាមគម្រោងផែនការមានរយៈពេល៣៦ខែ និងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១។ ដោយសារវិបត្តិកូវីដ១៩ ការសាងសង់ត្រូវបានស្នើរសុំពន្យាកិច្ចសន្យារយៈពេល៤ខែ ដូច្នេះការដ្ឋានត្រូវពន្យារហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ ទើបបានបញ្ចប់។
អស់រយៈពេល២ឆ្នាំកន្លងមកនេះ ជាលទ្ធផលសម្រេចបាន៖ សសរគ្រឹះ និងគ្រឹះជើងតាង ១០០%, ការងារគ្រឿងបង្គុំបេតុងសរសៃដែកសំណង់១០០%, ការងារគ្រឿងបង្គុំគ្រោងដំបូលដែក ៥០%, ការងារស្ថាបត្យកម្ម ១៥.៩%, ការងារតុបតែង ០.៦%, ការងារបណ្តាញទឹក, អគ្គិសនី, បណ្តាញពន្លត់អគ្គិភ័យ, ម៉ាស៊ីនត្រជាក់, ជណ្តើរយន្ត និងបណ្តាញផ្សេងៗទៀត ១២.៨% សរុបរួមសម្រេចបាន ៦០.៧%នៃផែនការរួមលឿនជាងផែនការ ៤.១%៕