(កណ្ដាល)៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា បានប្រាប់ទៅកងរាជអាវុធហត្ថដែលទើបនឹងតំឡើងឋានន្តរស័ក្ដិ ត្រូវយកបេះដូងស្មោះត្រង់មកបំរើសង្គមជាតិ បំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ សក្ដិសមជាមន្ត្រកងរាជអាវុធហត្ថដែលពោរពេញទៅដោយទឹកចិត្តជ្រះថ្លា ស្មោះត្រង់ និងមានកិត្តិយស។
ស្ថិតនៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិជូនយោធិន នៃកងរាជអាវុធហត្ថខេត្តកណ្ដាល នៅរសៀលថ្ងៃច័ន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ក៏មានការអញ្ជើញចូលរួមពីមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក កងវរអន្តរាគមន៍ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀតផង។
មេបញ្ជាការបានថ្លែងថា «កងកម្លាំងយើងត្រូវតែធ្វើការបំរើសង្គមជាតិយើង បំរើប្រជាពលរដ្ឋយើង ប្រកបដោយបេះដូងល្អបរិសុទ្ធ ប្រកបដោយគន្លងធម៌ ប្រកបដោយបេះដូងស្មោះត្រង់ ស្របពេលស្រុកទេសយើងកំពុងមានសុខសន្តិភាព កម្លាំងយើងត្រូវខិតខំបន្ថែម ការពារ រក្សាសន្តិសុខ សន្តិភាពជូនជាតិមាតុភូមិឱ្យបានល្អប្រសើរ ពិសេសការពារឱ្យបាន នូវសន្តិសុខក្នុងមូលដ្ឋានខេត្តកណ្ដាលនេះ ឱ្យមានប្រសិទ្ធភាពល្អបំផុត»។
មេបញ្ជាការបន្ថែមថា ទន្ទឹមនឹងបច្ចុប្បន្នភាពនេះនៃវីរុស COVID-19 បានវាយលុកពិភពលោកខណៈកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អឥតខ្ចោះក្ដី ក៏កម្លាំងយើងត្រូវតែមានការ ប្រុងប្រយ័ត្នខ្ពស់ និងចូលរួមផ្សាយដល់មូលដ្ឋានឲ្យមានការប្រុងប្រយ័ត្ននឹងជម្ងឺនេះ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
មន្ត្រីកងរាជអាវុធហត្ថដែលទើបនឹងឡើងតំណែងនៅគ្រានេះ ក៏បានឡើងប្ដេជ្ញាពីទឹកចិត្ត និងការចិត្តដាក់កាយបំរើជូនសង្គមជាតិមាតុភូមិ និងបំរើបងប្អូនប្រជាពលរដ្ឋឱ្យបានល្អឥតខ្ចោះផងដែរ៕