(កំពង់ចាម)៖ លោកស្រី ញូង ចរិយា អ៊ុនចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងលោកស្រី ប៉ាង ដានី អភិបាលរងខេត្តកំពង់ចាម និងសហការី នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បាននាំយកទៀនព្រះវស្សា និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃចំនួន២វត្ត គឺ វត្តគង់វង្សរង្ស៊ី (ហៅវត្ត កោះកុក) និងវត្តសន្សំកុសល្យកោះប្រាក់ ស្ថិតក្នុងឃុំកោះទន្ទឹម ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា បាននាំយកទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគ វេរប្រគេនដល់វត្តទាំង២វត្ត ជារួមមាន ផ្កាស្រស់ ៤កន្ត្រក់, សាដក់៨, អង្ករ ៨បេ, ទៀន ២គូ, ទឹកសុទ្ធ ២កេស, ទឹកក្រូច ៨កេស, ទឹកត្រី ១៥យួរ, ទឹកស៊ីអ៊ីវ ១៥យួរ, មី ១០កេស, ត្រីខ ១២យួរ, បច្ច័យកសាងវត្ត ៣,០០០,០០០រៀល និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ១,៦៤០,០០០រៀល។
សូមរំលឹកថា ក្នុងពិធីបុណ្យចូលព្រះវស្សា គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋខ្មែរដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា តែងតែប្រារព្ធធ្វើពិធីបុណ្យចូលព្រះវស្សា ដោយការដង្ហែទៀនវស្សា និងយកទេយ្យវត្ថុផ្សេងៗទៅប្រគេនព្រះសង្ឃនៅវត្តអារាមនានា ដើម្បីទទួលយកកុសលបុណ្យរៀងៗខ្លួន។
គួបញ្ជាក់ដែរថា ក្នុងវិស័យព្រះពុទ្ធសាសនាបានកំណត់ថា ពិធីចូលព្រះវស្សាបានចាប់ផ្តើមពីថ្ងៃ ១រោចខែ អាសាឍដល់ថ្ងៃ ១៥កើត ខែអស្សុជ ដែលមាន រយ:ពេល៣ខែ។ ការធ្វើបុណ្យប្រគេនទៀនព្រះវស្សានេះ គឺសំដៅលើការបំពេញកិច្ចឧបត្តម្ភ ចំពោះព្រះសង្ឃដែលបានគង់ចាំព្រះវស្សា អាស្រ័យដោយរដូវនេះជារដូវភ្លៀងធ្លាក់យ៉ាងជោគជាំ ធ្វើឲ្យភិក្ខុក្នុងពុទ្ធមណ្ឌល ទីវត្តអារាមមានការលំបាកក្នុងការនិមន្តចុះឡើង ហេតុនេះទើបព្រះពុទ្ធទ្រង់បញ្ញត្តិ ឲ្យភិក្ខុចូលព្រះវស្សា ចាប់តាំងពីពេលនោះ រៀងមកដល់ សព្វថ្ងៃនេះ។
នៅសម័យដើមការគង់ចាំព្រះវស្សា រយៈពេល៣ខែនេះ ដើម្បីឲ្យព្រះសង្ឃបានរួបរួមសាមគ្គីគ្នា ដើម្បីបដិបត្តិធម៌ព្រះពុទ្ធទាំង៩ម៉ឺន ៨ពាន់ព្រះធម្មក្ខន្នផងដែរ៕