(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងជំរុញឲ្យអាជ្ញាធរ ក្រុង ស្រុក មន្ទីរអង្គភាព និងសមត្ថកិច្ចជំនាញពាក់ព័ន្ធចូលរួមពិនិត្យ និងផ្តល់មតិយោបល់ ឬប្រមូលធាតុចូលតម្រូវលើ សេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ ដើម្បីធានាបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៅពេលយកទៅអនុវត្តជាក់ស្តែងតាមដែនសមត្ថកិច្ចរបស់ខ្លួន។
លោក ជាវ តាយ បានថ្លែងជំរុញបែបនេះនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ខណៈលោកដឹកនាំក្នុងកិច្ចប្រជុំ ស្ដីពីការពិនិត្យនិងចូលរួមផ្ដល់យោបល់លើសេចក្ដីព្រាង ច្បាប់ស្ដីពីសណ្ដាប់ធ្នាប់ សាធារណៈ នៅសាលប្រជុំសាលាខេត្តកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីវាគ្មិនអ្នកច្បាប់លោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ជាវ តាយ បានថ្លែងទៀតថា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈសង្គម គឺជាបញ្ហាសំខាន់សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចដែលជាអ្នកអនុវត្តច្បាប់ផ្ទាល់ ពិសេសរដ្ឋបាល ក្រុង ស្រុក និងឃុំសង្កាត់ ក្នុងគោលបំណងធានាការគ្រង់គ្រងសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ រក្សាសោភ័ណ្ឌភាព អនាម័យ បរិស្ថាន ភាពស្ងប់ស្ងាត់ សុវត្ថិភាពសង្គម រក្សាប្រពៃណីជាតិ និងសេចក្តីថ្លៃថ្នូររបសប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានបញ្ជក់ថា ដើម្បីធ្វើឲ្យប្រសើរឡើងលើសេចក្ដីព្រាងច្បាប់ស្ដីពី សណ្ដាប់ធ្នាប់សាធារណៈ មន្ទីរ អង្គភាពជំនាញ និងអាជ្ញាធរ ក្រុង ស្រុក កងកម្លាំងសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមពិនិត្យផ្ដល់យោបល់ក្នុងករណីយល់ថា សេចក្តីព្រាងច្បាប់នេះនៅខ្វះចន្លោះ រិតបន្តឹងពេកឬធូររលុងពេក ត្រូវបន្ថែមបន្ថយត្រង់ចំណុច ឬមាត្រាណាមួយជាដើម ដើម្បីឲ្យច្បាប់ថ្មីនេះស៊ីគ្នាទៅនឹងស្ថានភាពជាក់ស្ដែង ដែលបានជួបប្រទះក្នុងការអនុវត្តនៅមូលដ្ឋាន និងតាមជំនាញ នៃដែនសមត្ថកិច្ចរបស់ខ្លួនកន្លងមក ហើយមតិយោបល់ឬការកែតម្រូវ ឬបំពេញបន្ថែមត្រូវធ្វើឲ្យបាននៅមុនថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២០ ដើម្បីដាក់ជូនរាជរដ្ឋាភិបាលបន្ត។
លោក ឯក ឆេងហួត ក៏បានលើកឡើងដែរថា សេរីភាព និងសណ្តាប់ធ្នាប់ ត្រូវដើរទន្ទឹមគ្នា មិនអាចខ្វះខាងណាបានទេ។ ដូច្នេះសូមឲ្យអាជ្ញាធរ និងសមត្ថកិច្ច មន្ទីរអង្គភាព ជំនាញពាក់ព័ន្ធទាំងអស់ចូលរួមមតិយោបល់បន្ថែម តាមភាពជាក់ស្តែងដែលបានជួបប្រទះនៅក្នុងមូលដ្ឋាន ឬក្នុងកិច្ចការងាររបស់ខ្លួន។
លោកព្រះរាជអាជ្ញា បញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសណ្ដាប់ធ្នាប់សាធារណៈនេះមានចំនួន៨ជំពូក និង៤៨មាត្រា។ ក្រោយពីដាក់ឆ្លងរាជរដ្ឋាភិបាល និងសភាអនុម័ត រួចរាល់ហើយ ច្បាប់នេះនឹងចាប់អនុវត្តន៍មានវិសាលភាព រាល់សកម្មភាពដែលពាក់ព័ន្ធនឹងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕