(ស្វាយរៀង)៖ ប្រជាពលរដ្ឋខេត្តស្វាយរៀងជាច្រើននាក់ បាននាំគ្នាសម្រុកមកធ្វើការផ្លាស់ប្ដូរផ្ទេរកម្មសិទ្ធិរថយន្តរបស់ខ្លួន បន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់ឱសានវាទ ផ្ទេរកម្មសិទ្ធិពីម្ចាស់ដើម មកឲ្យអ្នកកាន់កាប់ប្រើប្រាស់ថ្មីត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីបញ្ចៀសកំហុសឆ្គងដោយប្រការ ណាមួយដែលច្បាប់បានហាមឃាត់ប្រើប្រាស់ យានយន្តមិនប្រក្រតី ក្នុងនោះដែរក៏មានពលរដ្ឋជាច្រើនបានមកត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួន នៅក្នុងខេត្តផងដែរ។
លោក ព្រំ ផូ ប្រធានការិយាល័យដឹកជញ្ជូន នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្វាយរៀង បានឲ្យដឹងនៅរសៀលថ្ងៃ៣០ ខែមិថុនា ឆ្នាំ២០២០នេះថា នៅក្នុងមួយរយៈពេលដែល ក្រសួង បានប្រកាសឲ្យម្ចាស់យានយន្តថ្មី មកកាត់ឈ្មោះប្ដូរសិទ្ធប្រើប្រាស់រថយន្តរវាងម្ចាស់ដើម និងអ្នកថ្មី ហើយបញ្ចប់ត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋក្នុងខេត្តនៅបន្តមកធ្វើការ ផ្លាស់ប្ដូរទទួលសិទ្ធិកាន់កាប់ប្រើប្រាស់រថយន្តថ្មី មានការកើនឡើងច្រើន ដែលពីមុន មិនធ្លាប់មាន ចំណែកការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ក៏មានការកើនឡើងផងដែរ។
លោកបានបញ្ជាក់ថា ជាលទ្ធផល ការផ្លាស់ប្ដូរទទួលសិទ្ធិកាន់កាប់ប្រើប្រាស់រថយន្តថ្មី ដែលប្រជាពលរដ្ឋបានមកស្នើរសុំរហូតមកដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ មានចំនួន៣៨៤គ្រឿង និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ដោយប្រើប្រាស់ម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង បានត្រួតពិនិត្យត្រឹមថ្ងៃទី១៥ ដល់៣០ ខែមិថុនា ឆ្នាំ២០២០នេះ ព្រមទាំងផ្តល់ជូនវិញ្ញាបនបត្រដល់យានយន្តសរុបចំនួន១,០២៨គ្រឿង ហើយការផ្លាស់ប្តូរផ្ទេរសិទ្ធិរថយន្ត ត្រូវសម្រាកសិនដោយធ្វើរបាយការណ៍ បញ្ជូនទៅក្រសួងសាធារណការណ៍ និងដឹកជញ្ជូន ចាំក្រសួងមានផែនការណ៍ យ៉ាងណានោះចាំទទួលជាក្រោយទៀត។
សូមបញ្ជាក់ថា ចំពោះការផ្លាស់ប្ដូរសិទ្ធិប្រើប្រាស់រថយន្តតមិនមានកំណត់ និងបង្ខំឲ្យត្រូវតែប្តូរនោះទេ តែបើពលរដ្ឋទាំងអស់គ្នាយល់ថាច្បាប់មានអនុភាពកម្រិតណាគួរទៅ ធ្វើការផ្លាស់ប្ដូរយកឈ្មោះថ្មីមកប្រើប្រាស់ផ្ទាល់ខ្លួនវាល្អជាង៕