(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការផ្តល់សេវាពន្ធដារ លើការប្រគល់ប័ណ្ណ សម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ និងធនាគារពាណិជ្ជ។
សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ បានបោះពុម្ពបណ្ណសម្គាល់ ការបង់ពន្ធមធ្យោបាយ ដឹកជញ្ជូន និងយានជំនិះ គ្រប់ប្រភេទ តាមការស្នើសុំ របស់ម្ចាស់យានយន្ត ដែលបានបង់កម្រៃសេវា ៥,០០០រៀល រួចរាល់ និងបានធ្វើការប្រគល់ជូន ម្ចាស់យានយន្ត បានមួយចំនួន។
ចំណែកម្ចាស់យានយន្តមួយចំនួនទៀត ពុំទាន់ទទួលបានបណ្ណនៅឡើយ ដោយមូលហេតុ ពុំអាចធ្វើការទំនាក់ទំនងម្ចាស់យានយន្តបាន និងពុំទាន់អញ្ជើញមកទទួល យកបណ្ណសម្គាល់នេះ ពីសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារពាណិជ្ជ ដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដូច្នេះ ដើម្បីសម្រួលដល់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដារ សូមជូនដំណឹងដល់ម្ចាស់យានយន្តទាំងអស់ ដែលបានស្នើសុំបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយ អញ្ជើញមកទទួលយកបណ្ណសម្គាល់នេះ នៅរៀងរាល់ម៉ោងធ្វើការ នៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬធនាគារពាណិជ្ជ ដែលលោក-អ្នកបានស្នើសុំ ធ្វើបណ្ណសម្គាល់ខាងលើ និងសូមផ្តល់នូវព័ត៌មានមួយចំនួនដូចជា បង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធចុងក្រោយ (ថតចម្លង) ឬបណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) ដើម្បីរដ្ឋបាលសារពើពន្ធងាយស្រួល ស្វែងរកបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយជួន បានឆាប់រហ័ស។
ចំពោះម្ចាស់យានយន្ត ដែលពុំទាន់បានស្នើសុំបណ្ណសម្គាល់ការបង់ពន្ធមធ្យោបាយ សូមអញ្ជើញមកបំពេញពាក្យស្នើសុំ និងបង់កម្រៃសេវា ៥,០០០រៀល នៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ដែលនៅជិតលោកអ្នក ដើម្បីធ្វើការបោះពុម្ពបណ្ណសម្គាល់ ការបង់ពន្ធមធ្យោបាយជួនភ្លាមៗ៕