(ប៉ៃលិន)៖ លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការពង្រឹងការងារ នៅរដ្ឋបាលក្រុង/ស្រុក នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៃរដ្ឋបាលក្រុង/ស្រុក ត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួន ឲ្យបានកាន់តែប្រសើរឡើង ដើម្បីអនុវត្តន៍ការងារ ដែលខ្លួនទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាពខ្ពស់ ឆ្លើយតបទៅនឹងគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ បានដាក់ចេញនូវអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងគោលបំណង លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន នៅថ្នាក់ក្រុង ស្រុក ខណ្ឌ ស្របតាមគោលការណ៍ រដ្ឋបាលឯកភាព ដោយបានធ្វើសមាហរណកម្មការិយាល័យជំនាញនានា របស់ក្រសួងនៅថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធគ្រប់គ្រង របស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាពិសេសបង្ហាញពីគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័ន ក្នុងការបំពេញតួនាទី ភារកិច្ច និងការអនុវត្តមុខងារនានា ក្នុងដែនសមត្ថកិច្ច របស់ខ្លួន។
នៅក្នុងឱកាសនោះផងដែរ លោក ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍ផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ជាពិសេសមេឃុំ/ចៅសង្កាត់ និងមេភូមិទាំងអស់ ដែលគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។
សូមរំលឹកថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចុះហត្ថលេខាលើអនុក្រឹត្យ ស្តីពីមុខងារ និងរចនាសម្ព័ន្ធក្រុង/ស្រុក/ខណ្ឌ ដែលមាន៩ជំពូក និង៧៩មាត្រា៕