(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដោយមានការអញ្ជើញចូល រួមពីរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចរចារបស់កម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផល នៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដែលត្រូវបានបញ្ចប់ការចរចានៅជុំទី ៣ ដែលជាជុំចុងក្រោយ កាលពីថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះ។ បញ្ចប់ការចរចានៅជុំទី ៣ ស្របតាមកាលបរិច្ឆេទ ដែលកំណត់ដោយភាគីទាំងពីរ ។
កិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ រៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចារបស់កម្ពុជា បានរាយការណ៍ ជូនអង្គប្រជុំ ស្តីពីលទ្ធផលនៃការចរចារបស់អនុក្រុមការងារនីមួយៗ លើបណ្តាជំពូកនានា នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយក្នុងនោះ ទីផ្សារទំនិញត្រូវបានបើកបន្ថែមពីលើយន្តការដែលមានស្រាប់, ច្រកចូលទីផ្សារផ្នែកសេវាកម្ម ក៏ត្រូវបានធ្វើឱ្យប្រសើរឡើង, កិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានយកចិត្តទុកដាក់លើសសរស្តម្ភ នៃការជំរុញ និងសម្រួលវិនិយោគ, វិធានដើមកំណើត នីតិវិធីគយ និងកិច្ចសម្រួលពាណិជ្ជកម្ម ក៏ដូចជាយន្តការអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ក៏ត្រូវបានរៀបចំឡើងដោយមានភាពច្បាស់លាស់ និងអនុគ្រោះ, វិស័យពាក់ព័ន្ធនានា ត្រូវបានកំណត់នៅក្នុងកិច្ចសហប្រតិបត្តិការ សំដៅលើកកម្ពស់ និងសម្រួលការធ្វើពាណិជ្ជកម្មរវាងភាគីទាំងពីរ, និងផ្តល់លទ្ធភាពដល់ភាគីទាំងពីរ អាចពិគ្រោះយោបល់ និងឯកភាពគ្នាលើការជ្រើសរើសវេទិកា និងនីតិវិធីដោះស្រាយវិវាទ។
លោកក៏បានគូសបញ្ជាក់អំពីការប្រកាន់ភ្ជាប់របស់ អនុក្រុមការងារចរចារបស់កម្ពុជា នូវអាណត្តិ ក៏ដូចជាគោលការណ៍ណែនាំរបស់គណៈគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពី កិច្ចប្រជុំនាខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ សម្រាប់ជាមូលដ្ឋានក្នុងការចរចាកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបង្អស់ដ៏មានសារៈ សំខាន់របស់កម្ពុជា ។ នៅពេលចូលជាធរមាន, កិច្ចព្រមព្រៀងនេះ នឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការធ្វើពិពិតកម្មទីផ្សារនាំចេញ និងជំរុញការនាំចេញផលិតផលរបស់កម្ពុជា ជាពិសេស ផលិតផលកសិកម្ម និង កសិ-ឧស្សាហកម្ម ទៅកាន់ទីផ្សារដ៏ធំរបស់ចិន តាមរយៈការឯកភាពលើការបើកទីផ្សាទំនិញបន្ថែមនេះ។
បន្ថែមពីនេះ កិច្ចព្រមព្រៀងនេះ ក៏នឹងជួយពន្លឿនដំណើរការនៃការធ្វើសមារហណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់ និងសកលលោក តាមរយៈការពង្រឹងការ ចូលរួមរបស់កម្ពុជានៅក្នុងខ្សែច្រវាក់ផលិតកម្មតំបន់ និងសកលលោក ក៏ដូចជាប្រែក្លាយកម្ពុជា ជាប្រទេសមានសក្កានុពល ទាក់ទាញវិនិយោគធ្វើជាមូលដ្ឋានផលិតកម្ម សម្រាប់នាំចេញទៅកាន់ទីផ្សារចិន ។
កិច្ចព្រមព្រៀងនេះ គឺជាសមិទ្ធិផល និងផ្លែផ្កាដែលកើតចេញកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន និងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ក្នុងការប្តេជ្ញាបន្តរឹតចំណងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងរឹងមាំលើគ្រប់វិស័យ សំដៅចូលរួម ចំណែកអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច នៃប្រទេសទាំងពីរ។ ភាគីទាំងពីរ បានឯកភាពនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង នេះ នាពេលឆាប់ៗខាងមុខនេះ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារចរចារបស់កម្ពុជា ដែលបានខិតខំ និងចូលរួមយ៉ាងសកម្ម ក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដោយបានបញ្ចប់ការចរចា តាមកាលបរិច្ឆេទដូចបានគ្រោងទុក៕