(កណ្ដាល)៖ នៅព្រឹកថ្ងៃពុធ ១១កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូ និងមន្ត្រីរាជការក្រសួង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ នាំយកទៀនព្រះវស្សា ដើម្បីប្រគេនព្រះសង្ឃ ដែលនឹងត្រូវគង់ចាំព្រះវស្សារយៈពេលមួយត្រីមាស ចំនួន៤១វត្ត ឋិតនៅស្រុកកោះធំ ខេត្តកណ្តាល។
កម្មវិធីនេះបានប្រារព្ធឡើងនៅវត្តព្រែកតាដួង ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីប្រគេនទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគដែលក្នុងមួយវត្តៗទទួលបាន សាដក១គូ ទៀនវស្សា១គូ តែ១គីឡូ ទឹកដោះគោខាប់៤កំប៉ុង ស្ករស៤គីឡូក្រាម ធូប១ដុំ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរ មី២កេស ទឹកសុទ្ធ២១កេស ទឹកក្រូច២១កេស ត្រីខ២យួរ អង្ករ៣បាវ សម្រាប់ប្រើប្រាស់អំឡុងពេលគង់ចាំព្រះវស្សារយៈពេលត្រីមាសតាមពុទ្ធបញ្ញត្តិ ក៏ដូចជាដើម្បីឧទ្ទិសកុសលផលបុណ្យនេះជូនដល់បុព្វការីជន ដែលបានចែកឋានទៅកាន់បរលោក ព្រមទាំងជូនមហាកុសលដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ឱ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការ។
ទន្ទឹមនឹងការប្រគេនទេយ្យវត្ថុ គណៈប្រតិភូនិងមន្ត្រីរាជការក្រសួងដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានប្រគេនបច្ច័យជូនវត្តចំនួន៤១ និងព្រះសង្ឃ ដែលបាននិមន្តចូលរួមក្នុងកម្មវិធីនោះផងដែរ ដោយក្នុងមួយវត្តៗទទួលបានបច្ច័យចំនួន៤០ម៉ឺនរៀល និង២០០ដុល្លារ។ ដោយឡែកវត្តព្រែកតាដួងដែលជាកន្លែងប្រារព្ធពិធី ទទួលបានបច្ច័យ ១,៦៧១,០០០រៀល និង២៣៦ដុល្លារបន្ថែមទៀត។
រីឯលោកតាអាចារ្យដែលរួមដំណើរជាមួយព្រះសង្ឃទាំង៤១វត្ត ក្នុង១វត្ត ទទួលថវិកា ៥០,០០០រៀល និងព្រះសង្ឃ ដែលបាននិមន្តចូលរួមក្នុងកម្មវិធីនោះ ទទួលបានបច្ច័យចំនួន១១ម៉ឺនរៀលក្នុងមួយអង្គផងដែរ៕