(បាងកក)៖ គណៈប្រតិភូកម្ពុជា-ថៃ បានជួបពិភាក្សាអំពីលទ្ធភាព បើកច្រកអន្ដរជាតិសំខាន់ៗឡើងវិញ ដែលស្ថិតនៅតាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ ដើម្បីទម្លាយភាពជាប់គាំងផ្នែកសេដ្ឋកិច្ច ដែលបណ្តាលមកពីវិធានការណ៍រឹតបន្តឹង ការធ្វើដំណើរចេញចូល ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩។
កិច្ចពិភាក្សានេះ បានធ្វើឡើងរវាងប្រតិភូកម្ពុជា ដឹកនាំដោយលោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ និងប្រតិភូធុរជនថៃ ដឹកនាំដោយលោក ឆានីត ចាន់ឆៃណារ៉ុង (Chanitr Charnchainarong) ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃឡង់ដ៏-កម្ពុជា នៅស្ថានឯកអគ្គរាជទូតកម្ពុជា នាទីក្រុងបាងកក នារសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងជំនួប គណៈប្រតិភូទាំងពីរ គ្រោងលើកសំណើទៅកាន់ប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃ ដើម្បីបើកច្រកអន្ដរជាតិប៉ោយប៉ែត-ខ្លងលឹក ដែលស្ថិតនៅចន្លោះព្រំប្រទល់ ខេត្តបន្ទាយមានជ័យ (កម្ពុជា) និងខេត្តស្រះកែវ (ថៃឡង់ដ៏) សម្រាប់ភ្ញៀវទេសចរកម្ពុជា ដែលត្រូវការមកពិនិត្យជម្ងឺនៅក្នុងប្រទេសថៃ និងធុរជនថៃ ដែលត្រូវការចូលទៅវិនិយោគនៅកម្ពុជា ដោយមានកំណត់ចំនួនក្នុងមួយថ្ងៃ។
ប្រសិនបើគម្រោងខាងលើ ទទួលបានជោគជ័យ ភាគីទាំងពីរ នឹងដាក់សំណើរទៅកាន់រដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីសុំបើកច្រកអន្តរជាតិផ្សេងៗទៀត មានដូចជា៖ ច្រកអន្តរជាតិអូរស្មាច់ (ខេត្តឧត្តរមានជ័យ) និងចុងជាំ (ខេត្តសុរិន្ទ), ច្រកអន្តរជាតិដូង (បាត់ដំបង) និងបានឡែម (ច័ន្ទបូរី), និងច្រកអន្តជាតិចាំយាម (កោះកុង) និងហាតឡេក (ត្រាត) ជាដើម។ល។ ដើម្បីជំរុញលំហូរទេសចរណ៍ និងពាណិជ្ជកម្មទេ្វភាគី សំដៅស្តារឡើងវិញនូវចរន្តសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
យោងតាមទិន្ន័យពីក្រសួងពាណិជ្ជកម្មថៃ នៅក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគី កម្ពុជា-ថៃ សម្រចបានទឹកប្រាក់ ៣.១ប៊ីលានដុល្លារ កើនឡើង ១៨.៣% ធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩។ ក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់ ៦៨៧លានដុល្លារ កើនឡើង ១០៦% ចំណែកការនាំចូលមានទឹកប្រាក់ ២.៤ប៊ីលានដុល្លារ កើនឡើង ៥.៦%៕