(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ ដែលជាថ្ងៃទិវាមច្ឆាជាតិផងនោះ បានអំពាវនាវដល់ប្រជាពលរដ្ឋ អាជ្ញាធរដែនដី និងមន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងអភិរក្សជីវចំរុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផល។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានចាត់ទុកថា ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋឱ្យចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «អបអរសាទរទិវាមច្ឆាជាតិ ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០! ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹង ក្នុងចំណោមប្រជាពលរដ្ឋឱ្យ ចូលរួមក្នុងការថែរក្សាពូជត្រី ឱ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែននេសាទផង ជាពិសេសនៅតាមតំបន់ សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំងប្រទេស។
សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សាពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀតឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទានរបស់បងប្អូន ប្រជាពលរដ្ឋនៅទូទាំងប្រទេស»៕