(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ បានដឹកនាំសហការីពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ប្រជាពលរដ្ឋ៣៣គ្រួសារ រងគ្រោះដោយខ្យល់កន្ត្រាក់ បង្ករឲ្យខូចខាត និងរលំផ្ទះ នៅភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ។
ក្នុងការសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ នាពេលនោះ លោកអភិបាលខេត្ត ជាវ តាយ ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ របស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមសោកស្ដាយ ចំពោះគ្រួសារប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដែលជានិច្ចកាល សម្ដេចទាំងពីរ តែងតែយចិត្តទុកដាក់ គិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។
ពិសេសប្រជាពលរដ្ឋរងគ្រោះ ដោយមហន្តរាយធម្មជាតិក្ដី ឬជួបប្រទះនូវឧបទ្ទវហេតុផ្សេងៗក្ដី ដោយមិនមានការរើសអើង ឬទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារអត់ស្បៀងអាហារនោះឡើយ។ ជាងនេះទៅទៀត ប្រមុខរាជរដ្ឋាភិបាល ក៏បាននឹងកំពុងអនុវត្តផែនការ ជួយសង្គ្រោះស្ថានភាពគ្រួសារក្រីក្រនៅទូទាំងប្រទេស ក្នុងអំឡុងពេលជំងឺឆ្លងកូវីដ១៩ ជាជំហ៊ានៗផងដែរ។
លោកអភិបាលខេត្តបញ្ជាក់ថា ការចែកអំណោយនាថ្ងៃនេះ បើទោះមិនបានឆ្លើយតបទៅនឹងទំហំនៃការខូចខាត របស់បងប្អូនក៏ពិតមែន តែវាក៏អាចជួយសម្រាលការលំបាក និងខ្វះខាតក្នុងរយៈពេលខ្លីបានដែរ។ លោកអភិបាលខេត្ត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមកុំអស់សង្ឃឹម ហើយងាកមកយកចិត្តទុកដាក់លើការងារបង្កបង្កើនផលដាំដុះ ស្រូវ បន្លែ ដំណាំផ្សេងៗ ឲ្យបានច្រើន ដើម្បីត្រៀមបម្រុងស្បៀងអាហារ និងស្វែងរកប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររយៈពេលវែង។
លោកអភិបាលខេត្ត ក៏បានប្រាប់ដល់ប្រជសពលរដ្ឋ ត្រូវប្រុងប្រយ័ត្នពេលមានភ្លៀងធ្លាក់ម្តងៗ និងចេះការពារ ផ្គរ រន្ទះ ឬឧបទ្ទវហេតុផ្សេងៗ ដែលអាចកើតឡើងដោយយថាហេតុ។ លើសពីនេះ ត្រូវបន្តអនុវត្តវិធានការនានា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩ផងដែរ។
តាមរបាយការណ៍ របស់រដ្ឋបាលស្រុកទឹកឈូ បានឲ្យដឹងថា ខ្យល់កន្ត្រាក់ បានបក់បោកមកលើផ្ទះប្រជាពលរដ្ឋ នៅម៉ោងជាង៣រសៀលថ្ងៃ ទី២៩ ខែមិថុនា ឆ្នាំ២០២០ បណ្តាលឲ្យរលំផ្ទះរបស់ពលរដ្ឋទាំងស្រុង ចំនួន៥គ្រួសារ, ខូចខាតមធ្យមចំនួន២០គ្រួសារ និងខូចខាតតិចតួចចំនួន៨គ្រួសារ។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានផ្តល់អំណោយ ក្នុង១គ្រួសារ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ស្កសរ១គីឡូក្រាម, ទឹកសុទ្ធ១កេស។ សម្រាប់ថវិកា ក្នុងនោះគ្រួសាររលំផ្ទះទាំងស្រុងចំនួន៥គ្រួសារ ឧបត្ថម្ភបន្ថែមកៅស៊ូតង់១ដុំ និងថវិកា២០ម៉ឺនរៀល, គ្រួសារប៉ះពាល់តិច និងមធ្យមចំនួន២៨គ្រួសារ ក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀតផងដែរ៕