(ភ្នំពេញ)៖ វីដេអូដែលមន្ដ្រីនគរបាលមួយក្រុម នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចុះទៅចាប់យុវជនម្នាក់ជាមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ហើយត្រូវបានគេចែកចាយ នៅលើបណ្ដាញសង្គម Facebook រហូតមានការរិះគន់ ចំពោះប្រតិបត្តិការសមត្ថកិច្ចនោះ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយបី ស ថេត បានចេញមកពន្យល់ពីហេតុការណ៍ ព្រមទាំងបានចេញលិខិតព្រមាន និងពិន័យទៅលើក្រុមមន្ដ្រីនគរបាលទាំងនោះ ដែលបានធ្វើលើសលួសនៅក្នុងរង្វង់ប្រតិបត្តិការ។
កាលពីថ្ងៃទី៣០ ខែមិថុនា នៅមូលដ្ឋានសង្កាត់ក្បាលកោះ មានមន្ដ្រីនគរបាល៣ ទៅ៤នាក់ បានបើកម៉ូតូចុះចាប់មុខសញ្ញាដែលពាក់ព័ន្ធគ្រឿងញៀនម្នាក់ ដោយចាប់វាយខ្នោះទៅក្រោយ លើកដាក់ម៉ូតូ ព្រមទាំងប្រើប្រាស់ហិង្សាយកជង្គង់ទៅសង្កត់ក និងប្រើជើងទាត់ ត្រូវបានប្រជាពលរដ្ឋនៅក្បែរកន្លែងប្រតិបត្តិការ ថតវីដេអូយកទៅបង្ហោះធ្វើឲ្យមានមតិរិះគន់ជាច្រើន។
ឆ្លើយតបនឹងប្រតិបត្តិការនេះ លោកឧត្តមសេនីយ៍ ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះថា លោកបានព្រមានជាលាយលក្ខណ៍អក្សរ និងពិន័យតាមកងកម្លាំងនគរបាលជាតិ ទៅលើក្រុមមន្ដ្រីនគរបាលទាំងនេះ ដែលបានប្រើប្រាស់សិទ្ធិហូសព្រំដែន ទៅលើការចាប់មុខសញ្ញា។
លោកឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា «នេះជាបទពិសោធន៍សម្រាប់មន្ដ្រីនគរបាលរបស់យើង ទាំងនៅតាមមូលដ្ឋាន និងនៅតាមការិយាល័យ អង្គភាពនានា ត្រូវគោរព និងអនុវត្តតាមបទបញ្ជា និងវិន័យរបស់កងកម្លាំងដែលនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ តែងតែធ្វើការណែនាំ។ ករណីនេះ ខ្ញុំនឹងបន្ដធ្វើការអប់រំដល់កងកម្លាំងទាំងអស់ មិនឲ្យមានរូបភាពបែបនេះកើតឡើងទៀតនោះទេ»។
ជាមួយគ្នានេះដើម្បីចៀសវាងការយល់ច្រឡំ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានពន្យល់ដូចខាងក្រោម៖
*ទី១៖ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៧៖៣០នាទី នគរបាលមូលដ្ឋានបានចេញល្បាត និងពួនស្ទាក់តាមគោលដៅធ្លាប់ធ្វើសកម្មភាពជួញដូរគ្រឿងញៀន ក៏បានឃើញជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ ហៅ ខ្នាក់ ជិះម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1GZ-8617 បានឈប់ម៉ូតូទទួលយកគ្រឿងញៀន ពីជនសង្ស័យម្នាក់ទៀតមិនស្គាល់ឈ្មោះ រួចជនសង្ស័យម្នាក់គេចចូលដីឡូត៍ក្បែរនោះបាត់ទៅ ចំណែកឯជនសង្ស័យឈ្មោះ វ៉េ ឡុងរាជ បានជិះម៉ូតូចេញដើម្បីគេចខ្លួនពីសមត្ថកិច្ច។
*ទី២៖ ឈ្មោះ វ៉េ ឡូងរាជ្យ ហៅ ខ្នាក់ គឺជាមុខសញ្ញាចាស់ជួញដូរគ្រឿងញៀននៅទីតាំងខាងលើ ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងស៊ើបអង្កេតតាមរកចាប់ខ្លួន រួមជាមួយនិងបក្ខពួកមួយចំនួនទៀត។
*ទី៣៖ អំឡុងពេលប្រតិបត្តិការឃាត់ខ្លួន សមត្ថកិច្ចពិនិត្យឃើញជនសង្ស័យស្ថិតក្នុងស្ថានភាពញៀនគ្រឿងញៀនខ្លាំង និងស្រវឹងស្រាជោគជាំ និងមានចេតនាប្រើដំបងប្រព្រឹត្តអំពើហិង្សាលើ មន្ត្រីអនុវត្តច្បាប់ ទើបសមត្ថកិច្ចឈានដល់ការប្រើសិទ្ធិការពារខ្លួនឈានការចាប់ខ្លួនជនសង្ស័យ វាយខ្នោះ រួមទាំងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងនីតិវិធីច្បាប់។
*ទី៤៖ យើងខ្ញុំទទួលស្គាល់ថា សកម្មភាពប្រតិបត្តិការរបស់មន្ត្រីអនុវត្តច្បាប់ បានប្រើប្រាស់សិទ្ធិហួសព្រំដែននៃវិន័យរបស់កម្លាំង និងវិជ្ជាជីវៈ យើងខ្ញុំចាត់កិច្ចការនេះជាបទពិសោធន៍ និងធ្វើការអប់រំណែនាំ និងពិនិត្យដាក់វិន័យតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា «យើងខ្ញុំសូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណជន និងពិសេសបណ្ដាញ ទំនាក់ទំនងសង្គមដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា យើងខ្ញុំសូមអំពាវនាវ ដល់សាធារណជន និងបណ្ដាញសង្គមចៀសវាងការ អត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំផ្លើសការពិត ជាហេតុបង្កឲ្យភាពវឹកវរ បំពុលបរិយាកាសសង្គម ចលាចល បង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខ ច្បាប់ជាធរមាន»៕