(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជំរុញឲ្យអាជ្ញាធរក្រុងស្រុកត្រូវចុះត្រួតពិនិត្យតាមដានការផ្ដល់សាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋានឲ្យបានត្រឹមត្រូវ។
លោក សុខ លូ បានថ្លែងយ៉ាងដូច្នេះនៅក្នុងពិធីប្រគេនទានវស្សា និងគ្រឿងឧបភោគបរិភោគជូនទៅដល់ព្រះសង្ឃចំនួន១០វត្ត នៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នៅវត្តឥន្ទ្រីយ៍សំវរៈ (ហៅវត្តកំពង់ធំ)។
លោកបន្តថា កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដើម្បីធានាថា ប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដ ទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សាឃុំសង្កាត់ ដែលត្រូវតែធ្វើឲ្យបានច្បាស់លាស់ និងហ្មត់ចត់បំផុត ដើម្បីធានាឲ្យបាននូវតម្លាភាពនិងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
លោក សុខ លូ បញ្ជាក់ថា «អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាមឃុំសង្កាត់ទាំងអស់ ត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវត្រូវ ចៀសវាងដាច់ខាតនូវការឃប់ឃិតគ្នា ដាក់បញ្ចូលសាច់ញាត្តិបងប្អូន កូនក្មួយខ្លួនឯង ដែលមិនមែនជាគ្រួសារក្រីក្រ និងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ»។
លោកថ្លែថា រាជរដ្ឋាភិបាលរហូតដល់ពេលនេះ បានបញ្ចេញប្រាក់១២៥លានដុល្លាររួចទៅហើយ ហើយរាជរដ្ឋាភិបាលនឹងត្រៀមបញ្ចេញថវិកាបន្តទៀត បើសិនជាហេតុការណ៍ផលប៉ះពាល់នៃជំងឺកូវីដ១៩នេះអូសអន្លាយបន្ត ប៉ុន្តែរាជរដ្ឋាភិបាលនឹងបញ្ឈប់សកម្មភាពវិញផងដែរ បើសិនជាស្ថានភាពបានប្រសើរឡើង។ ជាមួយគ្នានោះដែរ លោកបានឲ្យអាជ្ញាធរក្រុងស្រុកត្រូវចុះត្រួតពិនិត្យនៅតាមវត្តអារាមទាំងអស់ ជាពិសេសទីវត្តអារាមនៅតំបន់ដាច់ស្រយាល មិនត្រូវទុកឲ្យព្រះសង្ឃដាច់ចង្ហាន់នោះទេ ។
ក្នុងនោះលោក សុខ លូ បានរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និង ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង។
សម្ភារបរិក្ខាដែលបានប្រគេនព្រះសង្ឃនាឱកាសនោះ ក្នុងមួយវត្តទទួលបានមានទៀនវស្សា១គូ ស្លាដក១ អង្ករ មី ទឹកសុទ្ធ ទឹកក្រូច ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ និងបច្ច័យមួយចំនួន។ គួរបញ្ជាក់ផងដែរថា ខេត្តកំពង់ធំមានវត្តអារាម និងអាស្រមចំនួន៣០២ និងព្រះសង្ឃមានចំនួន ៣៥៨១ អង្គ៕