(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រផលិតស្បែកជើង «ហាណា (ខេមបូឌា) ១អ៉ីន» ចំនួន៦៦៩នាក់ ព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ បានដង្ហែរក្បួនតវ៉ាចេញពីមុខរោងចក្រ នៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ក្នុងបំណងឆ្ពោះទៅកាន់មុខភូមិគ្រឹះសម្ដេចតេជោ ហ៊ុន សែន ដើម្បីសុំឲ្យសម្ដេចជួយអន្តរាគមន៍ ក្រោយរោងចក្របានបិទទ្វារ ដោយមិនបានជូនដំណឹង និងដោះស្រាយរឿងប្រាក់ដំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ។
ក្រុមកម្មករបាននិយាយថា រោងចក្របានបិទទ្វារលែងដំណើរការដោយមិនបានជូនដំណឹង ព្រមទាំងអត់បានទូទាត់ប្រាក់ខែប្រាក់បំណាច់ឆ្នាំ និងប្រាក់អតីតភាពការងារ ជូនពួកគាត់ទៅតាមច្បាប់ ការងារឡើយ។ មិនតែប៉ុណ្ណោះ មុននឹងសម្រេចចិត្តធ្វើបែបនេះ គឺពួកគាត់បានតវ៉ានៅរោងចក្រ៩ថ្ងៃកន្លងមកហើយ តែមិនមានដំណោះស្រាយឡើយ ទើបនាំគ្នាដង្ហែរក្បួនតវ៉ានេះ។ ពេលទៅដល់មុខសាលាសង្កាត់ចោមចៅទី៣ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យ រួមទាំងបណ្ដាប៉ុស្តិ៍មួយចំនួនផង ស្ទាក់ឃាត់ដំណើរឲ្យកម្មករនៅស្ងៀមមួយកន្លែង មិនឲ្យបន្តដំណើរទៅមុខទៀតឡើយ។
បន្ទាប់មកលោកអភិបាលខណ្ឌពោធិ៍សែនជ័យ ហែម ដារិទ្ធិ ក៏បានធ្វើការសម្របសម្រួលជាមួយបងប្អូនកម្មករ សូមឲ្យរង់ចាំលោក និងក្រុមការងារជួយដោះស្រាយ ចំណុចទាមទារ ដែលនៅសេសសល់មិនទាន់ត្រូវគ្នា ទាំងប៉ុន្មាននោះ ទើបកម្មករយល់ព្រមឈប់នៅត្រឹមនោះ ហើយក្រោយមកក៏បានរំសាយត្រឡប់ក្រោយវិញ។
កម្មករបានរៀបរាប់ ពីដើមហេតុដែលនាំឲ្យផ្ទុះការតវ៉ាថា កាលពីវេលាម៉ោង០៣៖៤០នាទីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ខណៈដែលកម្មករកំពុងធ្វើការសុខៗ ស្រាប់តែថៅកែរោងចក្រ ហៅប្រធានក្រុមកម្មករទៅប្រាប់ថា រោងចក្រនឹងបិទទ្វារ លែងដំណើរការចាប់ពីថ្ងៃនេះហើយ។ ពេលទទួលបានដំណឹងនេះភ្លាម កម្មករមានការជ្រួលច្របល់ហើយបាន ធ្វើការតវ៉ាភ្លាមៗតែម្ដង ហើយបានទាមទារនូវលក្ខខណ្ឌ ការងារចំនួន៥ចំណុច។
ក្រោយមក មានមន្រ្តីពីក្រសួងការងារ រួមជាមួយស្ថាប័នពាក់ព័ន្ធនានា បានចុះទៅធ្វើការដោះស្រាយជាបន្តបន្ទាប់ រហូតមកដល់វេលា ល្ងាចថ្ងៃទី៣០ ខែមិថុនា បានដោះស្រាយគ្នាចប់៣ចំណុចប៉ុណ្ណោះ នៅសល់២ចំណុច ដោះស្រាយមិនទាន់ចប់ឡើយ ហើយក៏មិនសង្ឃឹមថា ចប់ដែរនោះគឺ៖
* ទី១៖ ទាមទារប្រាក់អតីតភាពការងារ កម្មករដែលធ្វើការ បានរយៈពេលចាប់ពី៥ឆ្នាំឡើងទៅ ថៅកែរោងចក្រត្រូវតែគុណឆ្នាំឲ្យកម្មករ
* ទី២៖ ទាមទារសំណងជំងឺចិត្ត ដែលរោងចក្របិទទ្វារអត់បានប្រាប់មុន។
ដោយសារតែមូលហេតុខាងលើនេះហើយ ទើបពេលនេះពួកគាត់ សម្រេចចិត្តនាំគ្នាចាកចេញ ពីរោងចក្រក្នុងបំណងធ្វើដំណើរ ទៅកាន់មុខភូមិគ្រឹះសម្ដេចតេជោ សូមឲ្យសម្ដេចជួយ ដល់ពួកគេទាំងអស់គ្នា ព្រោះតែពួកគេត្រូវបាត់បង់ការងារ ហើយថែមទាំងបាត់បង់អត្ថប្រយោជន៍ ទាំងអស់ទៀតបែបនេះ៕