(បន្ទាយមានជ័យ)៖ គ្រួសារក្រីក្រ ដែលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ចំនួន៣២០គ្រួសារ មកពី១៩ឃុំ ទូទាំងស្រុកមង្គលបូរី ទទួលបានអំណោយមនុស្សធម៌ពីអាជ្ញាធរស្រុកមង្គលបូរី និងអង្គការទស្សនៈពិភពលោក ដើម្បីជួយដោះស្រាយការខ្វះខាតជីវភាពប្រចាំថ្ងៃក្នុងគ្រួសា។
ពិធីចែកអំណោយនេះ ធ្វើឡើងក្រោមវត្តមាន អ្នកស្រី ហេងសុភ័ក្រ អភិបាលរងស្រុកមង្គលបូរី និងអង្គការទស្សនៈភិពលោក និងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ក្នុងឱកាសនោះផងដែរ អភិបាលរងស្រុកមង្គលបូរី ក៏បានថ្លែងអំណរគុណចំពោះអង្គការទស្សនៈពិភពលោក ដែលតែងតែចុះជួយដោះស្រាយរាល់បញ្ហាលំបាក របស់ពលរដ្ឋនៅមូលដ្ឋានបានទាន់ពេលវេលា ជាក់ស្តែងពលរដ្ឋទាំង៣២០គ្រួសារនេះ មានជីវភាពខ្វះខាតជាខ្លាំង។
ក្នុងឱកាសនោះផងដែរអ្នកស្រី ក៏បានអំពាវនាវដល់ពលរដ្ឋសូមចូលរួមថែរក្សាសុខភាពឲ្យបានល្អចៀសផុសពីការចម្លងមេរោគ ឬជំងឺផ្សេងៗ ពិសេសជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធានការអនាម័យជាប់ជាប្រចាំជាមួយសាប៊ូ អាល់កុល ឬជែលសម្លាប់មេរោគ៕