(កំពត)៖ លោក ម៉ោង ច័ន្ទណារិទ្ធ អគ្គនាយកក្រុមហ៊ុន «ថាហ្គេតអ៉ីស្ទេត អេនមេនិចមិន» ត្រូវបានប្រជាពលរដ្ឋប្តឹងចូលទៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពតពីបទ «រំលោភយកដីចំណីព្រែកធ្វើ ជាកម្មសិទ្ធិផ្ទាល់ខ្លួន» ដីចំណីព្រែកពយក្បាលរមាស ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២០។
លោក ជា សុខហេង បានបញ្ជាក់នៅក្នុងពាក្យប្តឹងទៅអាវុធហត្ថខេត្តថា កាលពីថ្ងៃទី២៧-២៩ ខែមិថុនា ឆ្នាំ២០២០ ឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ បានបញ្ជាឱ្យបុគ្គលិករបស់ខ្លួន ដឹកដីយកមកចាក់ទុក និងឈូសកៀរកិន បំពានយកដីចំណីព្រែកស្ថិតនៅទីតាំងក្នុងភូមិសាស្ត្រភូមិឃុំខាងលើ ដោយគ្មានច្បាប់អនុញ្ញាត គ្មានលិខិតបញ្ជាក់ពីការកាន់កាប់ដីនៅទីតាំងនោះស្របច្បាប់ទេ។
ដីចំណីព្រែកនេះ កំពុងមានទំនាស់នៅតុលាការខេត្តកំពតនៅឡើយ។ កន្លងមកដីនេះឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ បានស្នើសុំកាន់កាប់ទៅភូមិបាលស្រុកទឹកឈូ ហើយកំពុងស្ថិតក្នុងដំណាក់កាលបិទផ្សាយ ជាសាធារណៈ តែត្រូវរងបណ្ដឹងជំទាស់តវ៉ា ហើយមានដីការក្សាការពារពីសំណាក់តុលាការខេត្តកំពតទៀតផង ដោយហាមឃាត់មិនឱ្យរដ្ឋបាលសាលាខេត្តកំពត ចេញប្លង់សំគាល់សិទ្ធិកាន់កាប់ដីនេះ ឲ្យទៅបុគ្គលណាម្នាក់ឡើយ ដោយរង់ចាំមានការសម្រេចដល់អង្គសេចក្តីសិន។
សកម្មភាពរំលោភបំពានលើដីចំណីព្រែកពយក្បាលរបៀបនោះ ជាការប្រឆាំងទៅនឹងសេចក្តីសម្រេចរបស់សាលាដំបូងខេត្ត សេចក្តីជូនដំណឹងរដ្ឋបាលសាលាខេត្តកំពត ជាពិសេសគឺប្រឆាំងទៅនឹង សេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃទៀតផង។ ទង្វើល្មើសច្បាប់របស់ឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ ពិតជាមិនអាចអត់ឱនឲ្យបានឡើយ ព្រោះប៉ះពាល់ដីផលប្រយោជន៍សាធារណៈយ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់ដីសាធារណៈរបស់រដ្ឋបាលខេត្ត។ ជាចុងក្រោយ ដើមបណ្តឹងសូមឲ្យលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត មេត្តាចុះអង្កេតស្រាវជ្រាវ និងចាប់ជនល្មើស បញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់ដោយក្តីអនុគ្រោះ។
កន្លងមកលោក ជា សុខហេង បានប្តឹងឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ រូបនេះមួយករណីរួចមកហើយ ចំពោះការចូលកាន់កាប់ដីក្នុងបរិវេនដីប្លង់រឺង ទំហំ 79198ម៉ែត្រការ៉េជាប់នឹងដីចំណីព្រែកនេះ តែអយ្យការអមសាលាដំបូងខេត្តកំពតតម្កល់រឿងទុកឥតចាត់ការ។ ករណីនោះឈ្មោះ ជា សុខហេង បានប្តឹងឧទ្ធរណ៍រួចហើយ។ ឯករណីបណ្តឹងបំពានលើដីចំណីព្រែកនេះជាករណីថ្មីមួយទៀត ដែល រដ្ឋបាលខេត្តកំពត ត្រូវតែសហការចូលរួមអង្កេតជាមួយស្ថាប័នអយ្យការ ទើបសមហេតុផល។
សូមបញ្ជាក់ថា កន្លងមកសាលាដំបូងខេត្តកំពត ក៏បានចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដោយហាមឃាត់មិនឲ្យរដ្ឋបាលសាលាខេត្ត រដ្ឋបាលស្រុកទឹកឈូ និងមន្ទីរជំនាញនៅខេត្តកំពត វាស់វែងចេញប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋលើដីទំនាស់នោះឡើយ។
តាមលោក ជា សុខហេង រៀបរាប់ថា កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១២កន្លងទៅ លោកបានទិញដីមួយកន្លែង ទំហំ ៧៩១៩៨ម៉ែត្រការ៉េ ស្ថិតនៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ត្រឹមត្រូវស្របច្បាប់។ ទើបតែនៅថ្ងៃទី២៧-២៨ -២៩ ខែមិថុនា ឆ្នាំ២០២០នេះ ស្រាប់តែមាន ឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ បញ្ជាឱ្យបុគ្គលិកកម្មកររបស់ខ្លួន ដឹកដីយកមកចាក់រំលោភលើដីពយព្រែកក្បាលរមាសទាំងបំពានយ៉ាងដូច្នេះតែម្តង ដោយមិនគោរពច្បាប់បន្តិចណាសោះឡើយ។
លោក ជា សុខខេង បញ្ជាក់ថា នៅអំឡុងឆ្នាំ២០១៩ កន្លងមកនេះ លោកមានគម្រោងរៀបចំអភិវឌ្ឍន៍ដីរបស់លោកម្ដងរួចមកហើយ ពេលនោះឃើញគេព័ទ្ធបោះបង្គោលរបងជាឡូតិ៍ៗ នៅតាមបណ្តោយដីឆ្នេរចំណីព្រែកពីមុខដីកម្មសិទ្ធិរបស់លោកជាច្រើនឡូតិ៍ ហើយមានឡូតិ៍ខ្លះ សង់ជាសំណង់លំនៅដ្ឋានដោយគ្មានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានយ៉ាងអនាធិបតេយ្យ ដោយខុសច្បាប់ ថែមទៀតផង។ ខណៈនោះលោកបានស្វែងរកអ្នកព័ទ្ធយកចំណីព្រែកនោះទើបដឹងថា មានឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ និងគូកន មួយចំនួនទៀត ជាអ្នកចេញមុខអះអាង ជាម្ចាស់លើដីចំណីព្រែកនោះ។
លោកបានព្យាយាមសម្របសម្រួលយ៉ាងណា ក៏មិនមានបានលទ្ធផលដែរ គឺពួកគេទាមទារយកដីចំណីព្រែកនោះ ធ្វើជាកម្មសិទ្ធិឲ្យខានតែបាន។ លោក ជា សុខហេង បានបន្តថា ដីចំណីព្រែកតាមបណ្តោយឆ្នេរព្រែកក្បាលរមាសនេះ មិនទាន់បានកំណត់ទំហំដីចំណីព្រែក ដីផ្លូវសាធារណៈឲ្យបានត្រឹមត្រូវនៅឡើយទេ។
ម្យ៉ាងវិញទៀត ដីចំណីព្រែកដែលក្រុមអនាធិបតេយ្យបោះបង្គោលរបងព័ទ្ធជាឡូតិ៍ៗ រហូតដល់មាត់ព្រែកតែម្តង។ ការរំលោភយកនេះ ធ្វើឡើងដោយខុសច្បាប់ គ្មានការប្រគល់សិទ្ធិកាន់កាប់ ត្រឹមត្រូវតាមច្បាប់ឡើយ។ ការប្រព្រឹត្តរបស់ឈ្មោះ ម៉ុង ច័ន្ទណារិទ្ធ និងគូកននេះ ធ្វើអោយប៉ះពាល់ដល់ប្រយោជន៍សាធារណៈយ៉ាងធ្ងន់ធ្ងរ និង ប៉ះពាល់ដល់ផ្លូវចេញចូលដីប្លង់រឹង របស់លោក នៅផ្នែកខាងក្រោយដីចំណីព្រែកនេះ បាត់បង់សិទ្ធិប្រើប្រាស់អាស្រ័យផលលើដីចំណីព្រែកផ្នែកខាងមុខនេះ មិនអាចអភិវឌ្ឍន៍បានឲ្យត្រូវតាមស្តង់ដារបច្ចេកទេសឡើយ។
យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីខាងអគ្គនាយកក្រុមហ៊ុនខាងលើបាននោះទេ៕