(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន ០៦វត្ត រួមមាន៖ វត្តជធាច វត្តត្រពាំងស្លា វត្តដូង វត្តអង្គញ់ វត្តឈើទាល វត្តពោធិ៍សិរី (ហៅព្រៃកំភេន) ស្ថិតក្នុងស្រុករំដួល ខេត្តស្វាយរៀង។
ពិធីត្រូវបានរៀបចំឡើងនៅវត្តជធាច នាព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ អមដំណើរដោយ លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត និងលោកហុង វិណុល ប្រធានក្រុមការងារចុះជួយឃុំដូង ព្រមទាំងក្រុមការងារជាច្រើនរូបទៀត។
លោកស្រី ម៉ែន សំអន ថ្លែងផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងខេត្តស្វាយរៀង ដោយសម្តេចទាំងទ្វេ តែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ក្នុងពិធីនោះដែរ លោកស្រីក៏បានលើកឡើងថា ការប្រារព្ធធ្វើពិធីនេះបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គោរពស្រឡាញ់ប្រតិបត្តិ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនានេះ ឱ្យកាន់តែមានភាពរុងរឿងថ្កុំថ្កើន ឈានទៅគម្រប់ ៥ពាន់ព្រះវស្សា តាមពុទ្ធិបញ្ញាត្តិ។
លោកស្រីក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។ លោកស្រីបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអជ្ញាធរត្រូវតែពង្រឹងឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ទៀនព្រះវស្សា និងទេយ្យវត្ថុ ដែលត្រូវបានប្រគេន ៦វត្ត រួមមាន៖ ទៀនព្រះវស្សា ១គូរ ប្រេង ៣០លីត្រ អង្ករ ៥០គីឡូក្រាម មី ៣កេស ទឹកក្រូច ៤កេស ទឹកសុទ្ធ ៤កេស ទឹកដោះគោ ១កេស ស្ករ ស ១០គីឡូក្រាម តែ ៦កញ្ចប់ ធូប ១ដុំ ទៀនតូច ១គីឡូក្រាម មីសួរ ១គីឡូក្រាម ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប អំបិល ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ត្រីខ ៥០កំប៉ុង ខ្ទឹមស ២គីឡូក្រាម ថវិកាមួយចំនួន៕