(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ឧបត្ថម្ភធុងសំរាម១០០ធុង ជូនការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដង្កោ សម្រាប់ប្រើប្រាស់នៅតាមភ្នាក់ងារផ្តល់សេវាសុខាភិបាលរដ្ឋ១៣ស្ថាប័នរបស់ខណ្ឌដង្កោ ក្រោយទើបបរិច្ចាគធុងសំរាមចំនួន៣១៥ធុងដល់សាលាខណ្ឌនេះ នាពេលថ្មីៗកន្លងទៅ។
គោលបំណងនៃការឧបត្ថម្ភធុងសំរាមជាបន្តបន្ទាប់នេះ គឺដើម្បីចូលរួមចំណែកថែរក្សា និងលើកកម្ពស់អនាម័យបរិស្ថានក្នុងសហគមន៍ក្នុងខណ្ឌដង្កោ ឲ្យកាន់តែមានសោភ័ណភាពស្រស់ស្អាត។
ទន្ទឹមនឹងការឧបត្ថម្ភធុងសំរាម ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ឆ្លៀតបរិច្ចាគទឹកសុទ្ធចំនួន១៥០កេសជូនបុគ្គលិក និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅតាមភ្នាក់ងារផ្តល់សេវាសុខាភិបាលរដ្ឋរបស់ខណ្ឌដង្កោ សម្រាប់ពិសាផងដែរ។
ចំណែកធុងសំរាមទាំង១០០ធុង ត្រូវបានដាក់ពង្រាយនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ក្នុងខណ្ឌដង្កោ៕