(ស្ទឹងត្រែង)៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិមេបញ្ជាការវរសេនាតូច និងពិធីបញ្ចុះបឋមសិលាសាងសង់ ទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៧០១ ខេត្តស្ទឹងត្រែង។
ពិធីនេះ ក៏មានការចូលរួមពីស្នងការនគរបាលខេត្ត ស្នងការរង មេបញ្ជាការផ្នែកសឹករងស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក អភិបាលស្រុក មេឃុំ និងមន្ត្រីសរុប៦៣នាក់។ តាមសេចក្តីប្រកាស លេខ ៣៧៣៦ ប្រ.ក របស់ក្រសួងមហាផ្ទៃ បានតែងតាំង លោកវរសេនីយ៍ទោ សី សំឡេង ជាមេបញ្ជាការវរ៧០១ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង។
ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ បាននាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដល់កងកម្លាំងនគរបាលការពារព្រំដែន និងបានរំលឹកដល់មេបញ្ជាការទើបឡើងថ្មីត្រូវយកគំរូ និងបទពិសោធន៍ល្អៗពីអ្នកមុន។
នាយឧត្តមសេនីយ៍ ហ៊ូ សាគុណ ណែនាំដល់មេបញ្ជាការទើបឡើងថ្មី ចំនួន៦ចំណុចដូចខាងក្រោម៖
*ទី១៖ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវទិសដៅរបស់ អគ្គស្នងការនគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្ត ពិសេសចូលរួមគ្រប់យុទ្ធនាការសំខាន់ៗ របស់រាជរដ្ឋាភិបាល
*ទី២៖ ធ្វើសេនាធិការជូនស្នងការ កសាងផែនការលម្អិតពាក់ព័ន្ធសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន
*ទី៣៖ ពង្រឹងតួនាទីដឹកនាំ ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ជាងគេ
*ទី៤៖ ពង្រឹងវិន័យ សីលធម៌ ជំនាញវិជ្ជាជីវៈ និងសាមគ្គីភាពផ្ទៃក្នុង ជាពិសេសដឹងពីសុខទុក្ខរបស់កងកម្លាំង
*ទី៥៖ ពង្រឹងរបៀបរបបធ្វើការ និងបែងចែក ប្រគល់ភារកិច្ចអនុវត្តការងារតាមជំនាញ
*ទី៦៖ ត្រូវបង្កបង្កើនផលក្នុងអង្គភាព ដើម្បីផ្គត់ផ្តង់ជីវភាពដល់កងកម្លាំង៕