(ភ្នំពេញ)៖ គេប្រហែលជានៅចាំមិនទាន់ភ្លេចនៅឡើយនោះទេ ពីការប្រកាសក្តែងរបស់ទណ្ឌិត សម រង្ស៉ី ដោយយកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីវិលចូលកម្ពុជាវិញ ទោះត្រូវប្រឈមមុខនឹងទោសទណ្ឌ ឬវិធានការទាំងឡាយរបស់រាជរដ្ឋាភិបាលក៏ដោយនោះ។
តែទីបំផុតនៅថ្ងៃទី០៩ ខែវិច្ឆិកានោះ គេមិនបានឃើញមុខទណ្ឌិតដែលមានរហស្សនាមជាជនកំសាករូបនេះចូលមកកាន់ប្រទេសកម្ពុជា តាមការប្រកាសរបស់ខ្លួននោះឡើយ។ កុំថាឡើយវិលចូលស្រុក សូម្បីតែសំបុត្រយន្តហោះក៏ទណ្ឌិតរត់ចោលស្រុករូបនេះមិនបានទិញផង។
ដើម្បីលុបលាងនូវភាពអាម៉ាស់ និងភាពកំសាករបស់ខ្លួនចំពោះមុខរបស់អ្នកគាំទ្រនោះ ទណ្ឌិត សម រង្ស៉ី បានព្យាយាមពន្យល់អ្នកគាំទ្រថា ការមិនវិលចូលស្រុកនេះ ព្រោះតែរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការរាំងខ្ទប់ដំណើររបស់លោក។ ការព្យាយាមរកហេតុផលមកលាងភាពកំសាករបស់ខ្លួននេះ ក៏ធ្វើឱ្យអ្នកគាំទ្រមួយចំនួនបន្តលុងជឿជាថ្មី លើទណ្ឌិតសម្បូរសម្តីបោកនេះ បើទោះបីរងការចាញ់បោករឿងប្រកាសចូលស្រុកនេះច្រើនសារក៏ដោយនោះ។
តែពេលល្បិចខិលខូច និងកំសាករបស់លោក សម រង្ស៉ី ត្រូវបានលាតត្រដាងខ្ទេចខ្ទីគ្មានសល់។ លោក ហ៉ីង សុខសាន អតីតប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិ ក្នុងវេទិការបស់ឌឹខេមបូឌែដេលី កាលពីរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានចេញមកអះអាងថា ការរៀបចំគម្រោងឱ្យទណ្ឌិត សម រង្ស៉ី វិលចូលស្រុកវិញនេះ មិនមែនទើបមាននៅឆ្នាំ២០១៩នោះទេ គឺគេបានរៀបចំឱ្យវិលចូលស្រុកនៅឆ្នាំ២០១៨ មុនពេលបោះឆ្នោតជាតិទៅទៀត តែទណ្ឌិតរូបនេះមិនចូលនោះឡើយ។
លោក ហ៉ីង សុខសាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យើងបានសម្រេចពីរដងប្រជុំនៅវ៉ាស៊ីនតោនឌីស៊ីថា លោកប្រធាន សម រង្ស៉ី ត្រូវតែចូលស្រុកទាំងអស់គ្នា ហើយយើងទៅជួបជុំគ្នានៅប្រទេសណាមួយចូលទៅអស់គ្នាមុនបោះឆ្នោត២០១៨។ ពេលនោះ លោក អេង ឆៃអ៊ាង ដែលជាមនុស្សជំនិតរបស់គាត់សើចហេហេ! ថាគាត់មិនចូលទេ គាត់ចាក់ថ្នាំអាំងសូលីន ថ្នាំទឹកនោមផ្អែមនោះ តែគេចាប់គាត់យកគាត់ទៅដាក់គុកមួយម៉ោងពីរគាត់អស់ថ្នាំហ្នឹងគាត់ស្លាប់ហើយ។ អ៊ីចឹងគាត់អត់ចូលទេ ពេលចុងក្រោយខកធំហ្នឹង គឺ៩ វិច្ឆិកា ប្រកាសថាចូលហើយអត់ទៅទៀត»។
លោក ហ៉ីង សុខសាន បានចាត់ទុកភាពកំសាករបស់ទណ្ឌិត សម រង្ស៉ី មិនចូលស្រុកមួយដងជាពីរដង គឺជាកំហុសនយោបាយដ៏ធ្ងន់ធ្ងរបស់ទណ្ឌិត សម រង្ស៉ី៕