(ត្បូងឃ្មុំ)៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញប្រកាសតែងតាំងអធិការនគរបាលថ្មី ស្រុកពញាក្រែក ដោយលោកវរសេនីយ៍ទោ ថាញ់ សុខវ៉ាត ឡើងជំនួសលោកវរសេនីយ៍ឯក អោម មុន្នីវណ្ណ ដែលទទួលភារកិច្ចថ្មី ជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
នៅក្នុងពិធីនេះក៏មានចូលរួមពីលោក លី សុភាលីន អភិបាលស្រុកពញាក្រែក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងមានការចូលរួមពីស្នងការរង នាយការិយាល័យ មេបញ្ជាការវរព្រំដែន លោកមេបញ្ជាការសឹករងស្រុក មេបញ្ជាការរងកងរាជអាវុធហត្ថ លោកអធិការរងស្រុក នាយផ្នែក នាយរងផ្នែក មន្រ្តីអធិការដ្ឋាននគរបាលស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកនាយ នាយរងប៉ុស្តិ៍នគរបាល និងប្រជាការពារ។
លោកអភិបាលស្រុក បានផ្តាំផ្ញើអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានជំរុញដល់អធិការនគបាលថ្មី ត្រូវធ្វើកិច្ចការដោយមានការចូលរួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ជាពិសេសត្រូវមាន ការសាមគ្គីភាព ផ្ទៃក្នុង និងត្រូវគោរពអនុវត្តឲ្យមានប្រសិទ្ធភាព។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងបន្តថា អធិការថ្មីត្រូវពង្រឹងរបៀបរបបការងារ តាមឋានានុក្រមការងារ ត្រូវយកចិត្តទុកដាក់អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈមន្រ្តីនគរបាលជាតិ និងអនុវត្តច្បាប់ចំពោះមន្រ្តីដែលខុសឆ្គង។
លោកថា ត្រូវចូលរួមសហការជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកបានបន្ថែមថា លោកមេប៉ុស្តិ៍ទាំងអស់ ក្នុង១ថ្ងៃ១ប៉ុស្តិ៍ ត្រូវជួបពលរដ្ឋម្តង ដើម្បីជាការប្រាស្រ័យទាក់ទងបានដឹងពីការលំបាក ទុក្ខកង្វល់ ទទួលបានព័ត៌មាន គ្រប់គ្រាន់ហើយ ចុះបញ្ជីព័ត៍មានឲ្យច្បាស់លាស់ រាយការណ៍តាមខ្សែបណ្តោយ រៀបផែនការ ពិសេសកម្មភាពបង្កចលាចល ញុះញង់នានា ដើម្បីចេញប្រតិបត្តិការ ពេលមានបញ្ហាឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដោយអនុវត្តតាមគោលនយោបាយទាំង៩ចំនុចរបស់រាជរដ្ឋាភិបាល។
លើសពីនោះទៀត ក៏ដូចជាត្រូវបន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយ អំពីមេរោគឆ្លងកូរ៉ូណា និងមានវិធានការ ទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការកុំឲ្យរីករាលដាលជាបន្ត៕