(កណ្ដាល)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកឧកញ៉ា ផែរ ហុកឈួន និងលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសិកា តាំង បាក់ ហៀង ដោយមានការចូលរួមពីសំណាក់ពីលោក លោកស្រី ឧកញ៉ា និងពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៨វត្ត រួមមាន វត្តព្រះវិហារសំណរ វត្តវាំងចាស់ វត្តស្បែង វត្តធម្មកេរ៍ វត្តថ្មអណ្តែត វត្តពាមជំនីក វត្តវិហារលើ វត្តធម្មត្រ័យ។
ពិធីនេះត្រូវបានរៀបចំឡើងនៅវត្តវិហារសំណ ស្ថិតនៅឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានផ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋ ទាំងអស់ នៅទូទាំងខេត្តកណ្តាល ដោយសម្តេចទាំងទ្វេរតែងតែគិតគូរខ្ពស់ចំពោះជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
លោកស្រីបានលើកឡើងថា ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេសបង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារ វិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។
លោកស្រី ម៉ែន សំអន ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានា តាមការកំណត់របស់ក្រសួង សុខាភិបាល និងត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៃរលកទី២ ខណៈដែលពិភពលោក កំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំង ដោយសារជំងឺមួយនេះ។
លោកស្រីបានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈការដាំដុះ ការចិញ្ចឹមសត្វ ជាដើម ចំណែកឯអាជ្ញាធរត្រូវតែពង្រឹង ឲ្យមានប្រសិទ្ធិភាពនូវ ភូមិ-ឃុំមានសុវត្ថិភាព និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ទៀនព្រះវស្សា ទេយ្យវត្ថុ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកឧកញ៉ា ផែរ ហុកឈួន និង លោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧបាសិកា តាំង បាក់ហៀង ព្រមទាំងពុទ្ធិស័ទ្ធចំណុះជើងវត្ត បានប្រគេន៨វត្ត រួមមាន៖ បច្ច័យក្នុង១វត្ត១,៤៩០ដុល្លារ និង២,២៧០,០០០រៀល និងវត្តវិហារសំណ បច្ច័យ៣,២១០ដុល្លារ និង ៥,៧០០,០០០រៀល ទៀនព្រះវស្សា១គូរ ផ្ទិល១ប្រេង៣០លីត្រ អង្ករ៥០គីឡូក្រាម មីម៉ាម៉ា១កេសធំ ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ទឹកដោះគោ១កេស ស្ករស ២៥គីឡូក្រាម តែស្លឹក២គីឡូក្រាម ទឹកត្រី១ឡូ ទឹកស៊ីអ៊ីវ១កេស អំបិល១០គីឡូក្រាម ត្រីខ១កេស ត្រីងៀត ត្រីហើម ៥គីឡូក្រាម សាច់ក្រក ២គីឡូក្រាម នំ អេបីស៊ី ១ធុង ផ្លែឈើ ១កន្ត្រក គ្រាប់ស្វាយចន្ទី ២គីឡូក្រាម ម្ស៉ៅស៊ុប ១ដុំ និងបានចែកទៀនដល់ប្រជាពលរដ្ឋជាង ២០០នាក់ ដោយក្នុងម្នាក់ទទួលបាន សារ៉ុង ១ និងថវិកាមួយចំនួន៕