(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានប្រាប់ទៅថ្នាក់ដឹកនាំបណ្តាកងឯកភាពទ័ព ចំណុះអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទទាំងអស់ ត្រូវចាត់វិធានការភ្លាមៗ ចំពោះសកម្មភាពណាមួយដែលមានចេតនាបង្ករការចលាចលបំបែកបំបាក់ផ្ទៃងក្នុងកងទ័ពពីសំណាក់ក្រុមប្រឆាំង។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆមាសទី១ និងទិសដៅឆមាសទី២ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន។
ការប្រាប់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងបន្ទាប់ពីមានការបំផុសចលនាប្រឆាំង ញុះញង់បំបែកបំបាក់ផ្ទៃក្នុងរដ្ឋាភិបាលកម្ពុជា ជាពិសេសការញុះញង់បំបែកបំបាក់ផ្ទៃក្នុងកងទ័ពពីសំណាក់ក្រុមអ្នកប្រឆាំងមួយក្តាប់តូច តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានឱ្យដឹងថា កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ការរស់នៅជួបជុំក្រុមគ្រួសារ និងធ្វើឱ្យប្រទេសមានការអភិវឌ្ឍជឿនលឿន ដូចបច្ចុប្បន្ននេះ គឺដោយសារនយោបាយឈ្នះឈ្នះក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះសន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុត ក្នុងការការកសាង និងការអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ។
នាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ ចំនួន៣ចំណុច ប្រាប់ដល់ថ្នាក់ដឹកនាំបណ្តាលអង្គភាពទ័ពទាំងអស់មុននឹងបើកកិច្ចប្រជុំរួមមាន៖
* ទី១៖ អរគុណសន្តិភាព
* ទី២៖ អរគុណនយោបាយឈ្នះឈ្នះ
* ទី៣៖ ដឹងគុណស្ថាបនិក មគ្គទេសក៍ឆ្នើម និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកសន្តិភាពយ៉ាងពេញលេញជូនដល់ប្រទេសជាតិ។
ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានក្រើនរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំបណ្តាលអង្គភាពចំណុះអគ្គបញ្ជាការទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយផ្សេងៗ ជាយថាហេតុ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានលើកយកសភាពការណ៍ក្រៅតំបន់ និងក្នុងតំបន់ ប្រាប់ទៅដល់ថ្នាក់ដឹកនាំកងទ័ពទាំងអស់ឱ្យបានជ្រាប ព្រមទាំងក្រើនរំឮកឱ្យតាមដានព័ត៌មានទាំងនេះ ជាពិសេសពិភពលោកក្នុងបរិបទរាតត្បាតវីរុសកូវីដ-១៩ និងការប្រែប្រួលនយោបាយការទូតជាដើម៕