(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងស្ថាបនារបងថ្មជាមួយនឹងការរៀបការ៉ូឡានៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាមបណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ដោយចាប់ពីស្ថានីយ៍ប្រេងតូតាល់រហូត ដល់ស្តុបវត្តនាគវ័ន្ត។
ដើម្បីឱ្យគម្រោងនៃការរៀបចំរបងថ្ម និងរៀបការ៉ូឡានេះដំណើរការទៅបានរលូន និងទទួលបានជោគជ័យ កាលពីវេលាថ្ងៃត្រង់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែង នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សីនេះ និងបានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជុំវិញគម្រោងស្ថាបនារបងថ្មមួយនេះឡើង ដោយហេតុថា កំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើជើងដើរទេ ដូច្នេះយើងនឹងធ្វើឲ្យមានចិញ្ចើម សម្រាប់អ្នកថ្មើជើងដើរអោយបានស្អាត សមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងចុះពិនិត្យស្ថានភាពនៅពេលនោះ បងប្អូនប្រជាពលរដ្ឋក៏បានបង្ហាញ់ទឹកចិត្តស្រលាញ់ រាប់អានយ៉ាងខ្លាំងចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងបានគាំទ្រជុំវិញគម្រោង ខាងលើផងដែរ។
បើតាមការបញ្ជាក់ពីមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ដែលបានចុះទៅពិនិត្យទីតាំងខាងលើជាមួយលោកអភិបាលរាជធានី គម្រោងនៃការរៀបចំសាងសង់របងថ្ម នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រីនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងធ្វើជាពីរដំណាក់កាលដោយតំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តការដ្ឋានចេញពីតារាសាំងតូតាល់ដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រកម្ពស់ ២ម៉ែត្រ។ ដំណាក់ការទីចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។
មន្ត្រីដដែលបានបញ្ជាក់ថា ការធ្វើរបងថ្មជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ថ្មើរជើងខាងលើនេះ អភិបាលរាជធានីភ្នំពេញ ធ្វើឡើងដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញ ឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ ដូច្នេះដាច់ខាតត្រូវតែរៀបចំផ្លូវនេះ ឲ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អប្រសើរ៕