(ភ្នំពេញ)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានបង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពរបស់រដ្ឋបាល ខេត្តកំពង់ចាម ដែលសម្រេចបាននាពេលកន្លងទៅ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
*ទី១៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក បានខិតខំអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដោយរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាជនគ្រប់ទីកន្លែង និងបានចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៣។
ជាលទ្ធផលទទួលបានដោយរលូន ប្រកបដោយបរិយាកាស សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងបង្រ្កាបបានបទល្មើសដែលកើតមានក្នុងមូលដ្ឋានរបស់ខ្លួនមានដូចជា៖ បទល្មើសកើតឡើង ៦៨ករណី មានការថយចុះ២៧លើក បើប្រៀបធៀបឆ្នាំ២០១៨ កើតឡើង៩៥លើក។ ការងារបង្ក្រាបបទល្មើសគ្រឿងញៀន ឆ្នាំ២០១៩ បង្ក្រាបបាន៣០៧ករណី ឃាត់ខ្លួន៩១៥នាក់ ឆ្នាំ២០១៨ បង្ក្រាបបាន២៩៨ករណី កើនឡើង០៩ករណី។
តាមរយៈការដាក់ចេញនូវវិធានការសមស្របតាមគោលការណ៍ច្បាប់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាប បទល្មើសគ្រប់ប្រភេទ ដោយបានអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ជាលទ្ធផលក្នុងចំណោមឃុំ-សង្កាត់ទាំង១០៩ ទទួលបានចំណាត់ថ្នាក់លេខ១ ចំនួន១០៧ឃុំ-សង្កាត់ លេខ២ចំនួន១សង្កាត់ និងលេខ៣ ចំនួន១ឃុំ។ ចំពោះការអនុវត្តច្បាប់ចរាចរ ផ្លូវគោកក៏ត្រូវបានលើកកម្ពស់ និងផ្សព្វផ្សាយជាប្រចាំ។
*ទី២៖ វិស័យអប់រំសិក្សាធិការ៖ ផ្អែកតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បច្ចុប្បន្នខេត្តមានគ្រឹះស្ថានសិក្សាចំនួន ៥២៩កន្លែង អគារសិក្សាសរុបចំនួន ១,៤៧០ខ្នង ស្មើនឹង៦,៣៣៦បន្ទប់ ក្នុងនោះអគារសិក្សា ទីចាត់ការ និងអគារស្នាក់នៅដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សរុបចំនួន៣៥១ខ្នង ស្មើនឹង២,០៧៩បន្ទប់។ គ្រឹះស្ថានឧត្តមសិក្សា ចំនួន០៧កន្លែង ក្នុងនោះមានគ្រឹះស្ថានឧត្តមសិក្សារដ្ឋ ០៣កន្លែង និងឯកជន ០៤កន្លែង។
*ទី៣៖ វិស័យការងារ៖ ខេត្តកំពង់ចាម មានសហគ្រាស សរុប៤៤៨គ្រឹះស្ថាន ដែលបានស្រូបយកកម្លាំងកម្មករ និយោជិត សរុប៤២,៥២៥នាក់ ស្រីចំនួន៣៣,៣៨៨នាក់ ក្នុងនោះ រោងចក្រកាត់ដេរ និងដេរស្បែកជើង ចំនួន១៧កន្លែង (នៅស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កងមាស កំពង់សៀម និងក្រុងកំពង់ចាម) មានកម្មករ-កម្មការិនីចំនួន ៣២,៤៥៣នាក់ (ស្រី ២៩,៤០៥នាក់)។
នៅទូទាំងខេត្តមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ សរុប៨៤កន្លែង ក្នុងនោះ សាលារដ្ឋ ចំនួន០៨កន្លែង មាននិស្សិតសរុប១៥,១៤០នាក់ ស្រី៨,៤១០នាក់, សាលាឯកជន ចំនួន៧៦ន្លែង មាននិស្សិតសរុប១០,៥៣៩នាក់ ស្រី៥,៦៤២នាក់។
*ទី៤៖ វិស័យពាណិជ្ជកម្ម៖ ជាការលើកកម្ពស់ការប្រកួតប្រជែងផ្នែកទីផ្សារផលិតផល និងកសិផលក្នុងស្រុក អាជ្ញាធរ បានធ្វើការស្រាវជ្រាវរកផលិតផល សក្តានុពលក្នុងខេត្ត នៅតាមបណ្តាក្រុង-ស្រុក ក្នុងគោលបំណងជំរុញចលនាភូមិ១ ផលិតផល១ និងលើកស្ទួយផលិតខ្មែរ និងបានណែនាំអំពីតម្រូវការទីផ្សារ ហើយជួយរចនាសំបកវេចខ្ចប់ ស្លាកសញ្ញាមួយចំនួន និងគ្រប់គ្រងតំលៃទំនិញនៅលើទីផ្សារ ព្រមទាំងត្រួតពិនិត្យជាប្រចាំពីគុណភាពផលិតផល គ្រឿងឧបភោគបរិភោគជាដើម។
*ទី៥៖ វិស័យផ្លូវគមនាគមន៍៖ មានផ្លូវជាតិឆ្លងកាត់ចំនួន០៣ខ្សែ សរុបប្រវែង ១១៦.៩៧គីឡូម៉ែត្រ ក្នុងនោះ ផ្លូវជាតិលេខ៦ ចាប់ពីចំណុចព្រំប្រទល់ស្រុកមុខកំពូល ខេត្តកណ្តាល ដល់ព្រំប្រទល់ ស្រុកតាំងគោក ខេត្តកំពង់ធំ ប្រវែង ៥៦.០៨គីឡូម៉ែត្រ, ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ស្រុកជើងព្រៃ ដល់គល់ស្ពានគីហ្សូណា ប្រវែង៤៩គីឡូម៉ែត្រ, ផ្លូវជាតិលេខ៦១ ចាប់ពីព្រំប្រទល់ ស្រុកពញាឮ ខេត្តកណ្តាល ដល់ថ្នល់កែង ស្រុកបាធាយ ប្រវែង១១.៨៩គីឡូម៉ែត្រ។ ផ្លូវទឹក មានប្រវែង១៣២គីឡូម៉ែត្រ។
*ទី៦៖ ការងារកសិកម្ម និងធារាសាស្ត្រ៖ វិស័យកសិកម្មនៅតែដើរតួនាទីដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាព របស់ប្រជាជនផងដែរ ក្នុងខេត្តកំពង់ចាម មានផ្ទៃដីបម្រើឲ្យវិស័យកសិកម្មទំហំ ២៥៦,៨៦២ហិចតា មានប្រជាជនប្រមាណ៦៦ភាគរយ ប្រកបរបរកសិកម្ម និងនាំមកនូវចំណូលប្រមាណ៣៨ភាគរយ ក្នុងសេដ្ឋកិច្ចខេត្ត។
ក្នុងនេះយើងឃើញថា៖ ដំណាំស្រូវ ផ្ទៃដីបង្កបង្កើនផលស្រូវសរុប១៣៦,៤៩៨ហិចតា (ផែនការ១២៨,៥៤០ហិចតា) ក្នុងនោះ ស្រូវវស្សាអនុវត្តបាន ៩៣,៧៩២ហិចតា, ស្រូវប្រាំងអនុវត្តបាន ៤២,៧០៦ហិចតា, ទិន្នផលជាមធ្យមទទួលបាន ៣.៦៤៦ តោន/ហិចតា បរិមាណផលស្រូវសរុបទាំងវស្សា និងប្រាំងសរុប ៤៩៦,៣០០តោន, សល់ស្រូវ ១៧០,៥៧៣តោន គិតជាអង្ករ១០៩,១៦៧តោន។
ផ្ទៃដីដំណាំរួមផ្សំ និងដំណាំឧស្សហកម្ម៖ ក្រៅពីការធ្វើស្រែ ប្រជាពលរដ្ឋប្រកបរបរដាំដំណាំរួមផ្សំផ្សេងៗ បម្រើឲ្យវិស័យឧស្សាហកម្មលើផ្ទៃដីសរុប ១៣០,៥០២ហិចតា រួមមាន៖ ដំឡូងមី, ពោត, ថ្នាំជក់, បន្លែគ្រប់មុខ, ស្វាយចន្ទី និងកៅស៊ូ ដែលមានផ្ទៃដីដាំដុះ២៨,១២៧ហិចតា, ចេកអំបូងលឿង, ផ្លែទុរេន, មៀនប៉ៃលិន, មង្ឃុត។
ប្រព័ន្ធធារាសាស្ត្រទូទាំងខេត្ត សរុបចំនួន២៦១កន្លែង (ក្នុងនោះ ស្ថានីយ៍ សម្តេចតេជោហ៊ុនសែនទី១៥ នៅឃុំសំរោង ស្រុកព្រៃឈរ, ស្ថាននីយ៍សម្តេចតេជោ ហ៊ុន សែន ទី៣០ ៣១ ៣២ និង៣៣ នៅឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ និងស្ថាននីយ៍បូមទឹកក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម) អាចស្រោចស្រពដីស្រូវប្រាំង ៤៩,៩៧៦ហិចតា និងស្រូវវស្សា ៥០,២៥៦ហិចតា មានប្រវែង២៧៥.៦៥១ម៉ែត្រ និងមានព្រែក ចំនួន៣៩ព្រែក (ស្រុកស្ទឹងត្រង់ កំពង់សៀម កោះសូទិន កងមាស និងស្រុកស្រីសន្ធរ។
*ទី៧៖ វិស័យរ៉ែ និងថាមពល៖ ក្នុងខេត្តមានក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែ សំណង់ សរុបចំនួន៨៦ការដ្ឋាន បានអនុវត្តបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។ ការងារថាមពលអគ្គសនី ខេត្តកំពង់ចាមមានអនុស្ថានីយ៍អគ្គិសនី០១កន្លែង នៅឃុំក្រឡា ស្រុកកំពង់សៀម ១០០MWដែលមានក្រុមហ៊ុនផ្គត់ផ្គង់ និងសេវាករចែកចាយអគ្គិសនីមានចំនួន ៣៧ ក្រុមហ៊ុន ដែលមានដែនអាជ្ញាបណ្ណអគ្គិសនីគ្របដណ្ដប់លើភូមិចំនួន ៩១៦ភូមិ លើ៩១៦ភូមិ ស្មើនឹង១០០ភាគរយ។
*ទី៨៖ វិស័យឧស្សហកម្ម និងសិប្បកម្ម៖ ការងារឧស្សាហកម្ម និងសិប្បកម្ម ខេត្តមានរោងចក្រ និងសិប្បកម្ម ចំនួន១,៣៤២មូលដ្ឋានក្នុងនោះ រោងចក្រធុនធំ(វិនិយោគ) ចំនួន១៧មូលដ្ឋាន (រោងចក្រកាតដេរកែច្នៃជ័រកៅស៊ូ), រោងចក្រធុនតូច-មធ្យម ចំនួន ១៣៥មូលដ្ឋាន (ផលិតទឹកសុទ្ធ ម៉ាស៊ីនកិនស្រូវ កែច្នៃជ័រកៅស៊ូ) និងសិប្បកម្មមានចំនួន ១,១៩៤មូលដ្ឋាន (ការធ្វើអាជីវកម្មលក្ខណៈគ្រួសារ ផលិតដបទឹកសុទ្ធ ទឹកសុទ្ធ កាត់កញ្ចក់ ផ្សារដែក ជាដើម)។
ការងារទឹកស្អាត ខេត្តមានស្ថានីយទឹកស្អាត០១កន្លែង ជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុនដែលមានសមត្ថភាពផលិតទឹកស្អាតបាន១១,៥០០ម៉ែត្រគូប/ថ្ងៃ ដែលអាចផ្គត់ផ្គង់គ្របដណ្តប់បានចំនួន០១ក្រុង និងស្រុកកំពង់សៀម ស្មើនឹង០៨ឃុំ-សង្កាត់ មានចំនួន៧០ភូមិ និងមានប្រជាជនចំនួន ២១,០១៨គ្រួសារ ស្មើនឹងមនុស្ស ៨៧,១២០នាក់ជារួម។
*ទី៩៖ ការងារកែលម្អសោភ័ណ្ឌភាព ការគ្រប់គ្រងធនធានធម្មជាតិ និងទេសចរណ៍៖
រដ្ឋបាលខេត្ត បន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ វឌ្ឍនភាពរបស់ខេត្តកំពង់ចាម រួមមាន កសាងជួសជុល កែលម្អសោភ័ណភាព និងពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តរបស់ក្រុង-ស្រុក ជាពិសេសក្រុងកំពង់ចាម គឺជាក្រុងទទួលបានចំណាត់ថ្នាក់ផ្កា៣ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាត ដែលបានរៀបចំតុបតែងលម្អ ដោយភ្លើងពណ៌ សម្រាប់សោភ័ណពេលយប់ ជាការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ សម្រាប់ហាត់ប្រាណ និងដើរកម្សាន្តផងដែរ។
រមណីយដ្ឋាននៅក្នុងខេត្តកំពង់ចាម មានចំនួន ១២កន្លែង ខណៈរមណីយដ្ឋាន មានសក្ដានុពលទាក់ទាញទេសចរសំខាន់ៗមានចំនួន ០៦កន្លែងរួមមាន៖ ភ្នំប្រុសភ្នំស្រី នគរបាជ័យ ភ្នំហាន់ជ័យ ភ្នំជើងព្រៃ ទឹកឆា និងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន។ ជាមួយនេះ អាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងខេត្តកំពង់ចាម សរុប ៧៥៩កន្លែង ដែលក្នុងឆ្នាំ២០១៩កន្លងទៅ ចំនួនភ្ញៀវទេសចរសរុប ចំនួន៦៨២,៩៨៤នាក់ បើធៀបនឹងឆ្នាំ២០១៨ ភ្ញៀវកើនឡើង៣១ភាគរយ។
*ទី១០៖ ការពង្រឹង និងជំរុញការផ្តល់សេវាសាធារណៈ៖ រដ្ឋបាលខេត្តកំពង់ចាម បានជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលការណ៍របស់ រាជរដ្ឋាភិបាល និងកម្មវិធីកំណែទំរង់វិមជ្ឈការ និងសហវិមជ្ឈការ ដែលបានផ្ទេរមុខងារមករដ្ឋបាលថ្នាក់ក្រោមជាតិ សេវាដែលបាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត មានចំនួន១៤វិស័យ មាន៥៥៥មុខសេវា បានផ្តល់សេវាជូនប្រជាពលរដ្ឋ សរុបចំនួន ៣៧,២១២សេវា និងនៅការិយាល័យច្រកចេញចូលតែមួយរដ្ឋបាលក្រុង ស្រុក ១៤វិស័យ បានផ្តល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១២៩,៦៣៤សេវា។
*ទី១១៖ ការងារចុះបញ្ជីដីធ្លី
ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្បាលដីសរុបក្នុងទូទាំងខេត្តដែលត្រូវចុះបញ្ជីមានប្រមាណ ៩២៤,៤២១ក្បាលដី ស្មើនឹង២៧៤,៣០៧គ្រួសារ។ គិតត្រឹមបំណាច់ឆ្នាំ២០១៩ អនុវត្តបានចំនួន ៦១២,៩៦៧ក្បាលដី ស្មើនឹង ៦៦ភាគរយ នៅសល់ចំនួន ៣១១,៤៥៤ក្បាលដី ស្មើនឹង៣៤ភាគរយ នៅ០៦ស្រុក ៤១ឃុំ។ បានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានចំនួន៥៩៤,៣៥២ប័ណ្ណ ព្រមទាំងបញ្ចប់ជាស្ថាពរនូវការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្រុង-ស្រុកចំនួន០៤ គឺក្រុងកំពង់ចាម ស្រុកព្រៃឈរ ស្រុកជើងព្រៃ និងស្រុកបាធាយ។
ការងារចុះបញ្ជីដិធ្លីដាច់ដោយដុំ៖ ចុះបញ្ជីដីធ្លីលក្ខណៈដាច់ដោយដុំ បានចំនួន២៨,២៧២ប័ណ្ណ និងកំពុងបន្តចុះវាស់វែងផ្តល់ប័ណ្ណ ជូនប្រជាពលរដ្ឋយ៉ាងសកម្មស្របតាមគោលការណ៍ណែនាំ
*ទី១២៖ ការងារសុខាភិបាល៖ មន្ទីរសុខាភិបាល មានការិយាល័យចំណុះ៤, មន្ទីរពេទ្យបង្អែក៩, ស្រុកប្រតិបតិ្ត៩, មណ្ឌលសុខភាព៩១។ ចំពោះស្ថានភាពអ្នកជំងឺ កូវីដ១៩ នៅក្នុងខេត្តកំពង់ចាម មានចំនួន១៦នាក់ (ក្នុងនោះជនជាតិអង់គ្លេស ៥នាក់ ,អាមេរិក ២ នាក់ ,ម៉ាឡេស៊ី ៨ នាក់ និងខ្មែរម្នាក់) បានជាសះស្បើយទាំងអស់ ដែលការចំណាយលើការព្យាបាលអ្នកជំងឺទាំង១៦នាក់ និងការធ្វើចត្តាឡីស័កអ្នកផ្សេងៗទៀត ជាបន្ទុករបស់រាជរដ្ឋាភិបាលទាំងស្រុង៕