(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្នុងសង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង បានសំណូមពរឲ្យអាជ្ញាធរ ដាក់បង្គោលភ្លើងបំភ្លឺផ្លូវនៅពេលយប់ និងជួយរៀបចំស្តារប្រព័ន្ធលូឡើងវិញ គ្រាដែលរដូវវស្សា បានចូលមកដល់។
ការលើកឡើងរបស់ប្រជាពលរដ្ឋ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង ដែលមានការចូលរួមពី លោក សេង រតនៈ សមាជិកក្រុមប្រឹក្សារាជធានី, លោក កឹម ឈុមអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ។
ពលរដ្ឋលើកឡើងថា ដោយសារស្ថានភាពនៅពេលយប់ គ្មានភ្លើងបំភ្លឺតាមដងផ្លូវធ្វើឲ្យពិបាកក្នុងការធ្វើដំណើរ ជាពិសេសខ្លាចមានជនឆ្លៀតឱកាស មានបំណងមិនល្អ ផ្សេងបង្កអសន្តិសុខក្នុង មូលដ្ឋានជាដើម។ ពាក់ព័ន្ធនិងរដូវវស្សា ដែលឈានចូលមកដល់ឆាប់ៗខាងមុខនេះ ពលរដ្ឋបានសំណូមពរឲ្យអាជ្ញាធរ ចុះជួយស្តារប្រព័ន្ធលូ ដើម្បីជួយសំរួលជំនន់ទឹកភ្លៀងផងដែរ។
ជាការឆ្លើយតបពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រជាជនខាងលើនេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានទទួលយកសំណើមក ពិភាក្សាដោះស្រាយ ជូនប្រជាជនឲ្យខាងតែបាន ហើយលោកអភិបាលខណ្ឌ ក៏បានជំរុញដល់ចៅសង្កាត់បឹងកេងកងទី១ នូវបញ្ហាភ្លើងបំភ្លឺផ្លូវចំនួន ២៨ខ្សែ ដែលបានស្នើទៅ រដ្ឋបាលរាជធានីភ្នំពេញ ដោយដោះស្រាយទៅតាមផ្លូវ ដែលមានភាពងងឹតខ្លាំង ជាមុននិងបន្តបន្ទាប់ ក្នុងនោះកិច្ចការចំពោះមុខដែលត្រូវដោះស្រាយ លោកអភិបាលបានដាក់អំពូលវ័យឆ្លាត ជាបណ្តោះអាសន្នសិន រង់ចាំការដាក់បង្គោលភ្លើងទាំងស្រុង។
ដោយឡែកបញ្ហាលូ រួមមាន៖ ប្រឡាយទួលសែន ប្រឡាយផ្លូវ១០៥ គឺរដ្ឋបាលខណ្ឌបានដាក់គ្រឿងចក្រ តាមប្រឡាយរួចរាល់ហើយ ដើម្បីឆ្លើយតបនឹងរដូវ វស្សាខាងមុខនេះ គឺលោកអភិបាលខណ្ឌប្តេជ្ញា ចុះស្តារនៅតាមអណ្តូងលូ ក្នុងមូលដ្ឋានសង្កាត់បឹងកេងកេងទី១ មុនគេនិងចាប់ផ្តើមអនុវត្ត នៅសប្តាហ៍ក្រោយនេះ។
លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បានឡើងថ្លែងបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់មានខ្លឹមសាថា វេទិកានេះបង្កើតឡើង ដើម្បីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបញ្ចេញមតិ ពាក់ព័ន្ធការចង់បានសំណូមពរ ដើម្បីឲ្យក្រុមប្រឹក្សា និងគណៈអភិបាលដោះស្រាយ រាល់ក្តីកង្វល់របស់ប្រជាពលរដ្ឋ ៕