(បាត់ដំបង)៖ ដើម្បីឆ្លើយតបតាមតម្រូវការជាក់ស្តែង នៃការខ្វះខាតស្បៀងអាហាររបស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាល ដែលប្រទេសកម្ពុជា កំពុងតែធ្វើសង្រ្គាមត្រជាក់ គឺការប្រយុទ្ធប្រឆាំង នៃជំងឺ Covid-19 នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងជាអនុប្រធានកិត្តិយសសាខា, លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត បានសហការចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ ទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលជួបផល ប៉ះពាល់ ក្នុងពេលមានវិបត្តិជំងឺកូវីដ-១៩ ដោយផ្តោតចំពោះចាស់ជរា គ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន និងជនពិការទីទ័លក្រចំនួន ៥៥គ្រួសារ មកពីភូមិទាំង១១ក្នុងតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង នៅក្នុងបរិវេណវត្តចន្ទតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់។
ថ្លែងនាឱកាសនោះលោក ងួន រតនៈ បានពាំនាំផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរ ខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាពិសេសក្នុងពេលដែលពិភពលោក កំពុងព្រួយបារម្ភ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ សម្ដេចបានយកចិត្តទុក្ខដាក់ខ្ពស់បំផុត ចំពោះបងប្អូនប្រជាពលរដ្ឋ ងាយរងគ្រោះ នៅមូលដ្ឋាន ព្រោះឥទ្ធិលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពរបស់បងប្អូន ក្នុងការប្រកបរបរទទួលទានប្រចាំថ្ងៃ សំខាន់ គ្រួសារចាស់ជរាគ្មានទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍ និងជនពិការទីទ័លក្រ។
លោកអនុប្រធានកិត្តិយសសាខា ក៏បានបញ្ជាក់ដែរថា អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាត របស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិ កំពុងជួបនូវវិបត្តិជំងឺកូវីដ-១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ និងបានអំពាវនាវដល់បងប្អូន ត្រូវមានការប្រុងប្រយ័ត្ន និងថែទាំសុខភាពឲ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំ ដើម្បីការពារជំងឺគ្រុនឈាម ដែលកំពុងរីករាលដាល ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាកុំឲ្យមានករណីគ្រោះថ្នាក់។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធវីឃែរ ចំណុះ ២០លីត្រ១ ធុងមី២០ ត្រីខ៦ កំប៉ុង មុង១ ក្រមា១ និងថវិកាចំនួន៤០,០០០រៀល ក្នុងនោះលោក ងួន រតនៈ ឧបត្ថម្ភថវិកាបន្ថែម២០,០០០រៀលក្នុង១គ្រួសារផងដែរ។
នាឱកាសនោះដែរ លោកអនុប្រធានកិត្តិយសសាខា និងប្រតិភូអមដំណើរ ក៏បានប្រគេនបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងពុទ្ធសីមាវត្តចន្ទតាគ្រាមផងដែរ៕