(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញសេចក្ដីថ្លែងការណ៍ទាត់ចោល និងចាត់ទុករបាយការណ៍ របស់ស្ថាប័នសង្គមស៊ីវិល សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ជាការសរសេរដែលគ្មាន ការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូចកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
តាមសេចក្ដីថ្លែងការណ៍ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានរៀបរាប់យ៉ាងដូច្នេះថា «សេចក្តីថ្លែងការណ៍នេះ មានគោលបំណង ជម្រាបជូនសាធារណជន និងពន្យល់ ទៅស្ថាប័នសង្គមស៊ីវិលសហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ ដែលបានអះអាងថា ជាអ្នកការពារសិទ្ធិមនុស្ស ប៉ុន្តែជាក់ស្តែងស្ថាប័នសង្គមស៊ីវិលទាំងនេះ គឺកំពុងតែព្យាយាម បំបិទសិទ្ធិសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
ជាពិសេសសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបំភ្លៃបំភ័ន្ត ប្រជាពលរដ្ឋ ដែលកំពុងតែប្រើប្រាស់សេវាហិរញ្ញវត្ថុ ឲ្យមានការយល់ច្រឡំ និងបង្កឲ្យមានចលាចលក្នុងសង្គម ដើម្បីទទួលបាននូវផលប្រយោជន៍ពីម្ចាស់ជំនួយ និងអ្នកបង់ពន្ធទាំងអស់លើសកលលោក ដែលស្ម័គ្រចិត្តផ្តល់នូវអំណោយ។
ស្ថាប័នសង្គមស៊ីវិលទាំងនោះ តែងតែព្យាយាម ដោយចេតនាទាញយកផលប្រយោជន៍ ពីសមិទ្ធផលដែលវិស័យឯកជន បានកសាងឡើង និងចូលរួមអភិវឌ្ឍន៍យ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
តបទៅនឹងការសរសេរ ដែលមានចំណងជើងថា «ធ្វើការងាររហូតជំពាក់បំណុលវ័ណ្ឌក» របស់សហព័ន្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ «ភាពជំពាក់បំណុលច្រើនលើសលុប ក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា» គឺជាការសរសេរដែលគ្មាន ការស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈ គ្មានមូលដ្ឋានព័ត៌មានគ្រប់ជ្រុងជ្រោយ មិនបានស្វែងយល់ច្បាស់អំពីគោលការណ៍ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាគោលការណ៍ផ្ទៃក្នុងរបស់ធនាគារ និងបានធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាការសន្មតតាមចិត្ត មានចរិតញុះញង់ និងមានចេតនាបំផ្លាញ បង្ខូចកេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
ការបរិយាយគ្មានព័ត៌មានគ្រប់ជ្រុងជ្រោយ វិភាគដោយប្រយោល និងមិនស្ថិតនៅក្នុងបរិយាកាសជាក់ស្តែង មិនបានឆ្លុះបញ្ចាំងអំពីស្ថានភាព ពិតប្រាកដ នៃព្រះរាជាណាចក្រកម្ពុជានោះទេ។ ការសរសេរនេះទៀតសោត តែងតែព្យាយាមកំណត់ខ្លួនឯងថា មានតម្លាភាព គណនេយ្យភាព ប៉ុន្តែអង្គការទាំងនេះ មិនដែលបាន សាកសួរព័ត៌មាន ឬការពិភាក្សាណាមួយពីស្ថាប័នសាមី ដោយសរសេរផ្ទុយពីការពិត ការបរិយាយលើទិន្នន័យមិនពិតប្រាកដ ដោយគ្មានបង្ហាញនូវសមតិកម្ម ឲ្យបានជាក់លាក់ តាមបែបវិទ្យាសាស្រ្ត ហើយតែងតែជំរុញឲ្យមានការបាត់បង់នូវជំនឿទុកចិត្តពីអតិថិជន និងដៃគូវិនិយោគរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
តាមរយៈការបោះពុម្ពផ្សាយ របស់ធនាគារពិភពលោក ជាច្រើនរហូតដល់ឆ្នាំ២០១៩ ជាងពីរទសវត្សរ៍មកនេះ ប្រទេសកម្ពុជា ជាប្រទេសមានការអភិវឌ្ឍន៍កម្រិតខ្ពស់ ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល បានផ្តល់នូវឱកាសយ៉ាងទូលំទូលាយ ដល់សហគ្រាសគ្រប់វិស័យ ជាពិសេសឱកាសការងារ យ៉ាងសម្បូរបែប ទាំងក្នុងស្រុក រួមទាំងការងារនៅក្រៅប្រទេសសម្រាប់ប្រជាពលរដ្ឋជ្រើសរើស មិនមែនជាការចំណាកស្រុកដូចបានលើកឡើងនោះទេ។
ធនាគារ អេស៊ីលីដា បញ្ជាក់ថា ខ្លួនក៏ដូចជាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានអាជ្ញាបណ្ណ ស្ថិតនៅក្រោមច្បាប់ ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ច្បាប់ពាក់ព័ន្ធផ្សេងៗ រួមទាំងការអនុវត្តនូវគោលការណ៍អន្តរជាតិមួយចំនួនទៀត ដែលគ្មានការអនុវត្តណាមួយ ដែលធ្វើឡើងដោយហេតុផលផ្សេងៗផ្ទុយនឹងច្បាប់នោះទេ។
ស្ថាប័នដែលបានអះអាងថា ជាស្ថាប័នការពារសិទ្ធិមនុស្ស និងជំនួយផ្នែកច្បាប់ គួរតែស្វែងយល់ឲ្យបានច្រើនជាងនេះ ព្រោះថាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអនុលោម តាមច្បាប់ និងគោលការណ៍ច្បាស់លាស់ ដើម្បីការពារសិទ្ធិរបស់អតិថិជន គិតពីប្រសិទ្ធផល ប្រសិទ្ធភាព ការរីកចម្រើនជាមួយអតិថិជនរយៈពេលវែង។
ជាងនេះទៀត ការិយាល័យឥណទានកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទិន្នន័យយ៉ាងច្បាស់លាស់ អំពីកម្រិតបំណុលរបស់អតិថិជនម្នាក់ៗ។ ការផ្តល់សេវាប្រាក់កម្ចី មិនមែនក្នុងគោលដៅសម្រាប់រឹបអូសទ្រព្យសម្បតិ្តរបស់អតិថិជននោះទេ។
ដើម្បីសម្រាលបន្ទុកដល់ម្ចាស់អាជីវកម្ម ដែលរងផលប៉ះពាល់នៃវីរុសកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសធនាគារជាតិនៃកម្ពុជា បានគិតគូររួចហើយ ក្នុងគោលដៅការពារគ្រប់ភាគីពាក់ព័ន្ធ ដោយបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីសម្រួល និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ។
គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានចូលរួមអនុវត្តយ៉ាងពេញលេញ និងតែងតែយកចិត្តទុកដាក់ ចំពោះអតិថិជនរបស់ខ្លួនជានិច្ច។ ស្ថាប័នដែលបរិយាយមិនច្បាស់ទាំងនេះ គប្បីបញ្ឈប់រាល់ទង្វើដែលធ្វើឲ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។
ទន្ទឹមគ្នានេះដែរ ធនាគារ អេស៊ីលីដា សូមអំពាវនាវ ដល់អាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការច្បាប់ចំពោះជន ឬក្រុមទាំងឡាយណា ដែលញុះញង់ធ្វើឲ្យរង្គោះរង្គើ ជំរុញឲ្យមានផលប៉ះពាល់ ដល់ស្ថិរភាពសេដ្ឋកិច្ចជាតិ ធ្វើឲ្យបាត់បង់នូវជំនឿទុកចិត្ត សុវត្ថិភាពដល់អ្នកដាក់ប្រាក់បញ្ញើ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូល៕