(ភ្នំពេញ)៖ វិទ្យាស្ថានការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិកម្ពុជា និងមូលនិធិអាស៉ី បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការ និងកសាងសមត្ថភាពលើជំនាញការទូត និងទំនាក់ទំនងអន្តរជាតិ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។
កម្មវិធីចុះ MOU បានធ្វើឡើងក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស សំដៅពង្រឹង លើកកម្ពស់ និងបង្កើតកិច្ចសហប្រតិបត្តិការ ក្នុងវិស័យទំនាក់ទំនងអន្តរជាតិ និងការទូត ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អន្តរជាតិ។
សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់ស្ថាប័នទាំងពីរ បានឲ្យដឹងថា ក្នុងរយៈពេល ៣ឆ្នាំខាងមុខ វិទ្យាស្ថានការទូត និងមូលនិធិអាស៉ី នឹងធ្វើការរួមគ្នា ដើម្បីគាំទ្រដល់ការចូលរួមរបស់មន្ត្រីក្រសួងវ័យក្មេង ក្នុងកម្មវិធីអ្នកការទូតអាស៉ីវ័យក្មេង នៅសហរដ្ឋអាមេរិក និងការរៀបចំកម្មវិធីផ្លាស់ប្តូរ និងកម្មវិធីទស្សនកិច្ចសិក្សា ជាមួយសិក្ខាកាមផ្សេងទៀត នៃកម្មវិធីនេះ។ កម្មវិធីអ្នកការទូតអាស៉ីវ័យក្មេង គាំទ្រដល់ការអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំរបស់អ្នកជំនាន់ក្រោយនៅអាស៉ី ដែលនៅជួរមុខក្នុងការផ្លាស់ប្តូរតំបន់អាស៉ី និងការលើកកម្ពស់ទស្សនវែងឆ្ងាយ សម្រាប់កិច្ចសហប្រតិបត្តិការពហុភាគី ក្នុងការដោះស្រាយបញ្ហានានានៅក្នុងតំបន់ផងដែរ។
កិច្ចសហប្រតិបត្តិការនេះ ក៏នឹងបង្កើតបណ្ណាល័យសាធារណៈ និងគាំទ្រដល់វិទ្យាស្ថាន ក្នុងការប្រែក្លាយបណ្ណាល័យនេះ ឲ្យទៅជាធនធានឯកទេសទំនាក់ទំនងអន្តរជាតិសម្រាប់កម្ពុជា សហការរៀបចំបាឋកថាសាធារណៈរួមគ្នា ចូលរួម និងគាំទ្រដល់ការស្រាវជ្រាវ និងរៀបចំគោលនយោបាយលើវិស័យទំនាក់ទំនងអន្តរជាតិ និង/ឬការអភិវឌ្ឍសមត្ថភាព ព្រមទាំងរៀបចំសិក្ខាសាលា និងសន្និសីទពាក់ព័ន្ធនានា។
ស្ថាប័នទាំងពីរ សង្ឃឹមថា MOU នេះ នឹងធ្វើឲ្យពួកគេ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ ជាមួយបណ្តាប្រទេសនានាទៀតផង។
សូមបញ្ជាក់ថា មុននឹងឈានដល់ការចុះ MOU នេះ ក្រសួងការបរទេសកម្ពុជា និងមូលនិធីអាស៉ី មានទំនាក់ទំនងគ្នាជាច្រើនឆ្នាំមកហើយ។ ចាប់តាំងពីឆ្នាំ១៩៩៣ ភាគីទាំងពីរ បានធ្វើការរួមគ្នា ដើម្បីផ្តល់ការគាំទ្រដល់មន្ត្រីក្រសួងការបរទេស តាមរយៈកម្មវិធីផ្លាស់ប្តូរ ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលផងដែរ៕