(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសារាចរណែនាំថ្មីមួយ ស្ដីពីការបង្កើនយុទ្ធនាការជំរុញផលិតកម្មកសិកម្ម នៅកម្ពុជា។
សារាចរណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ ក្រសួងកសិកម្មបានបញ្ជាក់ថា បច្ចុប្បន្ននេះជំងឺកូវីដ-១៩ បាននិងកំពុងបន្តរីករាលដាល នៅទូទាំងសកលលោក និងបានធ្វើឱ្យមានផលប៉ះពាល់ ជាអវិជ្ជមានដល់សេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ សេដ្ឋកិច្ចកម្ពុជាក៏នឹងមានផលប៉ះពាល់ពីវិបត្តិនៃជំងឺនេះ ដែលតាមការប៉ាន់ស្មានជាបឋម គឺកំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់ចុះជាអវិជ្ជមានប្រមាណ ១,៩% នៅឆ្នាំ២០២០នេះ។
ក្រសួងកសិកម្មបានឲ្យដឹងទៀតថា ជាមួយនឹងការខិតខំស្តារឡើងវិញ នូវវិស័យបម្រើឱ្យសេដ្ឋកិច្ចពីរផ្សេងទៀត វិស័យកសិកម្មពិត ជាត្រូវឈរនៅក្នុងអាទិភាពមួយខ្ពស់ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ពិសេសពាក់ព័ន្ធនឹងការបង្កើនផលិតកម្មស្បៀង អាហារ អង្ករ ត្រី សាច់ ឱ្យបានគ្រប់គ្រាន់ និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
ក្រសួងបន្តថា ផ្អែកលើកត្តាសត្យានុម័ត និងអត្តនោម័តិជាទឡឺករណ៍ និងអនុវត្តតាមអនុសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើវិធានការត្រៀមបម្រុងស្បៀងអាហារ សម្រាប់ប្រជាពលរដ្ឋ ក្នុងស្ថានភាពដែលមានផលប៉ះពាល់ជា សកលបង្កដោយជំងឺកូវីដ-១៩ ក៏ដូចជាការជំរុញអនុវត្តនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានខ្លាំងក្លា និងមានប្រសិទ្ធភាពខ្ពស់បន្ថែម លើសេចក្ដីណែនាំដែលបានដាក់ចេញជាបន្តបន្ទាប់នោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមធ្វើការណែនាំ ដល់លោក លោកស្រី ជានាយកកម្មវិធី ឬគម្រោងអភិវឌ្ឍន៍នានាប្រធានអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួង និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ឱ្យអនុវត្តជាបន្ទាន់នូវវិធានការ ចាំបាច់មួយចំនួនបន្ថែមទៀតដូចខាងក្រោម៖
១៖ រៀបចំធ្វើយុទ្ធនាការជាទ្រង់ទ្រាយធំ ប្រកបដោយប្រសិទ្ធភាព ក្នុងការបំផុសប្រជាកសិករ នៅតាមមូលដ្ឋាន ដែលមានសក្តានុពលផលិតកម្មកសិកម្ម ឱ្យធ្វើការដាំដុះដំណាំស្បៀង ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ស្របតាមវិធាន បច្ចេកទេសកសិកម្មទំនើប។ ជាមួយគ្នានេះ ត្រូវបង្កើនសន្ទុះនៃការអនុវត្តផែនការ សកម្មភាពចាំបាច់ក្នុងស្ថានភាព បន្ទាន់ជាការឆ្លើយតប ដើម្បីបង្កើនផលិតកម្មស្បៀងប្រកប ដោយគុណភាពនិងសុវត្ថិភាព សំដៅរួមចំណែកបង្កើននូវ ឱកាសការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាពលករដែលទើបតែត្រឡប់ពីបរទេសវិញ។ ក្នុងន័យនេះ ត្រូវបង្កើនសកម្មភាពឆ្លើយតបបន្ទាន់ ក្នុងគម្រោងដែលកំពុងអនុវត្ត ដើម្បីដោះស្រាយបញ្ហាទឹកដោយការ ប្រើប្រព័ន្ធសន្សំសំចៃទឹក ការជួយជីកនិងស្តារស្រះត្រពាំង និងអណ្ដូងជាដើម ការអប់រំបណ្ដុះបណ្ដាលកសិករ ណែនាំផ្សព្វផ្សាយអំពីបច្ចេកទេស ការអនុវត្តកសិកម្មល្អ និងការធ្វើហិរញ្ញប្បទាន ដល់ប្រជាកសិករតាមគ្រប់រូបភាព សំដៅដល់ការបង្កើតកសិដ្ឋានថ្មីៗ ព្រមទាំងគាំទ្រ និងពង្រីកទំហំផលិតកម្មស្បៀងដែលឆាប់ផ្តល់ផល។ល។
២៖ ត្រូវសិក្សាកំណត់តំបន់ ដែលមានលក្ខណៈសមស្រប ពោលគឺដីមានជីជាតិ និងមានប្រភពទឹកនៅតាមដង ទន្លេ និងដីកោះ ដើម្បីជំរុញផលិតកម្មបន្លែសុវត្ថិភាពឱ្យបានច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងជំនួសការនាំចូល ពីប្រទេសជិតខាង ព្រមទាំងជំរុញការផលិតគ្រាប់ពូជស្រូវ បន្លែ និងដំណាំរួមផ្សំឱ្យបានគ្រប់គ្រាន់ និងមានគុណភាព ល្អនៅក្នុងក្របខ័ណ្ឌប្រព័ន្ធស្បៀងបម្រុងកម្ពុជា។
៣៖ ជំរុញការចិញ្ចឹមសត្វ ធានាការផ្គត់ផ្គង់សាច់ និងផលិតផលសត្វ សម្រាប់បំពេញតម្រូវការហូបចុករបស់ ប្រជាពលរដ្ឋ ដោយត្រូវរៀបចំយុទ្ធនាការបំផុសដល់ប្រជាកសិករដែលចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ឱ្យបង្កើនការចិញ្ចឹមសត្វដែលមានវដ្តផលិតកម្មខ្លី និងដោះស្រាយបានទាន់ពេលវេលាបញ្ហាសន្តិសុខស្បៀង។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ចុះពិនិត្យជាក់ស្តែងដល់ទីតាំងផលិតកម្មសត្វ ទាំងកសិដ្ឋាន កសិករ និងក្រុមហ៊ុនឯកជន ដោយត្រូវជំរុញឱ្យមាន ការចិញ្ចឹមសត្វក្នុងទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីធានាឱ្យបានតម្រូវការផ្គត់ផ្គង់សាច់ក្នុងប្រទេស។
៤៖ ដើម្បីធានាបាននូវការផ្គត់ផ្គង់ត្រី សម្រាប់ប្រើប្រាស់ក្នុងស្រុក រក្សាបានតុល្យភាពតម្លៃទីផ្សារ ដែលរួមចំណែក ធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ ដល់ប្រជាពលរដ្ឋ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ត្រូវចុះជំរុញការអភិវឌ្ឍវារីវប្បកម្ម តាមគ្រប់រូបភាពដល់ប្រជាកសិករ និងអ្នកវិនិយោគផ្នែកនេះ និងត្រូវ ខិតខំសហការជាមួយដៃគូអភិវឌ្ឍន៍ តាមរយៈថវិកាគម្រោងនានា បង្កើននូវជំនួយបច្ចេកទេស និងលើកទឹកចិត្តដល់ ការចិញ្ចឹមត្រីដែលមានវដ្តផលិតកម្មខ្លី ដូចជាការចិញ្ចឹមត្រីអណ្ដែង ត្រីក្រាញ់ និងកង្កែបនៅក្នុងតង់ផ្លាស្ទិក ដែលមិន ប្រើទុនវិនិយោគច្រើន ទីតាំងធំ និងទឹកច្រើន តែផ្តល់នូវផលល្អនិងឆាប់រហ័ស។
៥៖ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ត្រូវសម្របសម្រួលជាមួយអង្គភាពជំនាញពាក់ព័ន្ធ ប្រមូល និងផលិតនូវឯកសារបច្ចេកទេសកសិកម្ម និងត្រូវធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមប្រព័ន្ធឌីជីថល និងវេបសាយរបស់ក្រសួង(www.maff.gov.kh) រាល់ឯកសារ បច្ចេកទេសកសិកម្មដែលបានផលិត ឱ្យបានដល់ប្រជាកសិករ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់។
៦៖ គ្រប់អង្គភាពជំនាញ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ត្រូវប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពខ្ពស់នូវធនធានដែលទទួលបានពីរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ក្នុងការបង្កើនយុទ្ធនាការជំរុញ ផលិតកម្មដំណាំ ការចិញ្ចឹមសត្វ និងវារីវប្បកម្មនេះ។ ជាមួយគ្នានេះ ត្រូវពិនិត្យខ្ទង់ថវិកាដែលត្រូវយកមកអនុវត្តសកម្មភាព ឆ្លើយតបជាបន្ទាន់ ពន្លឿនការអនុវត្តកម្មវិធី គម្រោងអភិវឌ្ឍន៍ និងសកម្មភាពទូទាត់ថវិកាឱ្យបានទាន់ពេលវេលា ព្រមទាំង ធ្វើការវិភាជន៍ថវិកាឱ្យចំគោលដៅ ដើម្បីមានលទ្ធភាពពេញលេញក្នុងការអនុវត្តការងារដែលកំពុងតែចាំបាច់ និងត្រូវ ជំរុញដល់អង្គភាព និងភាគីពាក់ព័ន្ធដែលបានទទួលហិរញ្ញប្បទាន ពីគម្រោងឱ្យមានវិធានការផ្សព្វផ្សាយ បង្កើតបណ្ដុ អាជីវកម្មកសិកម្ម និងពង្រីកទីផ្សារលក់ផលិតផល ឱ្យកាន់តែមានភាពសកម្ម និងខ្លាំងក្លាជាងមុន។ បន្ថែមលើសពីនេះ ត្រូវរៀបចំកសាងគម្រោងផែនការសកម្មភាពជាក់លាក់ ដែលត្រូវអនុវត្តនាពេលខាងមុខ ស្របតាមតម្រូវការ និងភាព ចាំបាច់ ដើម្បីស្នើសុំការគាំទ្រធនធានថវិកា ពីរាជរដ្ឋាភិបាលសម្រាប់អនុវត្តបន្ត៕